- 2018-09-26 03:55:20
- ការអប់រំ
ក្រសួងអប់រំ ឆ្លើយតបហើយ រឿងសញ្ញាបត្របាក់ឌុបចេញឈ្មោះអ្នកនេះ ដាក់រូបអ្នកនោះ
- 2018-09-26 03:55:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ ឆ្លើយតបហើយ រឿងសញ្ញាបត្របាក់ឌុបចេញឈ្មោះអ្នកនេះ ដាក់រូបអ្នកនោះ
ចន្លោះមិនឃើញ
ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឲ្យបេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ទៅដកវិញ្ញាបនបត្របណ្ដោះអាសន្ននៅតាមវិទ្យាល័យរៀងៗខ្លួន។ រហូតមកដល់ពេលនេះ ស្រាប់តែធ្លាយព័ត៌មានថា វិញ្ញាបនបត្របេក្ខជនមួយចំនួនចេញឈ្មោះផ្សេង ដាក់រូបផ្សឹង ភេទស្រី ចេញភេទប្រុស និងខ្លះទៀតមានតែហត្ថលេខាតែពុំមានបោះត្រា។
បន្ថែមលើពីនេះទៀត ម្ចាស់គណនីហ្វេសប៊ុកម្នាក់ មានឈ្មោះថា Pov Natha អះអាងថាសញ្ញាបត្របណ្ដោះអាសន្នរបស់ខ្លួន ដាក់រូបអ្នកផ្សេង និងភេទប្រុសទៅវិញ ពេលដែលសុំឲ្យកែតម្រូវថែមទាំងតម្រូវឲ្យមានការបង់ប្រាក់ចំនួន១០ដុល្លារទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានប្រាប់ Sabay ថាចំពោះការដកវិញ្ញាបនបត្របណ្ដោះអាសន្ន ជាគោលការណ៍របស់ក្រសួង គឺពុំមានតម្រូវឲ្យសិស្សបង់ប្រាក់ឡើយ។ ចំពោះការសុំកែតម្រូវវិញ ក៏ពុំមានតម្រូវឲ្យបង់ប្រាក់ដូចគ្នា។ ចំពោះបញ្ហាខុសប្រក្រតីនៅលើវិញ្ញាបនបត្របណ្ដោះអាសន្ន ដូចជាករណីដាក់រូបខុសម្ចាស់ ខុសភេទ ពុំមានបោះត្រាជាដើមនោះ គឺក្រុមការងារបច្ចេកទេស កំពុងត្រួតពិនិត្យទៅលើបញ្ហានេះហើយ ដើម្បីរកឲ្យឃើញថា ពិតជាមានរឿងទាំងនេះកើតឡើងពិតមែនឬយ៉ាងណា?
អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមទៀតថា ចំពោះករណីសាលាណាដែលទារលុយពីសិស្ស ក្នុងករណីដូចរៀបរាប់ខាងលើនេះ គឺក្រសួងតម្រូវឲ្យបេក្ខជនដាក់ពាក្យបណ្ដឹងមកកាន់នាយកដ្ឋានរដ្ឋបាល នៃទីស្ដីការក្រសួងអប់រំ ដោយមានភ្ជាប់ជាមួយភស្តុតាង ដើម្បីដាក់ទម្ងន់លើបញ្ហាដែលបានកើតឡើង និងបញ្ជាក់ឲ្យបានច្បាស់លាស់។ ចំពោះការសុំកែតម្រូវ ក្នុងករណីវិញ្ញាបនបត្រមានភាពមិនប្រក្រតី ក៏បេក្ខជន អាចដាក់ពាក្យស្នើសុំមកកាន់នាយកដ្ឋានរដ្ឋបាលបានដូចគ្នា។
ឯកឧត្ដម រស់ សុវាចា បញ្ជាក់ថា ពេលនេះនៅទីស្ដីការក្រសួងបានដាក់ស្លាកកំពុងជួសជុល តែចំពោះនាយកដ្ឋានរដ្ឋបាល គឺនៅបើកដំណើរការធម្មតា។ ចំពោះនីតិវិធីក្នុងការដោះស្រាយបែបណា បុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល នឹងបញ្ជាក់ជូនដល់សិស្សានុសិស្សហើយ។ ដូច្នេះសូមកុំមានការព្រួយបារម្ភ។
សូមបញ្ជាក់ថា ទីស្នាក់ការក្រសួងអប់រំ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្បែរវិទ្យាល័យចតុមុខ៕