- 2019-04-04 05:00:00
- ការអប់រំ
ស្ត្រីខ្មែរមហិច្ឆតាខ្ពស់! សុខចិត្តចាយលុយខ្លួនឯងធ្វើគម្រោងដើម្បីជំរុញទឹកចិត្តយុវតីជំនាន់ថ្មី
- 2019-04-04 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីខ្មែរមហិច្ឆតាខ្ពស់! សុខចិត្តចាយលុយខ្លួនឯងធ្វើគម្រោងដើម្បីជំរុញទឹកចិត្តយុវតីជំនាន់ថ្មី
ចន្លោះមិនឃើញ
កញ្ញា យូ សុធារី គឺជាស្ថាបនិកនៃគម្រោង ស្ត្រីជំនាន់ថ្មី ដែលភាសាអង់គ្លេសហៅថា Next Women Gerneration។ តាមរយៈការផ្ដល់បទសម្ភាសពីស្ត្រីខ្មែរមានដើមកំណើតមកពីទឹកដី ខេត្តកំពង់ធំ រូបនេះបានឲ្យដឹងថាគោលបំណងក្នុងការធ្វើគម្រោងនេះឡើងគឺ «ដើម្បីបង្ហាញនិងចងក្រងនូវរឿងរ៉ាវជីវិត និង ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅកម្ពុជា ដើម្បីផ្ដល់ជាគំរូភាពដល់យុវតីផ្សេងៗទៀតឲ្យយល់ពីការខិតខំប្រឹងប្រែង ការពុះពារជម្នះឧបសគ្គផ្សេងៗដែលធ្វើឲ្យពួកគាត់ក្លាយទៅជាខ្លួនឯងដូចពេលបច្ចុប្បន្ននេះ»។
កញ្ញាបានបន្តទៀតថា គម្រោងនេះធ្វើឡើងជាលក្ខណៈ Digital platform ដោយប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook ជាដើម និងមានជាគេហទំព័រដើម្បីចែកចាយនិងផ្សព្វផ្សាយពីរឿងរ៉ាវជីវិត និងការសន្ទនារវាងគម្រោងនិងស្ត្រីទាំងនោះ ជាមួយសហគមន៍ខ្មែរក៏ដូចជាសហគមន៍អន្តរជាតិ។ ស្ត្រីដែលជាកូនបងគេក្នុងគ្រួសាររូបនេះប្រាប់ថា គម្រោងនេះផ្ដោតសំខាន់ទៅលើស្ត្រីដែលបានធំធាត់ឡើងក្រោយសម័យសង្គ្រាមដែលពួកគេបានមើលឃើញពីទស្សនវិស័យក្នុងការអភិវឌ្ឍន៍ជីវិតរបស់ពួកគេសព្វថ្ងៃនេះ និងថ្ងៃទៅមុខទៀតថាពួកគាត់ចង់បានអ្វី។
អ្វីដែលគួរឲ្យសរសើរគឺថានៅក្នុងគម្រោងមួយនេះកញ្ញាធ្វើតែម្នាក់ឯងប៉ុណ្ណោះ ហើយបានចំណាយលុយខ្លួនឯងផ្ទាល់ដើម្បីបង្កើតគម្រោងនេះឡើង។ កញ្ញា សុធារី ក៏ធ្លាប់ជានិស្សិតម្នាក់ដែលបានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែក គោលនយោបាយអភិវឌ្ឍន៍អន្តរជាតិ នៃសាកលវិទ្យាល័យ Sanford School of Public Policy of Duke University នៅសហរដ្ឋអាមេរិកអស់រយៈពេល ២ឆ្នាំផងដែរ។
ស្ថាបនិករូបនេះក៏ធ្លាប់មានការបាក់ទឹកចិត្តរហូតចង់ឈប់ធ្វើគម្រោងមួយនេះ ព្រោះតែសម្ដីអ្នកដទៃនិយាយថា «គម្រោង ស្ត្រីជំនាន់ថ្មី នេះមានអ្វីប្លែកពីគម្រោងផ្សេងៗដែលគេធ្លាប់ធ្វើហើយ? អ្នកខ្លះទៀតក៏និយាយថាហេតុអ្វីចង់ធ្វើការជួយសង្គមទាំងដែលជួយខ្លួនឯងមិនទាន់បានផងហ្នឹង ហើយប្រាប់ថាកញ្ញាគ្មានរូបភាពអ្វីដើម្បីលើកទឹកចិត្តអ្នកដ៏ទៃបានទេ » ប៉ុន្តែក្រោយមកទៀតកញ្ញាក៏បានសួរខ្លួនឯងវិញថាហេតុអ្វីកញ្ញាចង់ធ្វើគម្រោងនេះតាំងពីដំបូងមក។
ដោយសារតែការចូលចិត្ត ការកោតសរសើរពីភាពជាអ្នកដឹកនាំរបស់ស្ត្រីវ័យក្មេងទាំងអស់នោះ កញ្ញាក៏ចង់ចែករំលែករឿងរ៉ាវនិងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងនាមជាស្ត្រីដែលរស់នៅក្នុងសង្គមបិតាធិបតេយ្យដល់ស្ត្រីដទៃទៀត ជាពិសេសយុវតីជំនាន់ថ្មីមានកម្លាំងចិត្តក្នុងការតស៊ូនិងតាមចាប់ក្ដីស្រមៃរបស់ពួកគេ។ ទៅថ្ងៃមុខទៀតក៏កញ្ញានៅតែបន្តធ្វើគម្រោងមួយនេះទៀតដែរ ដោយសារតែស្ថាបនិករូបនេះចូលចិត្តជួបសន្ទនាជាមួយនឹងស្ត្រីដែលជាអ្នកដឹកនាំវ័យក្មេងនៅកម្ពុជា និងគិតថាគម្រោងនេះនឹងជួយលើកទឹកចិត្តឲ្យស្ត្រីកាន់តែបន្តនិងខំប្រឹងប្រែងពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនឯងទៅថ្ងៃមុខបន្តទៀតបាន៕