- 2019-01-03 02:23:20
- ការអប់រំ
វត្តអារាម នៅតែជាទីផ្តល់ចំណេះដឹងដល់កូនចៅអ្នកស្រុក
- 2019-01-03 02:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តអារាម នៅតែជាទីផ្តល់ចំណេះដឹងដល់កូនចៅអ្នកស្រុក
ចន្លោះមិនឃើញ
និន្នាការនៃការបណ្ដុះបណ្ដាលភាសាអង់គ្លេសបច្ចុប្បន្នមានស្ទើរគ្រប់ទីកន្ឡែង មិនថានៅទីជនបទដាច់ស្រយាលនោះទេ ដោយមាននោះមានទាំងថ្នាក់សិក្សារបស់សាលាឯកជននិងថ្នាក់សិក្សាមិនគិតថ្លៃសម្រាប់ក្មេងៗមកពីគ្រួសារពុំសូវមានជីវភាពធូរធារ។
កូនប្រុសស្រីរបស់កសិករនៅស្រុកទ្រាំង ក្នុងខេត្តតាកែវ រាប់សិបនាក់កំពុងបានទទួលការបណ្តុះបណ្តាលភាសាអង់គ្លេសនេះនៅទីវត្តអារាមមួយ ដោយមានព្រះគ្រូចៅអធិការវត្ត និងសប្បុរសជបមួយចំនួនជាអ្នកផ្គត់ផ្គងលើការសិក្សានេះ។
មិនមែនអ្វីប្លែក ឬថ្មីទេសម្រាប់សង្គមខ្មែរ ដែលវត្តអារាមបានដើរតួរនាទីក្នុងការបណ្តុះបណ្តាល អប់រំ កូនចៅប្រជាពលរដ្ឋនោះ។ តាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្ន ទម្លាប់បែបនេះនៅតែឃើញមាននៅឡើយ។
នៅជាន់ខាងលើនៃអគារសិក្សាមួយក្នុងវត្តច្រេស ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ មានផ្ទុកទៅដោយសិស្សតូចៗប្រមាណជា៥០នាក់ រួមជាមួយព្រះសង្ឃជិត១០អង្គផងកំពុងអង្គុយសិក្សាភាសាអង់គ្លេសនៅក្នុងបន្ទប់ដាច់ដោយឡែកចំនួនពីរ។
កូនសិស្សម្នាក់ឈ្មោះស្រីនាង មានអាយុ១១ឆ្នាំ លើកឡើងថាខ្លួនសប្បាយចិត្តដោយបានចូលមករៀនភាសាអង់គ្លេសដោយមិនបង់ប្រាក់ព្រោះថាជីវភាពគ្រួសារគាត់មិនសូវធូរធារ។ ស្រីនាងបន្តថាខ្លួនចង់ចេះភាសាអង់គ្លេសដើម្បីបានការងារល្អទៅថ្ងៃខាងមុខ។
សម្រាប់ព្រះគ្រូរចៅអធិការវត្តព្រះនាមឡាក់ សុភក្តិ មានព្រះជន្ម៣៨ ព្រះវស្សា មានសង្ឃដីកាប្រាប់Sabay ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយសិស្សក្រីក្រក្នុងសហគមន៍នេះឲ្យឱកាសទទួលបានការអប់រំភាសាបរទេសតាំងពីវ័យកុមារហើយគិតមកដល់ពេលនេះមានរយៈពេលជិតមួយឆ្នាំហើយ។
ព្រះគ្រូចៅអធិការឲ្យដឹងថាដោយសារតែមើលឃើញថាកូនចៅរបស់កសិករក្នុងភូមិមួយចំនួនមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សាភាសារអង់គ្លេសនៅសាលាឯកជនបាន ទោះបព្រះអង្គសម្រេចចិត្តផ្តួចផ្តើមគម្រោងនេះឡើង។ ជាមួយគ្នានោះដែរ ព្រះអង្គថាក៏មានសប្បុរសជននៅសហរដ្ឋអាមេរិកម្នាក់មានបំណងដូចគ្នា និងបានជួយឧបត្ថម្ភលើប្រាក់ខែគ្រួបង្រៀន។
លោកគ្រូចៅអធិការវត្តរូបនេះបន្ថែមថា៖ «ដំបូងអាត្មាភាពគិតថាបើកបង្រៀនតែ១ថ្នាក់ទេ ហើយជួលគ្រូម្នាក់មកបង្រៀនថ្លៃ៦០ដុល្លាក្នុង១ខែដោយថ្លៃចំណាយជាបន្ទុករបស់សប្បុរសជនរូបនោះជារៀងរាល់ខែ តែដោយសារមានកំណើនសិស្សកើនឡើង ទើបពេលនេះក៏សម្រេចចិត្តបំបែកសិស្សជាពីរថ្នាក់ដើម្បីអោយក្មេងក្រីក្រដទៃទៀតមានឱកាសបានរៀនដូចគ្នាតែការចំណាយក៏កើនតាមនោះដែរ»។
ទោះយ៉ាងណារហូតមកដល់ពេលនេះចំនួនកូនចៅអ្នកភូមិមួយចំនួនទៀតមានបំណងចូលរៀនភាសាអង់គ្លេសនេះដែរ តែព្រះអង្គថា មិនទាន់អាចទទួលបាន ដោយហេតុតែថវិកាក្នុងការជួលគ្រូមិនទាន់មានគ្រប់គ្រាន់នៅឡើយ។
យ៉ាងណាលក្តី ព្រះគ្រូចៅអធិការជឿជាក់ថាគម្រោងសិក្សានេះគឺជាការរួមចំណែកមួយលើកស្ទួយការអប់រំក្នុងមូលដ្ឋានសម្រាប់កុមារទាំងនេះ។
ចំណែកលោកណេត តារា ជាគ្រូបង្រៀនភាសាអង់គ្លេសក្នុងកម្មវិធីនេះប្រាប់ថាលោកមានអារម្មណ៍រីករាយដោយខ្លួនលោកបានក្លាយជាចំណែកមួយចូលរួមក្នុងសកម្មភាពតូចមួយក្នុងសង្គម៕