• 2019-04-23 06:52:53
  • សុខភាព

មកដឹងពីអត្ថប្រយោជន៍ នៃរុក្ខជាតិ​បៃតង ទាក់ទង​នឹង​អារម្មណ៍ និង អាយុវែង !

  • 2019-04-23 06:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណក់​ទឹក​​ដែល​ដក់​លើ​ស្លឹក​ឈើ​​ពណ៌បៃតង​​​បាន​រេរាំ ស្រប​នឹង​ព្រះពាយ​ផាត់​តិចៗ​​នោះ គឺ​ជា​ក្ដី​សង្ឃឹម​ និង​ ជា​ស្នាម​ញញឹម​របស់​យុវតី ​អោម កក្កដា​។ កក្កដា​ អាយុ ​១៦​ ឆ្នាំ រៀន​ថ្នាក់​ទី​ ១០​ នៅ​វិទ្យាល័យ​សន្ធរ​មុខ​ រាជធានី​ភ្នំពេញ​។​

សូមចុចអាន៖ ភ្នំពេញ​ឥឡូវ​មិន​ដូច​ពី​ដើម​ទេ ការ​ញ៉ាំ​កាហ្វេ​សឹង​ជា​រឿង​ធម្មតា​ទៅ​ហើយ

រូបតំណាង (ដកស្រង់​ចេញ​ពី​បរទេស)

  នាង​តែង​តែ​ងើប​ពី​ព្រលឹម​ស្រាង​ៗ ស្រោច​ផ្កា​ និង​ ដើម​ឈើ​មួយ​ចំនួន​នៅ​មុខ​ផ្ទះ ដែល​ឋិត​​នៅ​តាម​បណ្ដោយ​ផ្លូវ​ចាក់​បេតុង ផ្លូវ​​សូនី ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ គឺ​ខាង​ជើង​ផ្សារ​សឡា។ នៅ​​មុខ​ផ្ទះល្វែង​​នាង​មាន​ដើម​ដូង ប្រទាល​​កន្ទុយ​ក្រពើ ស្លឹក​តើយ និង​ ប្រទាល​ជាច្រើន​ទៀត​ លាយឡំ​នឹង​ការ​ដាំ​​ផ្កា​ចម្រុះ​ពណ៌​ផ្សេងៗ។ កក្កដា រីករាយ​ជានិច្ច នៅ​ពេល​នាង​​បាន​ស្រោច​ផ្កា ​និង ​ថែ​ទាំ​រុក្ខជាតិ​ទាំង​នោះ ដោយ​វា​​​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​នាង នៅមុន​ពេល​នាង​​ទៅ​សាលា​រៀន និង​ ពេល ត្រឡប់​មក​ពី​រៀន​​វិញ​។​

  “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ខ្ញុំ​ឃើញ​រុក្ខជាតិ​ពណ៌​បៃ​តង​ លាយ​ឡំ​នឹង​ផ្កា​ចម្រុះ​ពណ៌​ផ្សេង​ទៀត​។ ខ្ញុំ​មិន​ហត់​នឿយ​ក្នុង​ការ​ថែ​ទាំ​វា​ទេ ផ្ទុយ​ទៅវិញ​ខ្ញុំ​គិត​ថា វា​ល្អ​ទៅ​វិញ​ទេ នាំ​ឲ្យ​ខ្ញុំ​ហ្នឹង​ សប្បាយ​ចិត្ត​ច្រើន​បន្ទាប់​ពី​ការសិក្សា​ គឺ​និយាយ​រួម​សុខភាព​ផ្លូវ​ចិត្ត​ល្អ​"។

រូបតំណាង (ដកស្រង់​ចេញ​ពី​បរទេស)

ក្រុម​អ្នក​ឯក​ទេស​ធ្លាប់​បាន​​លើកឡើង​ថា រុក្ខជាតិ​​បៃតង​ផ្ដល់​នូវ​សារ​ប្រយោជន៍​ច្រើន​ ដោយ​សារ​តែ​វា​ជា​ប្រភព​ផ្ដល់​នូវ​អុក​ស៊ី​សែន បរិស្ថាន​ស្រស់​ត្រកាល​ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​​មនុស្ស​ មាន​ការ​សប្បាយ​ចិត្ត​។

  ដោយ​ឃើញ​ពី​សារៈសំខាន់​នៃ​រុក្ខជាតិ​បៃតង សាលា​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើ​ឲ្យ​ទីក្រុង​គជ់​មួយ​នេះ​ ក្លាយ​ទៅជា​ទីក្រុង​បៃតង។ ឯកឧត្ដម កែប ជុតិមា អតីត​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា "​យើង​ចង់​ធ្វើ​ទីក្រុង​ភ្នំពេញ​ទៅ​ជា​ទី​ក្រុង​ពណ៌​បៃតង។ ទីក្រុង​បៃតង​ គឺ មិន​សំដៅ​តែ​ទៅ​លើ​ដើម​ឈើ​ពណ៌​បៃតង​តែមួយ​មុខ​ទេ ប៉ុន្តែ​វា​ជា​ទីក្រុង​ដែល​លើក​ស្ទួយ​បរិស្ថាន​ផង​ដែរ​"។

  ដូច្នេះ​ហើយ​គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​អំឡុង​ការ​កាន់​​កាប់​តំណែង​អភិបាល​សាលា​រាជធានី​ភ្នំពេញ ​២ អាណត្តិ ​កន្លងទៅ​ ឯកឧត្ដម ​កែប​ ជុតិមា តែងតែ​យក​ចិត្ត​ទុក​ដាក់​ពី​ភាព​បៃតង នៃ​ទីក្រុង​ រាល់​ការ​អភិវឌ្ឍ ដូច​ឃើញ​ស្រាប់​នៅ​តាម​ដង​ផ្លូវ​ និង​សួន​ច្បារ​ គឺ​សុទ្ធ​តែ​មាន​ដើម​ឈើ។​

  ទន្ទឹង​គ្នា​នេះ ​គេ​ក៏​សង្កេត​ឃើញ​រុក្ខ​ជាតិ​​បៃតង ​មាន​ដាក់​ក្នុង​ផើង​ ឬ​ ថូផ្កា ដើម្បី​លម្អ​កន្លែង​ធ្វើការ​ផង និង​ ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ពុល​ផ្សេង​ៗ​ផង។ លោក​ សុខុម បុគ្គលិក​ក្រុមហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់ Sabay ថា "បន្ទាប់​ពី​ខ្ញុំ​សម្លឹង​កុំព្យូទ័រ​យូរ​ពេក​នាំ​ឲ្យ​ខ្ញុំ​ឈឺ​ភ្នែក ដូច្នេះ​ខ្ញុំ​ក្រឡេក​មើល​ផ្កា ឬ​រុក្ខជាតិ​បៃ​តង​ ដែល​នៅ​លើ​តុ​របស់​ខ្ញុំ​ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​មួយ​កម្រិត​ និង​ ក៏​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍​​ផង​ដែរ។

  សូមអាន​អត្ថបទ​ពាក់ព័ន្ធ​សុខភាព​ជាច្រើន​ទៀត​ សូម​ចុចត្រង់​នេះ  

ទោះ​យ៉ាង​ណា​ក្ដី  អ្នក​​ឯកទេស​ចក្ខុរោគ នៅ​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង និង​ជា​អនុប្រធាន​​កម្មវិធី​សុខភាព​ផ្នែក​ភ្នែក​ នៃ​ក្រសួង​សុខាភិបាល ​លោក​វេជ្ជ​បណ្ឌិត ដោ សីហា ធ្លាប់​បាន​និយាយ​ថា តាម​ពិត​ទៅ​រុក្ខជាតិ​បៃ​តង​មិន​មាន​ឥទ្ធិ​ពល​ណា​មួយ​ជួយ​ដល់​ភ្នែក​នោះ​ទេ​។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា រុក្ខជាតិ​បៃតង​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រស់ស្រាយ​​ច្រើន​ជាង​។  

លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​សម្លឹង​មើល​អ្វី​យូរ​ពេក​នឹង​នាំ​ឲ្យ​រួយ​សាច់​ដុំ​ភ្នែក​ ដូចជា​ការ​សម្លឹង​មើល​កុំព្យូទ័រ​ជាដើម ដូច្នេះ​ប្រសិន​បើ​ជា​មាន​អាការៈ​ឈឺ​ភ្នែក​ ស្រវាំង​ភ្នែក​ ឬ​រួយ​ភ្នែក​ គួរ​តែ​សម្រាក​ ហើយ​ងាក​មក​សម្លឹង​បរិយាកាស​ផ្សេង​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​រុក្ខជាតិ​បៃ​តង​ ព្រោះ​វា​ក៏​អាច​ជួយ​ឲ្យ​អារម្មណ៍​យើង​ស្រស់ស្រាយ​ផង​ដែរ​។​  

បន្ថែម​លើ​នេះ ​អ្នកស្រី​ ចក់ ធីតា អ្នក​ឯកទេស​​វិកល​វិទ្យា និង​ជា​នាយករង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត បាន​បញ្ជាក់​ថា រុក្ខជាតិ​បៃ​តង​ពិត​ជា​ផ្ដល់​ឲ្យ​មនុស្ស​មាន​អារម្មណ៍​រីករាយ​ និង ​ស្ងប់ស្ងាត់​ផ្លូវចិត្ត​នៅ​​ពេល​ដែល​យើង​សម្លឹង​មើល​វា​កាន់​តែ​យូរ។ ​ការ​ភ្ញោច​អារម្មណ៍​ឡើង​នេះ ​ដោយ​សារ​តែ​ប្រព័ន្ធ​អូតាណូម។ អូតាណូម​ បាន​បែង​ចែក​ជា​ពីរ គឺទី ១​ សាមប៉ាតិច និង​ ប៉ារ៉ាសាម​ប៉ាតិច។  

"ខ្ញុំ​សូម​បញ្ជាក់​ថា សាមប៉ាតិច​ គឺ​សំដៅ​ដល់​ពណ៌​ក្រហម ហើយ​ពណ៌​នេះ តែង​តែ​ធ្វើ​ឲ្យ​អារម្មណ៍​ និង​ បេះដូង​ដើរ​ញាប់​ៗ។ ចំណែក​ប៉ារ៉ាសាម​ប៉ាតិច សំដៅ​ដល់​ពណ៌​ខៀវ ផ្ទៃមេឃ និង​ បៃតង​ ជាដើម ដែល​ពណ៌​ទាំង​នេះ បាន​ជំរុញ​ឲ្យ​មនុស្ស​មាន​ភាព​រីករាយ​ និង​ស្ងប់​ស្ងាត់​ផ្លូវ​អារម្មណ៍​ច្រើន​។  

អ្នក​ស្រី ចក់​ ធីតា បាន​បញ្ជាក់​បន្ថែម​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​មិនទាន់​មាន​ការ​សិក្សា​ជាក់​លាក់​នៅ​ឡើយ​ទេ​ថា រុក្ខជាតិ​បៃ​តង​នឹង​នាំ​ឲ្យ​មនុស្ស​មាន​អាយុវែង​ ប៉ុន្តែ​គេ​អាច​ធ្វើ​ការ​ប៉ាន់​ស្មាន​បាន​ត្រង់​ថា ផ្លូវចិត្ត​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ​នៃ​សុខភាព​ ដូច្នេះ​ប្រសិន​បើ​ការ​មើល​រុក្ខជាតិ​ពណ៌​បៃ​តង​ ដែល​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ផ្លូវចិត្ត​ស្រស់ស្រាយ​ គឺ​នឹង​នាំ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ មាន​អាយុវែង​មិន​ខាន​។ ផ្ទុយ​ទៅវិញ​ប្រសិន​បើ​ផ្លូវចិត្ត​តានតឹង​ នឹង​នាំ​ឲ្យ​យើង​ឆាប់​ចាស់ និង​ អាយុ​ខ្លី​ជាមិនខាន​៕​

  សូមអាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​សុខភាព​ជាច្រើន​ទៀត​ សូម​ចុច​ត្រង់​នេះ

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់