• 2019-04-12 08:51:14
  • ព័ត៌មាន

អបអរសាទរ! Cambodia Airways ទទួលជោគជ័យលើដំណើរការជើងហោះហើរត្រង់ទៅបាងកក

  • 2019-04-12 08:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Cambodia Airways បាន​ដំណើរ​ការ​ជើង​ហោះ​ហើរ​ត្រង់​ទៅ​កាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​យ៉ាង​ជោគជ័យ​នៅ​ថ្ងៃ​ទី ១១​ខែ​មេសា​នេះ។

ជើង​ហោះ​ហើរ​ដំបូង​បង្អស់ បាន​ចុះ​ចត​នៅ​ព្រលាន​យន្ដហោះ​សុវណ្ណភូមិ​នា​វេលា​ម៉ោង ១៩:១០​នាទី​ដូច​ការ​គ្រោង​ទុក​ដោយ​ប្រើប្រាស់​យន្ដហោះ Airbus 319 ដែល​មាន​ទម្ងន់​ផ្ទុក​អ្នក​ដំណើរ​ប្រមាណ ៩០% និង​ទំនិញ​ជាង ២​ពាន់គីឡូក្រាម។ ដើម្បី​ជា​ការ​អបអរ​សាទរ​ដល់​ជើង​ហោះ​ហើរ​ទៅ​បាងកក​លើក​ដំបូង​ក៏​ដូច​ជា​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ ក្រុមហ៊ុន Cambodia Airways បាន​ជូន​កាដូ​តុក្កតា​ស្រស់ស្អាត​ដល់​ភ្ញៀវ​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​សម្រាប់​ជា​កាដូ​អនុស្សាវរីយ។ លើស​ពី​នេះ មន្ត្រីអាកាសយានដ្ឋានក្រុងបាងកក បានរៀបចំវត្ថុអនុស្សាវរីយ៍មួយចំនួន​សម្រាប់​អ្នកដំណើរ, អ្នកបើកបរ និងអ្នកបម្រើលើ​យន្ដហោះ​របស់​ក្រុមហ៊ុន Cambodia Airways ផង​ដែរ។

យោង​តាម​នាយក​រង​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Cambodia Airways លោក Simon Xu ឲ្យ​ដឹង​ថា "ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways មានមោទនភាពក្នុងការប្រកាសអំពីការបើកដំណើរការ​ជើង​ហោះ​ហើរ​លើកដំបូង​ភ្នំពេញ-បាងកក មុន​ចូល​ឆ្នាំ​ខ្មែរ។ នេះជាការប្តេជ្ញាចិត្តបន្តរបស់យើងក្នុងការផ្តល់ជូនអតិថិជននូវជម្រើសបន្ថែមទៀតលើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ដោយ​យើង​ដំណើរ​ការ​ហោះ​ហើរ​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​ម៉ោង​ហោះ​ហើរ​ដែល​អំណោយផល​សម្រាប់​អតិថិជន​ជ្រើសរើស។ យើង​ធ្វើ​ដំណើរ​ចេញ​ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំ​ពេញ​នៅ​ម៉ោង ១៦:១៥នាទីល្ងាច និង​ទៅ​ដល់​ព្រលានយន្ដហោះ​សុវណ្ណភូមិ​នៅ​ម៉ោង ១៩:១០​នាទី។ សម្រាប់​ការ​ហោះហើរ​ត្រលប់​មក​វិញ នឹង​ចាក​ចេញ​ពី​ព្រលានយន្ដហោះ​សុវណ្ណភូមិ​នៅ​ម៉ោង ២០:១០​នាទី និង​មក​ដល់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំ​ពេញ​នៅ​ម៉ោង ២១:៣៥​នាទី ពោល​គឺ​មិន​យូរ​ពេក ឬ​ឆាប់​ពេក​សម្រាប់​អតិថិជន​របស់​យើង។ យើង​មិន​ត្រឹម​តែ​ផ្ដល់​ជូន​នូវ​សេវាកម្ម​អតិថិជន​ដែល​មាន​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ តែ​យើង​ថែម​ទាំង​ផ្ដល់​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​ដ៏​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ”

ក្រុមហ៊ុន Cambodia Airways តែងតែ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់​ដល់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ក៏​ដូច​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ។ សម្រាប់​អ្នក​ដំណើរ ក្រុមហ៊ុន Cambodia Airways ផ្ដល់​ជូន​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ថ្មី​​ហៅ​ថា "សេវាកម្ម​ Winflex” ដែល​ផ្ដល់​ជូន​អាទិភាពក្នុង​ការ Check-in, អាទិភាព​ឡើង​យន្ដហោះ​មុន​គេ, ទម្ងន់កំណត់ឥវ៉ាន់ ១០គីឡូក្រាម​បន្ថែម, អាទិភាព​សម្រាប់​សេវាកម្ម​ផ្ញើ និង​ទទួល​ឥវ៉ាន់, ទទួល​កន្លែង​អង្គុយ​ធំទូលាយ និង​សេវាកម្ម​ជា​ច្រើន​ទៀត​នៅ​លើ​យន្ដហោះ។ សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​វិញ យើង​ផ្ដល់​ជូន​នូវ​ការ​កក់​មុន​តាម​រយៈ cargo@cambodia-airways.com សម្រាប់​ការ​កក់​សេវាកម្ម។

គួរ​ជម្រាប​ថា ​អាកាសចរណ៍ Cambodia Airways Co., Ltd គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧។ Cambodia Airways បាន​សម្ពោធ​ជើង​ហោះហើរ​ដំបូង​របស់​ខ្លួន ដែល​មាន​គោល​ដៅ​ពី​ភ្នំពេញ​ទៅ​សៀមរាប នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្ន អាកាសចរណ៍​មាន​យន្ត​ហោះ​​ចំនួន ៣គ្រឿង គឺ Airbus A391 ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ជើង​ហោះហើរ​ទៅ​មក​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក នៅ​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ តៃប៉ិ... ក្នុង​ចំណោម​គោលដៅ​ធ្វើ​ដំណើរ​មួយ​ចំនួន​ទៀត៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់