• 2019-03-04 12:00:00
  • ការអប់រំ

សុទ្ធតែតំណាងសាលាធំៗ ហោះពីឆ្ងាយមកជួបនិស្សិតខ្មែរក្នុងពិពណ៌សិក្សាមួយនេះ

  • 2019-03-04 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស និស្សិត​ និងអាណាព្យាបាល នៃ​សាលារៀន​ឯកជន​ ចំនួន១៥ ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​១ពាន់​នាក់​ បាន​មក​ចូលរួម​ពិពណ៌​ការ​សិក្សា​ប្រចាំ​ឆ្នាំ​ ដើម្បី​ប្រឹក្សា​​ជាមួយ​អ្នក​ជំនាញ​ផ្នែក​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ​ដោយ​ឥត​គិត​ថ្លៃ។

នៅ​ក្នុង​ពិពណ៌​នេះ​បាន​រៀបចំ​ដាក់​ជា​តុ និង​មាន​អ្នក​ជំនាញ​ជនបរទេស និង​ខ្មែរ​ផង​ចាំ​ជួយ​សម្រួល​ផ្នែក​បក​ប្រែ​ភាសា​ជូន​។ អ្នក​ជំនាញ​តាម​មហា​វិទ្យាល័យ និង​សកល​វិទ្យាល័យ​ ចំនួន ៣០​ល្បីៗ នៅ​អាមេរិក​ដែល​រាប់​បញ្ចូល​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ផង បាន​ស្វាគមន៍​សំណួរ និង​យោបល់​នានា​ទាក់ទង​នឹង​ផ្នែក​អប់រំ និង​លក្ខខណ្ឌ​អាហារូបករណ៍​ពី​សំណាក់​សិស្ស និស្សិត​ខ្មែរ។

យុវ​សិស្ស កៅ ម៉េងហេងលាង ជាសិស្សរៀនថ្នាក់ទី១២ នៃ​សាលារៀន​ឯកជន​មួយ បាន​ប្រាប់​ Sabayថា លោក​បាន​ចូលរួម​កម្មវិធី​បែប​នេះ​ជា​លើក​ទី​២​ហើយ។

អ្វី​ដែល​លោក​ចាប់​អារម្មណ៍​ខ្លាំង​ជាងគេ គឺ​ការ​ប្រឹក្សា​ក្បោះក្បាយ​ចំ​ៗ អ្វី​ដែល​ជា​ចម្ងល់ មាន​ដូចជា​បរិយាកាស​នៅ​ក្រៅ​ប្រទេស ជំនាញ​ដែល​ចង់​ចាប់​យក និង​ការ​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​ឲ្យ​ខ្លាំង​។ លោក​បាន​បន្ត​ថា ក្រោយ​បាន​សួរ​នាំ​ក្នុង​ពិពណ៌​នេះ​រួច លោក​អាច​រក​ឃើញ​ចំណុច​ខ្វះ​ខាត និង​ចំណុចខ្លាំង ហើយគិត​ថា ខ្លួន​អាច​មាន​សង្ឃឹម​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​បាន​នៅ​ពេល​ក្រោយ។

ក្រៅ​ពី​សិស្ស និស្សិត អ្នកស្រី ជា ម៉ាសូលីដា ដែល​ជា​ស្ត្រី​មេផ្ទះ​មួយ​រូប​បាន​ឃើញ​ព័ត៌មាន​នេះ ទំព័រ​ហ្វេសប៊ុក​ស្ថានទូត ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ ដើម្បី​ទុក​ចែករំលែក​ទៅ​កូន​ៗ​ទាំង​បី​នាក់។ អ្នកស្រី បាន​បន្ត​ថា នេះ​ជា​កម្មវិធី​ល្អ ដែល​អ្នកស្រី​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក។

អ្នកស្រី ជា ម៉ាសូលីដា

សម្រាប់​ព័ត៌មាន​អប់រំ​នៅ​ថ្ងៃនេះ​ អ្នកស្រី​នឹង​ទុក​ប្រាប់​កូន​ៗ ដែល​ចង់​ចេះ​ ចង់​ដឹង និង​ចង់​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ស្រាប់ ដើម្បី​ត្រៀម​ខ្លួន និង​បំពេញ​លក្ខខណ្ឌ​ឲ្យ​ត្រូវ​ចំណូល​ចិត្ត និង​អាច​ទទួល​បាន​ឱកាស​ទៅ​រៀន​ ឬ​ជាប់​អាហារូបករណ៍​ល្បី​ៗ។

លោក Michael Newbill ភារ​ធារី​ស្ដី​ទី នៃ​ស្ថាន​ទូត​អាមេរិក បាន​បញ្ជាក់​ថា​ តាម​ការ​កត់​សម្គាល់​ចំនួន នៃ​និស្សិត​ខ្មែរ ដែល​បាន​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ហេតុផល​សំខាន់​ៗ​។ ក្នុងនោះមានដូចជា ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​និស្សិត​ឲ្យ​មាន​លទ្ធភាព​ទៅ​រៀន​នៅ​អាមេរិក​ក្នុង​ប្រព័ន្ធ​អប់រំ​ថ្មី​១ ដែល​អាច​និយាយ​បាន​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

លោក Michael Newbill

លោក​បាន​បន្ថែម​ទៀត​ថា លោក​ពិត​ជា​មាន​មោទកភាព និង​ស្វាគមន៍​ចំពោះ​វត្តមាន​សិស្ស​រាប់​ពាន់​នាក់​ដែល​បាន​ចូលរួម​ពិពណ៌​ការ​សិក្សា​នៅ​ថ្ងៃ​នេះ ក៏​ដូចជា​និស្សិត​ជុំវិញ​ពិភពលោក ពិសេស​កម្ពុជា ​ដែល​ចាប់​អារម្មណ៍​ការ​សិក្សា​ទៅ​កាន់​សហរដ្ឋអាមេរិក។

សូម​ជម្រាប​ថា ពិពណ៌​ការ​សិក្សា​នៃ​សហរដ្ឋអាមេរិក បាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១១​មក ដែល​មាន​កំណើន​អ្នក​គាំទ្រ រាប់​ពាន់​នាក់ ដែលកាលនោះធ្វើនៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ សម្រាប់​ឆ្នាំ​២០១៩ ពិពណ៌​ការ​សិក្សា​នេះ បាន​រៀប​នៅ​សណ្ឋាគារ Great Duke អតីត​សណ្ឋាគារ​អាំង​ទែរ​កុង​ទីណង់​តាល់ រាជធានី​ភ្នំពេញ។

អ្នកស្រី ម៉ៅ កូឡាប

ប្រសិន​បើ​សិស្ស និស្សិត​មាន​ចម្ងល់​បន្ថែម​ ឬ​សួរ​ព័ត៌មាន​ដើម្បី​ទៅ​រៀន ឬ​សុំ​អាហារូបករណ៍​នៅ​តាម​មហាវិទ្យាល័យ និង​សកលវិទ្យាល័យ​នៅ​អាមេរិក សូម​ទាក់ទង​មក​មជ្ឈមណ្ឌល​ប្រឹក្សា​ការ​សិក្សា​មាន​ទីតាំង​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ឬ​ទាក់​ទង​តាម​ទូរសព្ទ​លេខ ០១១ ៥០ ២១ ២១, ០១០ ៥០ ២១ ២១ ឬ​អ៊ីមែល eduUSA@puc.edu.kh។ នេះ​បើ​យោង​តាម​ប្រភព​ពី​អ្នកស្រី ម៉ៅ កូឡាប អ្នក​ប្រឹក្សា នៃ​មជ្ឈមណ្ឌល Education USA។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់