- 2018-12-29 04:30:00
- ព័ត៌មាន
កុំឲ្យដដែលៗ ៣តំបន់នៅសៀមរាប ព្រះវិហារ ចោលទុក្ខអស់តាមធម្មជាតិ ឆ្លងឆ្នាំថ្មីដោយចិត្តស្ងប់
- 2018-12-29 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យដដែលៗ ៣តំបន់នៅសៀមរាប ព្រះវិហារ ចោលទុក្ខអស់តាមធម្មជាតិ ឆ្លងឆ្នាំថ្មីដោយចិត្តស្ងប់
ចន្លោះមិនឃើញ
ក្នុងឱកាសឆ្លងឆ្នាំខាងមុខនេះ ប្រសិនបើលោកអ្នកដែលចូលចិត្តការកម្សាន្តបែបធម្មជាតិ គេចចេញពីជីវិតបែបទីក្រុង មានមនុស្សកុះករមួយរយៈនោះ លោកអ្នក អាចសាកទៅលេងខេត្តសៀមរាប និងព្រះវិហារ។ បើនិយាយពីខេត្តពីរនេះ តាមពិតទៅមិនមែនមានតែតំបន់ទេសចរណ៍តាមប្រាសាទបុរាណទេ គឺមានកន្លែងបែបធម្មជាតិ និងតំបន់បែបសម្រាកដ៏ស្ងប់ស្ងាត់ ដែលអាចឲ្យលោកអ្នកលម្ហែអារម្មណ៍ ដោយការងូតទឹកលេង ចូលព្រៃ ឬមើលជម្រកសត្វព្រៃជាដើម។
១. រមណីយដ្ឋានចំបក់ហោះ
តំបន់ទេសចរណ៍នេះ មានទីតាំងស្ថិតនៅក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ ចំបក់ហោះ មានចម្ងាយប្រមាណ ៧៦គីឡូម៉ែត្រ បើធ្វើដំណើរពីទីរួមខេត្តព្រះវិហារ ។
រមណីយដ្ឋានធម្មជាតិនេះ ស្ថិតនៅក្នុងព្រៃដ៏ស្រស់ស្អាត នៃសមាគមទេសចរណ៍ ហើយវាក៏មានកន្លែងកម្សាន្តអាចរំសាយទុក្ខកង្វល់ ចាកចេញពីភាពស៊ីវិល័យនៃជីវិតបែបទីក្រុង។ អ្នកទេសចរណ៍ អាចដើរលេងក្នុងព្រៃឈើសហគមន៍ ឬលេងល្បែងកម្សាន្តនានាដូចជា ជិះទោងហោះ ផ្ទះសំណាក់លើដើមឈើ ទស្សនាសត្វព្រៃ និង ដើមឈើធំៗ។ រមណីយដ្ឋានចំបក់ហោះ គ្របដណ្ដប់លើផ្ទៃដីទំហំ ១ ៥៨៥ ហិកតា។ តំបន់នេះ មានចម្ងាយពីរាជធានី ភ្នំពេញ ប្រមាណ ៣២០គីឡូម៉ែត្រ។
២. ទំនប់ម្កាក់
ទំនប់ម្កាក់នៅខេត្តសៀមរាប បានក្លាយជាកន្លែងលេងកម្សាន្តដ៏សប្បាយរីករាយ កំពុងទាក់ទាញភ្ញៀវទេសចរឆ្ងាយជិត ទៅងូតលេងកម្សាន្តរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ទំនប់ម្កាក់មានទីតាំងស្ថិតក្នុងភូមិទំនប់ម្កាក់ ឃុំគោកធ្លកលើស្រុកជីក្រែងខេត្តសៀមរាបចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦។
ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ អាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ គយគន់ទេសភាពដ៏ស្រស់បំព្រង ងូតទឹកលេងកម្សាន្ត ជាពិសេសនោះបានឃើញសកម្មភាពនេសាទដ៏មមាញឹកកម្រនឹងបានឃើញទៀតផង។ ក្រៅពីនេះភ្ញៀវទេសចរនឹងបានភ្លក្សនូវរសជាតិម្ហូបអាហារដ៏សម្បូរបែប ដែលមានក្យូសតម្រាបគ្នាជាហូរហែនៅប្របមាត់ទឹក។ អាហារជាច្រើនមុខមានដូចជា៖ មាត់ដុត ត្រីអាំង កង្កែបបោក សម្លបែបស្រុកស្រែគ្រប់មុខ មានផ្ដល់យ៉ាងពិសេសក្នុងតម្លៃសមរម្យ។
៣. វត្តស្វាយរមៀត
វត្តស្វាយរមៀតដែលជាវត្តបុរាណមួយ ក្នុងចំណោមវត្តបុរាណជាច្រើននៅក្នុងខេត្តសៀមរាប គឺឃើញថា មានភ្ញៀវទេសចរចូលមកទស្សនាច្រើនគួរសម ហើយវត្តនេះកំពុងក្លាយជាគោលដៅទេសចរណ៍ថ្មី សម្រាប់ភ្ញៀវដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនា។ វត្តស្វាយរមៀតមានសក្ដានុពលទេសចរណ៍ស្រាប់ផងនោះ បានធ្វើឱ្យអ្នកទេសចរមកទស្សនានៅវត្តនេះ មិនដែលដាច់គឺក្នុង១ខែៗមានភ្ញៀវទេសចរបរទេសប្រមាណជា១៥០ ទៅ២០០នាក់បានចូលមកទស្សនានៅក្នុងទីវត្តអារាមនេះ។