• 2018-09-29 04:00:00
  • ការអប់រំ

សំណាងមែន! សិស្សឆ្នើម ថន រតនា នឹងទៅរៀនអត់អស់លុយ ៥ឆ្នាំ ក្នុងប្រទេសមហាអំណាចធំ១

  • 2018-09-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត សិស្ស​ឆ្នើម​និទ្ទេស A លំដាប់​ពិន្ទុ ១០០​ពេញ កញ្ញា ថន រតនា នឹង​ទៅ​រៀន​​សកលវិទ្យាល័យ​លំដាប់​លេខ១ នៅ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទំព័រ​​ហ្វេសប៊ុក​ផ្លូវការ ក្រុមហ៊ុន Ni Hao China Education Consulting Co.,Ltd ដែល​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០%។

ទំព័រ​ដដែល​បាន​សរសេរ​ថា កញ្ញា ថន រតនា សិស្ស​ឆ្នើម​និទ្ទេសA លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ ឆ្នាំ​២០១៨​នេះ នឹង​ទៅ​ត្រៀម​ទៅ​រៀន មុខវិជ្ជា​ពេទ្យ​ ថ្នាក់​អាហារូបករណ៍​ ១០០% នៅ​សកលវិទ្យាល័យ​លំដាប់​លេខ​មួយ​ និងមានប្រវត្តិចំណាស់បំផុត នៅ​ប្រទេស​ចិន​ ដែល​មាន​ឈ្មោះ​ថា សកលវិទ្យាល័យ ប៉េកាំង (Peking University)។ បើ​តាម​គេហទំព័រ wikipedia បញ្ជាក់​ថា សកលវិទ្យាល័យ​នេះ​បាន បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៨៩៨។

បរិវេណ សកលវិទ្យាល័យ (រូបថត wikipedia)

អាហារូបករណ៍​ដែល​នឹង​ផ្ដល់​អោយ​នេះ ​ជា​ប្រភេទ​អាហារូបករណ៍​ពេញ​មួយ​ចប់​កម្មវិធី​សិក្សា​រយៈ​ពេល​៥ឆ្នាំ។ សម្រាប់​សិស្ស​ឆ្នើម​កម្ពុជា នឹង​ផ្ដល់​ឲ្យ រួម​មាន​ថ្លៃ​សិក្សា ថ្លៃ​ស្នាក់នៅ និង​ប្រាក់ប្រចាំ​ខែ​ ចំនួន​ ២៥០០យ័ន ប្រហែល ៤០០ដុល្លាសហរដ្ឋអាមេរិក។ លើស​ពី​នេះ​គឺ ក្រុមហ៊ុន​នឹង​ធានារ៉ាប់រង​លើ​សំបុត្រ​យន្តហោះ​របស់​កញ្ញា ថន រតនា ផង​ដែរ។

រូបថត ពី ក្រុមហ៊ុន Ni Hao China Education Consulting Co.,Ltd

លោក ឌី ចាន់នី អគ្គនាយករង​ ក្រុមហ៊ុន Ni Hao China Education Consulting Co.,Ltd បាន​ប្រាប់ Sabay កាល​ពី​ពេល​កន្លង​ទៅ ​ថា ក្រុមហ៊ុន​នេះ ពិត​ជា​ចង់​ជួយ​ដល់​សិស្ស​ពូកែ​និទ្ទេស A មាន​ឆន្ទៈ​សិក្សា ហើយ​មក​ពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ និងគ្មាន​លទ្ធភាព​រៀន​បន្ត​ ឲ្យ​ទៅ​រៀន​នៅ​សាលា​ល្បី​ លំដាប់​ខ្ពស់ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សរុប ៥កន្លែង តាម​អាហារូបករណ៍​ ១០០%។

(រូបថត wikipedia)

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អាហារូបករណ៍​ពេញ​ថ្លៃ​នេះ នៅ​សល់ ៣ កន្លែង​ទៀត ដើម្បី​ទៅ​រៀន​តាម​សកលវិទ្យាល័យ​លំដាប់​កំពូលទាំង១០ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កំពុង​រង់ចាំ​សិស្ស​ឆ្នើម​កម្ពុជា​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​ក្រុម​ហ៊ុន​បាន​កំណត់។

គួរ​រំលឹក​បន្ថែម​ថា លក្ខណៈ​ពិសេស​អាហារូបករណ៍​នេះ​ទៅ​រៀន​នៅ​ប្រទេស​ចិន គឺ មាន​៣​ចំណុច

១. និស្សិត​នឹង​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​សិក្សា​អ្វី​ទាំង​អស់​ សម្រាប់​​មួយ​ចប់​កម្មវិធី​

២. កន្លែង​ស្នាក់​នៅ​ជា​បន្ទុក​របស់​អ្នក​ផ្ដល់

៣. និស្សិត​នឹង​ទទួល​ប្រាក់​ខែ​ ឧបត្ថម្ភ​ប្រចាំ​ខែ ចំនួន​២៥០០យ័ន ប្រហែល ៤០០ដុល្លា​ សហរដ្ឋអាមេរិក

ប្រសិន​បើ​សិស្ស​និទ្ទេស A ដែល​ចាប់​អារម្មណ៍ សូម​រួសរាន់​ទាក់​ទង​ទៅ​លោក លោក ឌី ចាន់នី តាម​លេខ ០៨១ ៨២ ៧២ ៩២ / ០៩២ ៨២ ៧២ ៩២

អត្ថបទ៖ ពៅ រក្សា

មតិយោបល់