• 2019-06-03 23:30:00
  • ការអប់រំ

តើ​គួរ​រើស​ការងារ​ដូចម្ដេច​ឲ្យ​ត្រូវ​តាម​ចំណេះ ជំនាញ និង​ចំណូល​ចិត្ត របស់​ខ្លួន​?

  • 2019-06-03 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​មើល​ស្រាល​រឿង​ងាយស្រួល​មួយ​នេះ​ឲ្យ​សោះ ព្រោះ​មាន​យុវជន​មិន​តិច​ទេ​ដែល​ខូច​ចិត្ត​ព្រោះ​រើស​ការងារ​មិន​ត្រូវ ហើយ​បរាជ័យ​។ ការងារ​មិន​ត្រូវ គឺ​ការងារ​ដែល​មិន​ត្រូវ​នឹង​ចំណេះ ជំនាញ និង​ចំណូល​ចិត្ត របស់​ខ្លួន ការ​រើស​ការងារ​មិន​ត្រូវ​ព្រោះ​តែ ខ្លួន​ឯង​មិន​ស្គាល់​ខ្លួន​ឯង​ពិត​ប្រាកដ​។

ស្វែងរកការងារដែលស័ក្ដិសមនឹងខ្លួនឯង

ការងារ​រាប់​ពាន់​កំពុង​ត្រូវ​ការ​អ្នក​ដាក់​ពាក្យ​ចូល​ធ្វើ ខណៈ​ពេល​ដែល​យុវជន​ខ្លះ​មិន​ដឹង​ខ្លួនឯង​ថា គួរ​ជ្រើស​ការងារ​មួយ​ណា​មក​ធ្វើ​នោះ Sabay ណែនាំ​វិធីសាស្ត្រ ៨ ចំណុច​ឲ្យ​អ្នក​បាន​ជា​គំនិត​ខ្លះៗ ហើយ​សង្ឃឹម​ថា អ្នក​ទាំងអស់​គ្នា​នឹង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ប្រើ​។

១. វាយ​តម្លៃ​ខ្លួន​ឯង

ការ​វាយ​តម្លៃ​លើ​ខ្លួន​ឯង ជា​វិធី​ល្អ​ដើម្បី​ឲ្យ​ស្គាល់​ខ្លួនឯង​បាន​ច្បាស់​ថា ខ្លួន​ឯង​ត្រូវ​ការ​អ្វី ចូល​ចិត្ត​អ្វី ខ្លាំង​ខាង​អ្វី ខ្សោយ​ខាង​អ្វី តើ​ត្រូវ​ធ្វើ​អ្វី​។ ជា​មួយ​គ្នា​នេះ​អ្នក​ត្រូវ​ស្គាល់​អត្តចរិត​របស់​ខ្លួន​ផង​ដែរ​។ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ខ្លួនឯង​បាន​មុន​នឹង​ជ្រើសរើស​ការងារ​ត្រឹមត្រូវ​មួយ​អ្នក​ត្រូវ​មើល​លើ ៤ ចំណុច​៖

គុណ​តម្លៃ តើ​អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ជា​សំខាន់​? វា​អាច​ជា​ប្រាក់​ចំណូល កិត្តិយស អំណាច​ជាដើម​។

ចំណាប់​អារម្មណ៍ តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី រស់​នៅ​របៀប​ណា​? ឧទាហរណ៍​ថា អ្នក​ចូល​ចិត្ត​ជួប​ជជែក​គ្នា​ជា​មួយ​មនុស្ស​ក្នុង​សង្គម ចូល​ចិត្ត​ដើរ​ឆ្ងាយ ចូល​ចិត្ត​សរសេរ​ច្រើន​ជា​ដើម​។

បុគ្គលិកលក្ខណៈ តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា​? ចូល​ចិត្ត​ស្ងៀមស្ងាត់ ឬ​អ៊ូអរ ចូលចិត្ត​បែប​សប្បាយ ឬ​ចូលចិត្ត​គិត​ច្រើន​ដោះស្រាយ​បញ្ហា ចូលចិត្ត​ភាព​សាមញ្ញ​សេរីភាព ឬ​ចូលចិត្ត​ប្រណីតភាព​...។

សមត្ថភាព តើ​អ្នក​ពូកែ​ខាង​អ្វី​ជាង​គេ​? មនុស្ស​ម្នាក់ៗ តែង​មាន​ចំណុច​ពូកែ​ជាង​គេ​មួយ ហើយ​ជា​ចំណុច​ខ្លាំង​បំផុត​ក្នុង​ខ្លួន​។ ដូច​ជា​ពូកែ​ខាង​ថតរូប ឬ​ភាសា​កុំព្យូទ័រ​ជាដើម​។

២. រាយ​ឈ្មោះ​ការងារ​ដែល​ទាក់ទង​នឹង​៤​ចំណុច​ខាង​លើ

សរសេរ​ឈ្មោះ​ការងារ ដែល​មើល​ទៅ​អ្នក​ទំនង​អាច​ធ្វើ​បាន​ឲ្យ​បាន ៥ ទៅ ១០ ការងារ ដោយ​ផ្អែក​លើ​ចំណុច​ទាំង​បួន​ខាង​លើ​។ ឧទាហរណ៍​ថា អ្នក​ឲ្យ​តម្លៃ​លើ​ការ​រស់នៅ​បែប​ធម្មជាតិ ចូលចិត្ត​ដើរហើរ និង​សេរីភាព មាន​សមត្ថភាព​ស្វែង​យល់​បាន​លឿន​ពី​ការ​ថត​រូប អ្នក​គួរ​តែ​ជា​អ្នក​ជំនាញ​ថត​រូប​ម្នាក់ ឬ​អ្នក​កាសែត​ថត​រូប​។ ក្រៅ​ពី​នេះ វា​អាច​ជា​ការងារ​ដែល​អ្នក​ពុំ​សូវ​ដឹង ឬ​ស្គាល់​ប៉ុន្មាន ប៉ុន្តែ​កុំ​បារម្ភ​ពេក ព្រោះ​អ្នក​មិនមែន​ជា​អ្នក​ត្រាស់​ដឹង​គ្រប់​រឿង​នោះ​ទេ​។

៣. ស្រាវជ្រាវ​ពី​ការងារ​ដែល​អ្នក​បាន​ជ្រើស​រើស​ហើយ

បន្ទាប់​ពី​កត់​ឈ្មោះ​ការងារ​បាន​ខ្លះ​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ព័ត៌មាន​ជា​មូលដ្ឋាន​ទាក់ទង​នឹង​ការងារ​ទាំង​នោះ។ អ្នក​ត្រូវ​រក​ការ​ពណ៌នា​ពី​ការងារ (Job Description) តម្រូវការ​ក្នុង​ការងារ​ដូច​ជា កម្រិត​វប្បធម៌ បទពិសោធន៍​ការងារ​ជា​ដើម​។ អ្នក​ក៏​ត្រូវ​មើល​ពី​ឱកាស​ដើម្បី​អភិវឌ្ឍន៍​ខ្លួន និង​ទស្សនៈ​វិស័យ​ការងារ​ផង​ដែរ​។ សូម​ចូល​មើល​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ឱកាស​ទីផ្សារ​ការងារ​ដែល​មាន​ទំនុក​ចិត្ត​បំផុត ដូច​ជា​គេហទំព័រ​របស់​ក្រសួង​ការងារ ទំព័រFacebook Sabay Job និង ការ ផ្សព្វផ្សាយ តាម កាសែត ផ្លូវការ​មួយ​ចំនួន​ទៀត​។

៤. រើស​ការងារ​ល្អ​បំផុត តែ​២-៣​បាន​ហើយ

ក្រោយ​ពី​ស្រាវជ្រាវ​ព័ត៌មាន​ខ្លះៗ នៃ​ការងារ​នីមួយៗ ដែល​អ្នក​បាន​ជ្រើសរើស​ហើយ អ្នក​ប្រាកដ​ជា​មើល​ឃើញ​ការងារ​ល្អ សមរម្យ​នឹង​ខ្លួនឯង​បំផុត​២ ឬ ៣ ដែល​ស្រដៀងៗ​គ្នា​។ បើ​សិន​អ្នក​ខ្វះ​ចំណុច​ណា​មួយ ដូច​ជា​ផ្នែក Soft Skill ទាក់​ទង​នឹង​ភាព​ជា​បុគ្គលិក ការងារ​ជា​ក្រុម ឬ​ចំណេះ​ដឹង​បន្ថែម​ផ្នែក​ច្បាប់ ឬ​ជំនួញ​ជា​ដើម អ្នក​អាច​ចាប់​ផ្ដើម​ស្វែង​រក​សិក្ខាសាលា​បណ្ដុះបណ្ដាល​បន្ថែម និង​រៀន​តាម​អ៊ីនធឺណិត​។

៥. ជួប​ផ្ទាល់​ជា​មួយ​អ្នក​មាន​បទពិសោធន៍​ការងារ

គ្រាន់​តែ​ដឹង​តាម​រយៈ​គេ​សរសេរ​វា​មិន​គ្រប់គ្រាន់​ទេ អ្នក​ត្រូវ​ការ​ជួប​អ្នក​មាន​បទពិសោធន៍​ផ្ទាល់​ទៀត ទើប​បាន​ភ្លឺ​ភ្នែក​។ សាក​រៀន​ណាត់​គេ ដើម្បី​ជួប​ជជែក​គ្នា​ពី​ការងារ ដែល​អ្នក​មាន​បំណង​ចង់​ធ្វើ​មើល​។ សួរ​គេ​ថា តើ​ការងារ​នោះ​ប្រឈម​នឹង​អ្វី​ខ្លះ លំបាក​ប៉ុណ្ណា គេ​ធ្វើ​អ្វី​ខ្លះ ខ្ញុំ​មាន​សមត្ថភាព​ប៉ុណ្ណេះ តើ​ខ្ញុំ​អាច​បំពេញ​ការងារ​នោះ​បាន​ល្អ​ទេ​។ ជួនកាល​បើ​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ ប្រធាន​ផ្នែក​ធនធានមនុស្ស (HR) អ្នក​ក៏​អាច​សុំ​អនុញ្ញាត​ចូល​មើល​ប្រព័ន្ធ​ការងារ​នៅ​កន្លែង​គេ​ផ្ទាល់​ក៏​បាន​។

៦. សម្រេច​រើស​ការងារ​មួយ​មក​ធ្វើ

តើ​ការងារ​មួយ​ណា​ល្អ​សម្រាប់​អ្នក​? ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន និង​ទទួល​បាន​ប្រាក​ខែ​សម​ល្មម​។ អ្នក​អាច​ជ្រើស​យក​ការងារ​មួយ​ដែល​អ្នក​គិត​ថា​ល្អ និង​ពេញ​ចិត្ត​បំផុត​ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ដ៏​យក​ចិត្ត​ទុក​ដាក់​ខាង​លើ និង​ត្រៀម​ចិត្ត​គំនិត ដើម្បី​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​បំផុត​។

៧. កំណត់​គោល​ដៅ​ការងារ

អបអរសាទរ​អ្នក​ទទួល​បាន​ការងារ​ថ្មី​មួយ​! អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​កំណត់​គោលដៅ​ការងារ​ខ្លួនឯង នេះ​ជា​កិច្ចការ​របស់​បុគ្គលិក​ម្នាក់ៗ​តែង​ធ្វើ​។ គោលដៅ​មាន​ពីរ​គឺ គោលដៅ​រយៈពេល​ខ្លី (៦ខែទៅ១ឆ្នាំ) និង គោលដៅ​រយៈពេល​វែង (៣ឆ្នាំទៅ៥ឆ្នាំ)​។ រយៈពេល ៦​ខែ តើ​អ្នក​នឹង​សម្រេច​ឲ្យ​បាន​នូវ​អ្វី​ខ្លះ​? ជាក់​ស្ដែង​ខ្ញុំ​អ្នក​ផលិត​វីដេអូ​ផ្ទាល់​រយៈពេល​៦​ខែ​ដំបូង​ខ្ញុំ​ត្រូវ​រក​អ្នក​ចូល​មើល​វីដេអូ​ឲ្យ​បាន​៥​ម៉ឺន​នាក់​។ តាម​រយៈ​សមិទ្ធផល​តូចៗ​ទាំង​នេះ ក្នុង​រយៈពេល​៣​ឆ្នាំ តើ​អ្នក​នឹង​សម្រេច​អ្វី​ខ្លះ​? នេះ​ជា​សំណួរ​សម្រាប់​កំណត់​គោលដៅ​។

រៀប​គម្រោង​សម្រេច​គោលដៅ

អ្នក​មាន​គោលដៅ តើ​អ្នក​សម្រេច​គោលដៅ​ដោយ​របៀប​ណា​? នេះ​ជា​សំណួរ​ចាក់ដោត​ដល់​កម្រិត​ហើយ​។ ដូច្នេះ​គេ​ទាមទារ​ឲ្យ​អ្នក​រៀបចំ​គម្រោង​នៃ​ដំណើរ​ការងារ​ឲ្យ​បាន​ច្បាស់ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​។ ឧទាហរណ៍ បើ​អ្នក​ជា​ភ្នាក់ងារ​លក់​ផលិតផល​ម្នាក់ ក្នុង​រយៈពេល​៦​ខែ ធ្វើ​ម៉េច​លក់​ឲ្យ​បាន​១៥០០ ឯកតា (Unit) អ្នក​ត្រូវ​រៀបចំ​ឲ្យ​មាន​វីដេអូ​ផ្សព្វផ្សាយ ៣០ Poster ១៥០ សន្លឹក ទាក់ទង​ដោយ​ផ្ទាល់​ជា​មួយ​ហាង​បោះ​ដុំ​ឲ្យ​បាន ៥ និង​អ្នក​លក់​រាយ​ឲ្យ​បាន​៣០​កន្លែង​ជា​ដើម​។

យី​! ការងារ​មួយ​សោះ​ហេតុ​អ្វី​បាន​ជា​ត្រូវ​ធ្វើ​រឿង​ស្មុគស្មាញ​ច្រើន​ម្ល៉េះ​?

កុំ​មើល​ស្រាល​ឲ្យ​សោះ​! ការងារ​ដំបូង ជា​អ្នក​ដឹក​នាំ​ជីវិត​ការងារ​បន្តបន្ទាប់​របស់​អ្នក ថ្ងៃ​ណា​មួយ​អ្នក​ចង់​ដូរ​ការងារ អ្នក​នឹង​ដឹង​ថា ការងារ​ដែល​អ្នក​ស្រួល​រក​បំផុត និង​ទទួល​បាន​ចំណូល​សមរម្យ​បំផុត​គឺ​ការងារ ដែល​មាន​លក្ខណៈ​ដូច​ការងារ​ដែល​អ្នក​ធ្លាប់​ធ្វើ​ពី​មុន ហើយ​អ្នក​នឹង​មិន​ងាយ​រក​ការងារ​ផ្សេង​ពី​នោះ​ទេ​។ ឧទាហរណ៍​ថា អ្នក​ធ្វើ​ជា​អ្នក​កាត់​ត​វីដេអូ ពេល​ចង់​ដូរ​ការងារ​ កន្លែង​ដែល​អ្នក​ងាយ​ចូល​បំផុត​គឺ​កន្លែង​កាត់​ត​វីដេអូ បើ​ចង់​ទៅ​ធ្វើ​ជា​តៃកុង​ឡាន អ្នក​មាន​សង្ឃឹម​បាន​ចូល​ធ្វើ​តិច​ណាស់​។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត កុំ​ឲ្យ​មាន​វិបត្តិ​នៅ​ថ្ងៃ​ក្រោយ​។

កុំ​សម្លឹង​មើល​ឃើញ​តែ​ប្រាក់ខែ បែរ​មក​មើល​សមត្ថភាព​ខ្លួន​ឯង​ផង​។ អ្នក​មិន​អាច​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ទេ ប្រសិន​សមត្ថភាព​អ្នក​ខ្សោយ​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់