• 2019-06-07 03:06:00
  • ការអប់រំ

កុំ​ចេះ​តែ​រិះគន់​ទង្វើ​របស់​គេ ប្រសិន​អ្នក​ពុំ​ទាន់​មាន​គំនិត​ល្អ​ជា​អ្វី​ដែល​គេ​ធ្វើ

  • 2019-06-07 03:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រិះគន់​មិន​មែន​សុទ្ធតែ​មាន​ន័យ​អវិជ្ជមាន​នោះ​ទេ ហើយ​អ្នក​រិះគន់​ក៏​មិន​សុទ្ធតែ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ​។ នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​ខំ​ធ្វើ តែង​ចង់​បាន​ការ​សរសើរ មិន​ត្រូវការ​ការ​រិះគន់ រីឯ​អ្នក​មើល​ឃើញ​ពី​កំពុង​ឆ្គង​នៃ​ទង្វើ ចូល​ចិត្ត​រិះគន់​ច្រើន​ជាង​សរសើរ ដោយ​អាង​ថា រិះគន់​ដើម្បី​ឲ្យ​មាន​ការ​កែ​លម្អ​។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​មួយ​ថា អ្នក​ថា​ចាំ​តែ​ថា ឯ​អ្នក​ធ្វើ​ចេះ​តែ​ធ្វើ និង​ពាក្យ​ថា មើល​ឃើញ​តែ​កំហុស​អ្នក​ដទៃ មើល​មិន​ឃើញ​កំហុស​ខ្លួនឯង​។ បើ​តាម​ការ​លើក​ឡើង​របស់​លោក ឆឺឈីល (Winston Churchill ) ថា ការ​រិះគន់​អាច​នឹង​មិន​ទទួល​យក ប៉ុន្តែ​វា​ចាំបាច់​ត្រូវ​តែ​មាន​។ វា​ជួយ​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត ដែល​ប្រៀប​បាន​នឹង​ការ​ព្យាបាល​ជំងឺ​ក្នុង​ខ្លួន​មនុស្ស​ដែរ​។ ប្រសិន​បើ​រិះគន់​ទាន់​ពេល ហានិភ័យ​នឹង​ត្រូវ​បញ្ចៀស ប៉ុន្តែ​បើ​វា​ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​មាន គ្រោះថ្នាក់​នឹង​រាលដាល​។

រីឯ​មួយ​ឃ្លា​ទៀត​ពី​លោក វីលៀម សមើសេត ម៉ូខាម (W. Somerset Maugham) អ្នក​និពន្ធ​សញ្ជាតិ​អង់គ្លេស​មាន​សេចក្ដី​ថា មនុស្ស​សួរ​រក​ការ​រិះគន់ ប៉ុន្តែ​គេ​តែង​ចង់​បាន​តែ​ការ​សរសើរ​ប៉ុណ្ណោះ​។ ក្រៅ​ពី​នេះ​នៅ​មាន​សម្រង់​សម្ដី​ដែល​និយាយ​ពី​ការ​រិះគន់​ជា​ច្រើន​ទៀត​របស់​មនុស្ស​ល្បីៗ ដែល​បញ្ជាក់​ថា​ការ​រិះគន់​ត្រូវ​តែ​មាន មិន​អាច​អត់​បាន​។

រិះគន់​ដើម្បី​ស្ថាបនា

តើ​ការ​រិះគន់​របៀប​ណា ទើប​អាច​ឲ្យ​គេ​ទទួល​យក​បាន និង​មិន​ធ្វើ​ឲ្យ​គេ​អន់​ចិត្ត​?

ខ្ញុំ​មិន​ហ៊ាន​ផ្ដល់​ចម្លើយ​ជាក់លាក់​ណា​មួយ​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ផ្ដល់​ចំណុច​គួរ​ពិចារណា​ខ្លះៗ ដើម្បី​ឈ្វេងយល់​ដោយ​ខ្លួនឯង​។ បើ​គេ​និយាយ​ពី​ការ​រិះគន់ ជា​ទូទៅ​គេ​ចែក​វា​ចេញ​ជា​ពីរ​ផ្នែក​ផ្សេង​គ្នា​គឺ រិះគន់​ដើម្បី​ស្ថាបនា និង​រិះគន់​ជាន់​ពន្លិច​។ ហើយ​គេ​សម្គាល់​ការ​រិះគន់​ទាំង​ពី​នេះ​ដោយ​របៀប​ណា​? ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្គាល់​ខ្លះៗ​ដែល​ដកស្រង់​ចេញ​ពី គេហទំព័រ​បរទេស​ល្បីៗ​មួយ​ចំនួន​៖

រិះគន់​ដើម្បី​ស្ថាបនា (Constructive Criticism)

ការ​រិះគន់​បែប​ស្ថាបនា តែង​ឆ្លើយ​នូវ​សំណួរ​មួយ​ថា តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​បន្ថែម​ទៀត​ទើប​វា​ប្រសើរ​? ដើម្បី​ឆ្លើយ​សំណួរ​នេះ​បាន ទាល់​តែ​អ្នក​រិះគន់​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​មួយ​រឹងមាំ​សិន បាន​ន័យ​ថា បើ​ប្រុង​រិះគន់​គេ​ពាក់ព័ន្ធ​រឿង​អ្វី​មួយ​ទាល់​តែ អ្នក​រិះគន់​យល់​ពី​រឿង​នោះ​សិន មិន​មែន​ចេញ​មក​ទាំង​ទទឹង​ទិស​ទេ ត្រូវ​ប្រាប់​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត ហើយ​ប្រាប់​ពី​របៀប​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ហើយ​ត្រូវ​ផ្អែក​លើ​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់​ផង​។

មាន​ហេតុ និង​ផល​ត្រឹមត្រូវ ជា​រឿង​ចាំបាច់​ក្នុង​ការ​រិះគន់​។ ហេតុ​អ្វី​បាន​ជា​គេ​នៅ​ខ្វះខាត ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​បំពេញ​ចំណុច​នេះ ឬ​ចំណុច​នោះ​បន្ថែម តើ​ចំណុច​ដែល​ត្រូវ​បំពេញ​បន្ថែម​វា​មាន​តម្លៃ​ជា​រួម និង​សំខាន់​ក្នុង​កិច្ចការ​នោះ​ប៉ុណ្ណា​?

ត្រូវ​ចេះ​មើល​សមត្ថភាព​របស់​អ្នក​ដែល​ត្រូវ​រិះគន់​ផង អ្វី​ដែល​អ្នក​រិះគន់​លើក​ឡើង ជួន​កាល​លើស​លប់​ពេក ហួស​ពី​សមត្ថភាព ហួស​ពី​កិច្ចការ​ដែល​គេ​ត្រូវ​ធ្វើ មិន​ត្រឹមត្រូវ​តាម​ស្ថានភាព​ជា​ដើម​។ ដូច្នេះ​មិន​ត្រូវ​ហួស​ហេតុ​ពេក​ទេ​។

ចំណុច​ពិសេស​មួយ​ទៀត​គឺ មិន​គិត​តែ​រិះគន់​សុទ្ធ​ទេ មាន​សរសើរ និង​លើក​ទឹក​ចិត្ត​ដែរ​។ លើស​ពី​នេះ​ក៏​អាច​ព្យាយាម​ជួយ​ជ្រោមជ្រែង​តាម​គ្រប់​រូបភាព ក្នុង​ចេតនា​ជួយ​ឲ្យ​មាន​ការ​រីកចម្រើន​។

ការ​រិះគន់​ដើម្បី​ជាន់​ពន្លិច (Destructive Criticism)

  • ស្ដែង​ចេញ​ពី​ចរិត ឬ​គំនិត​ផ្ទាល់​ខ្លួន ច្រើន​ជាង​បទពិសោធន៍ និង​គ្មាន​មូលដ្ឋាន

  • ច្រើន​តែ​បន្ទោស និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​អាក្រក់​ៗ

  • ផ្ដោត​តែ​លើ ការ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ត្រូវ និង​ល្អ​ប្រសើរ

  • ចំណុច​ត្រូវ​មាន​តិច​តួច​ណាស់ (​ព្រោះ​មាន​តែ​ចំណុច​ខ្វះខាត​)

ការ​រិះគន់​របៀប​នេះ អាច​កើត​ចេញ​ពី​ការ​ច្រណែន ខឹង និង​មាន​បំណង​ផ្ចាញ់ផ្ចាល​។ វា​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ទេ ផ្ទុយ​មក​វិញ​បង្ក​តែ​ភាព​អវិជ្ជមាន​រវាង​បុគ្គល ស្ថាប័ន បក្ស​ពួក​ក្រុម ឬ​ទំនាស់​ក្នុង​នយោបាយ​ជាដើម​។

យ៉ាងណាក៏ដោយ អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​រិះគន់ ទោះ​បី​រិះគន់​ក្នុង​រូបភាព​ណា​មួយ ក៏​គេ​មិន​ព្រម​ទទួល​យក​ដោយ​សុខ​ចិត្ត​ឡើយ ហើយ​ព្យាយាម​បិទ​ខ្ទប់​ការ​រិះគន់​មិន​ឲ្យ​មាន ឬ​ព្យាយាម​បដិសេធ​រាល់​ការ​រិះគន់ បើ​ទោះ​បី​ខ្លួន​ខ្វះខាត​ច្រើន​ក៏​ដោយ​។ ការ​បើក​ឲ្យ​មាន​ការ​រិះគន់ បាន​ន័យ​ថា បើក​ឲ្យ​មាន​ការ​សរសើរ​លើក​តម្កើង​តែ​មួយ​មុខ​ប៉ុណ្ណោះ កុំ​រិះគន់​ឲ្យ​សោះ

អត្ថបទ​បន្ទាប់​នឹង​និយាយ​ពី​របៀប​រិះគន់​ដោយ​មាន​ប្រសិទ្ធភាព និង​គុណសម្បត្តិ​នៃ​មតិ​រិះគន់ និង​ការ​ប្រឈម​នឹង​ការ​រិះគន់​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់