- 2019-05-17 05:06:57
- ស្នេហា
កូនស្រី! ពេលស្រលាញ់នរណាម្នាក់ កូនកុំយកត្រចៀកស្ដាប់ ត្រូវយកភ្នែកមើលឱ្យច្រើន
- 2019-05-17 05:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី! ពេលស្រលាញ់នរណាម្នាក់ កូនកុំយកត្រចៀកស្ដាប់ ត្រូវយកភ្នែកមើលឱ្យច្រើន
ចន្លោះមិនឃើញ
រឿងស្នេហា អ្នកណាក៏ត្រូវឆ្លងកាត់។ ពេលនេះកូនធំហើយ កូននឹងត្រូវឆ្លងកាត់ដូចគ្នា។ ប៉ុន្តែវាខុសគ្នាត្រង់ ពេលស្រលាញ់យើងទទួលបានអារម្មណ៍កក់ក្ដៅ ផ្អែមល្ហែមដូចគ្នា តែពេលបែកបាក់ បើអ្នករឹងមាំ គេអាចបន្តរស់បន្តទៀតដោយមិនបាក់ទឹកចិត្តឬខូចចិត្តរយៈពេលយូរ។ ប៉ុន្តែសម្រាប់អ្នកទន់ជ្រាយ នឹងត្រូវចំណាយពេលជីវិតយូរខ្លាំងណាស់ដើម្បីព្យាបាលរបួសបេះដូងនេះ ឬអ្នកខ្លះឈានដល់ការបញ្ចប់ជីវិតទៀតផង។
ម៉ាក់មានរឿងខ្លះចង់ផ្ដែផ្ដាំដល់កូន មុននឹងទទួលថា បុរសណាម្នាក់គឺជា Mr. Right សម្រាប់កូន អាចកាន់ដៃកូនបន្តដំណើរជីវិត ពេលដែលលែងមានម៉ាក់នៅក្បែរនោះ។
ចុចអាន៖ ពាក្យបងស្រីផ្ដាំ! មុនដាក់ចិត្តស្រលាញ់បុរសណាម្នាក់ សូមអូនចាំពាក្យទាំងនេះក្នុងចិត្ត
១. កូនត្រូវចាំថា ការរើសបុរសម្នាក់ដែលស្រលាញ់កូនស្មោះ មិនមែនជាការជ្រើសរើសឱ្យត្រូវស្ដង់ដារណាមួយទេ។ គេមិនបាច់ខ្ពស់សង្ហាតាមស្ដង់ដារម៉ូដែល គេក៏មិនបាច់ឡូយឆាយតាមស្ដង់ដារកូនអ្នកមានក៏បាន ព្រោះទោះបីគេមានលុយច្រើនយ៉ាងណា ពូកែយ៉ាងណា ឡូយសង្ហាយ៉ាងណា ឆ្លៀវឆ្លាតយ៉ាងណា ចេះជួយយកអាសាអ្នកដទៃយ៉ាងណា តែបើគេមិនស្រលាញ់កូន អ្វីៗដែលគេមាននោះក៏គ្មានប្រយោជន៍អ្វីដែរ។
២. ដូចដំបូន្មានរបស់ពេទ្យវិកលចរិតធ្លាប់ទូន្មានអ្នកធ្លាប់ខូចចិត្តរឿងស្នេហាថា "មិនថាយើងស្រលាញ់គេយ៉ាងណាទេ ក្នុងរឿងស្នេហាអ្នកទាំងពីរត្រូវតែសកម្មទាំងពីរនាក់ មិនមែនម្នាក់សកម្ម តែម្នាក់ទៀតអកម្មនោះទេ!” បើកូនពាក្យ "សកម្ម" និង "អកម្ម" ក្នុងផ្លូវស្នេហានេះ កូនអាចដឹងហើយអាចគួរបន្តស្រលាញ់គេនោះទៀតឬក៏បញ្ឈប់ល្អជាង។
៣. កុំព្រោះតែបុរសម្នាក់ កូនសុខចិត្តធ្វើឱ្យនារីម្នាក់ទៀតត្រូវឈឺចាប់ បើនាងមិនដែលមករករឿងឈ្លោះទាស់ទែងជាមួយកូន។ កូនដឹងទេ យើងជាស្រី គេក៏ជាស្រី យើងចង់បានក្ដីសុខ គេក៏ចង់បានសុខដូចតែយើងដែរ។ កូនកុំខឹងនាង កូនគួរខឹងបុរសដែលកូនស្រលាញ់ ថាគេបានធ្វើអ្វីខ្លះ គេបានដោះស្រាយអ្វីខ្លះមុនបង្កើតចំណងស្នេហាជាមួយកូននេះ។
៤. ម៉ាក់ដឹងថា មានបុរសច្រើនណាស់ដែលមកស្រលាញ់កូន តែមិនស័ក្ដិសមនឹងកូន ក៏មានអ្នកដែលស័ក្ដិសមនឹងកូន តែកូនមិនស្រលាញ់ ក៏មានមនុស្សដែលកូនស្រលាញ់ តែគេមិនស្រលាញ់កូនទៅវិញ។ កូនឃើញទេ រឿងស្នេហាវាស្មុគស្មាញចាក់ស្រេះអ៊ីចឹង។ ដូច្នេះ បើកូនចង់សម្រេចចិត្តថាស្រលាញ់ឬមិនស្រលាញ់អ្នកណានោះ ចូរកូនកុំយកត្រចៀកស្ដាប់ច្រើនពេក តែត្រូវយកភ្នែកសម្លឹងមើលឱ្យបានច្រើន ឱ្យបានជ្រៅ មើលថាតើគេប្រឹងប្រែងយ៉ាងណាដើម្បីកូន។
ហើយបើកូនចង់ដឹងថាបុរសណាសមនឹងកូនឬអត់នោះ ចូរកូនកុំសុំគាត់នូវអ្វីដែលគាត់កំពុងមាន ត្រូវសុំស្នាមញញឹមនិងទឹកភ្នែកពីគាត់។ កូនត្រូវសុំទឹកភ្នែកពីបុរសម្នាក់ដែលអាចឱ្យកូនយំ គឺយំទាំងក្ដីរំភើប មិនមែនយំដោយក្ដីឈឺចាប់ទេ។ ចំណែកស្នាមញញឹម គឺការធ្វើឱ្យកូនញញឹមបាន ពេលកូនកំពុងកើតទុក្ខ។
៥. រកបុរសណាដែលអាចដាក់រូបថតកូនក្នុងកាបូបលុយរបស់គេ បុរសដែលព្រមឱ្យកូនខាំសាច់គេ បុរសដែលហ៊ានឱ្យកូនដឹងរឿងសព្វគ្រប់បែបយ៉ាងអំពីគេ បុរសដែលទោះបីកូនខឹង ឬសុំបែកគ្នាច្រើនដងយ៉ាងណាក៏មិនព្រមលែងដៃកូន មានតែទាញកូនមកឱបកាន់តែណែន ហើយក៏ជាបុរសណាដែលមានទំនួលខុសត្រូវខ្ពស់ និងអាចធ្វើល្អដាក់កូនអស់មួយជីវិត។
៦. កុំស្រលាញ់អ្នកណាម្នាក់ដែលមកសុំកូនរៀបការពេលកូនមានបាន ឬមើលឃើញប្រយោជន៍របស់កូន តែត្រូវជ្រើសរើសបុរសណាដែលព្រមលេបថ្មលេបក្រួសជាមួយកូនតាំងពីកូននៅអត់ស៊ីអត់ឃ្លាន ត្រដាបត្រដួសរហូតមានថ្ងៃនេះ។
៧. កូនស្រី! កូនគួររើសបុរសណាដែលទោះមិនសូវមានលុយច្រើន តែគេព្រមឱ្យកូនចាយ ឬមិនចេះលាក់លៀមជាមួយកូន ល្អជាងបុរសដែលមានលុយហៀរហោប៉ៅ តែមុនចាយកូនត្រូវលាដៃសុំលុយគេ ឬត្រូវរាយការណ៍គ្រប់អ្វីដែលបានចាយ។ គេមានកុងធនាគារប៉ុន្មានមិនសំខាន់ គេមានលុយប៉ុន្មានក្នុងកុងក៏មិនសំខាន់ អ្វីដែលសំខាន់តើកូនមានសិទ្ធិកាន់កាប់លុយទាំងនោះដែរឬក៏អត់៕