• 2019-04-07 02:00:00
  • ការអប់រំ

ដឹងអត់ ហេតុអ្វីនិស្សិតវៀតណាមសម្រុកមករៀននៅអាមេរិកច្រើន?

  • 2019-04-07 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​របាយការណ៍​ពី​នាយកដ្ឋាន​សន្តិសុខ​ជាតិ ផ្នែក​ពង្រឹង​ការ​អនុវត្ត​ពន្ធ និង​អន្តោប្រវេសន៍ របស់​អាមេរិក បាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ​មាន​និស្សិត​វៀតណាម​ចំនួន ៣០៩៦០នាក់ កំពុង​បន្ត​ការ​សិក្សា​នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយ​ហេតុផល​នានា។

តួលេខ​នេះ​អាជ្ញាធរ​អាមេរិក​ បាន​ធ្វើការ​កត់​សម្គាល់​ដោយ​គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​បញ្ជាក់​ទៀត​ថា ​ចំនួន​គឺ​មាន​ការ​កើន​ឡើង​ ​បើ​ធៀប​នឹង​រយៈ​ពេល​កន្លង​ទៅ។

រូបថតនៅ មហាវិទ្យាល័យ​សហគមន៍ Santa Fe​

ភាគច្រើន​និស្សិត​វៀតណាម​ទាំង​នោះ បាន​មក​រៀន​នៅ​តាម​មហាវិទ្យាល័យ​សហគមន៍​ ឬ​ធ្វើ​ការងារ​នានា នៅ​តាម​រដ្ឋ​ឆ្ងាយ​ ឬ​ជិត រួម​នឹង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ។

និស្សិតជនជាតិវៀតណាម កញ្ញា Nguyen Thi Hoai Chau អាយុ​២៤ឆ្នាំ ជា​និស្សិត​ផ្នែក​ភាសា​បរទេស នៃ​មហាវិទ្យាល័យ​សហគមន៍ Santa Fe ក្នុង​ទីក្រុង Gainnesville នៃ​រដ្ឋ Florida បាន​បញ្ជាក់​ថា កញ្ញា មក​រៀន​នៅ​ទីនេះ តាមរយៈ​បងប្អូន​ជីដូន​មួយ ជា​ជនជាតិ​វៀតណាម​រស់នៅ​ទីក្រុង New York ដែល​មាន​សញ្ជាតិ​អាមេរិក​កាំង តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ។ ម្យ៉ាង​វិញ​ទៀត​កញ្ញា​ក៏​ធ្លាប់​បាន​ដឹង​ព័ត៌មាន ពី​សមាគម​វៀតណាម នៅ​សហរដ្ឋអាមេរិក ដែល​បាន​ផ្សព្វផ្សាយ​ដំណឹង​នៃ​កម្មវិធី​សិក្សា​នានា​ជាច្រើន រួមមាន​ដំណឹង​អាហារូបករណ៍ និង​ថ្នាក់​បង់​ថ្លៃ ពិសេស​នៅ​តាម​មហាវិទ្យាល័យ​សហគមន៍​ល្អ​ជាច្រើន ដល់​សិស្ស និស្សិត ​តាំង​ពី​នាង​​នៅ​ក្នុង​ប្រទេស​វៀតណាម​មក។

កញ្ញា Nguyen Thi Hoai Chau

ហេតុ​ផល​នេះ​ហើយ ទើប​កញ្ញា Nguyen Thi Hoai Chau សម្រេច​ចិត្ត និង​បាន​បោះបង់​ការសិក្សា​ឆ្នាំ​ទី១​ចោល កាល​នៅ​រៀន​សកល​វិទ្យាល័យ​មួយ ​នៃ​ប្រទេស​វៀតណាម ដើម្បី​ផ្លាស់​មក​រៀន​បន្ត​តាមរយៈ​ថ្នាក់​បង់​ថ្លៃ​ទាំង​ស្រុង​នៅ​ក្នុង​​រដ្ឋ Florida តាំង​ពី​ចុង​ឆ្នាំ​២០១៦ ដើម្បី​សម្រេច​បំណង​ធំ ​គឺ​រៀន​បន្ត​ ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​ទីនេះ​ល្អ និង​មាន​ការ​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក។

ម្យ៉ាង​កញ្ញា​យល់​ថា នាង​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​ទៅ​ហើយ​ នៅ​ក្នុង​ប្រទេស​កំណើត ដូច្នេះ​ដល់​ពេល ​គួរ​ចេះ​រក​វិធី​មក​ប្រទេសនានា ដែល​ជា​គោលដៅ​កញ្ញា គឺ​នៅ​ទី​នេះ ដើម្បី​បាន​ចំណេះ​ដឹង​ថ្មី​ៗ និង​ឈាន​ជើង​ចូល​មក​ក្នុង​ពិភពលោក តាមរយៈ​ការ​អប់រំនៅអាមេរិក។

មក​ដល់​ដំបូង​ៗ Nguyen Thi Hoai Chau បាន​ប្រាប់​ថា នាង​មាន​បញ្ហា​ភាសា​អង់គ្លេស ពោល​គឺ​មិន​អាច​ប្រើ​ការ​កើត​ឡើយ។ ហេតុ​នេះ កញ្ញា​ក៏​​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការងារ​ក្រៅ​ម៉ោង ​នៅ​ហាង​លក់​ទំនិញ​តូច​មួយ​ជិត​សាលា ដើម្បី​បាន​ប្រាក់​កាក់​ខ្លះ និង​សំខាន់​បាន​អនុវត្ត​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន។ រហូត​មក​ដល់​ពេល​នេះ គឺ​ភាសា​អង់គ្លេស​របស់​កញ្ញា​ គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ច្រើន។

បើ​តាម​លោក Dan Rodkin, Ed, D. ជា​នាយក​រង នៃ​សមាគម​និស្សិត ទទួល​បន្ទុក​កិច្ចការ​សាធារណៈ នៃ​មហាវិទ្យាល័យ​សហគមន៍ Santa Fe ក្នុង​ទីក្រុង Gainnesville នៃ​រដ្ឋ Florida បាន​បញ្ជាក់​ថា នៅ​ទីនេះ និស្សិត​វៀតណាម មាន​ចំនួន​កើន​ដល់ ២០​នាក់​សម្រាប់​ឆ្នាំ​២០១៩​នេះ។

លោក Dan Rodkin, Ed, D.

បើ​គិត​ជា​ចំនួន​និស្សិត​អន្តរជាតិ​សរុប មាន​គឺ​មាន​ចំនួន ១៥០០០នាក់ ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​សហគមន៍ Santa Fe។ ចំពោះ​វត្តមាន​នៃ​ករណី​និស្សិត​វៀតណាម​មក​រៀន​នៅ​អាមេរិក​ច្រើន លោក​យល់​ថា ពួកគេ​អាច​បំពេញ​មាន​សមត្ថភាព​បំពេញ​តាម​តម្រូវការ និង​លក្ខខណ្ឌ​របស់​សាលា​បាន​កំណត់។ លោក​ថា ម្យ៉ាង​វិញ​ទៀត និស្សិត​វៀតណាម​ក៏​ឆាប់​យល់​ពី​វប្បធម៌​ដ៍​សម្បូរ​បែប និង​ចម្រុះ​ជាតិ​សាសន៍​ ដែល​មាន​ច្រើន​នៅ​សហរដ្ឋអាមេរិក។

សូម​រំលឹក​ថា ​បើ​តាម​ប្រភព​ពី​នាយកដ្ឋាន​សន្តិសុខ​ជាតិ ផ្នែក​ពង្រឹង​ការ​អនុវត្ត​ពន្ធ និង​អន្តោប្រវេសន៍របស់​អាមេរិក បាន​បង្ហាញ​ថា មាន​ទីតាំងចំនួន ៥​ដែល​ជាប់​ជា​កំពូលតំបន់ ឬ​ភាសា​អង់គ្លេស​ហៅថា (Top 5) ដែល​មាន​និស្សិត​វៀតណាម​ស្នាក់​នៅ និង​រៀន​ច្រើន​ជាង​គេនៅអាមេរិក ។ ក្នុង​នោះ​គឺ​មាន​ដូចជា៖

១. រដ្ឋ California មាន​និស្សិត​វៀតណាម ៥៨៣៨នាក់

២. រដ្ឋ Texas មាន​និស្សិត​វៀតណាម ៤៩៣៤នាក់

៣. រដ្ឋធានី Washington មាន​និស្សិត​វៀតណាម ២៣៦៥នាក់

៤. រដ្ឋ Massachusetts មាន​និស្សិត​វៀតណាម ១៩១៣នាក់

៥. ទីក្រុង New York មាន​និស្សិត​វៀតណាម ១៤៥៥នាក់។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់