- 2019-06-13 00:30:00
- ការអប់រំ
មូលហេតុបីយ៉ាងធ្វើឲ្យកុមារីមិនស្គាល់អ្វីជាភាសាអង់គ្លេសបានអាហារូបករណ៍នៅអូស្រ្តាលី
- 2019-06-13 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុបីយ៉ាងធ្វើឲ្យកុមារីមិនស្គាល់អ្វីជាភាសាអង់គ្លេសបានអាហារូបករណ៍នៅអូស្រ្តាលី
ចន្លោះមិនឃើញ
បើនិយាយដល់ការតស៊ូដើម្បីជីវិតរស់នៅឲ្យបានល្អប្រសើរនោះ មនុស្សគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍ផ្សេងៗគ្នា និងមានលក្ខខណ្ឌខុសៗគ្នាទៅតាមបរិស្ថានរស់នៅ និងក្រុមគ្រួសារជាដើម។
ពីកុមារីមិនស្គាល់អ្វីទៅជាភាសាអង់គ្លេស កញ្ញា រ៉ុន សុភី ពេលនេះតាមរយៈការតស៊ូរៀនសូត្របានទទួលអាហារូបករណ៍ពេញលេញសិក្សានៅសាកលវិទ្យាល័យមែលប៊នប្រទេសអូស្រ្តាលី។
សុភី មានស្រុកកំណើតនៅខេត្តកំពង់ចាម មានឪពុកម្ដាយជាកម្មករជៀរជ័រកៅស៊ូ តែដោយសារមានជំងឺផង ប្រាក់ចំណូលតិចទៀត គ្រួសារសុភីធ្លាក់ខ្លួនជាប់បំណុលគេ និងបានបង្ខំចិតរត់គេចខ្លួនពីកំពង់ចាម មករស់នៅក្នុងផ្ទះប្រក់តង់ក្បែរគំនរសំរាមស្ទឹងមានជ័យ។
ក្នុងឆ្នាំ២០០៦ សុភី ជាក្មេងម្នាក់ដែលកំពុងដើររើសអេតចាយលើគំនរសំរាមស្ទឹងមានជ័យ ដូចក្មេងៗមួយចំនួនទៀតដែរ។ សំណាងល្អសុភីបានជួបលោក Scott Neesonប្រធានអង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថាCCF ដែលបាននាំសុភីឲ្យចូលរៀន។
សុភី និយាយក្នុងបទសម្ភាសន៍ជាមួយSabay ថា៖ «ថ្ងៃមួយខ្ញុំរើសអេតចាយ ក៏បានជួបស្កុត គាត់សួរថាចង់រៀនអង់គ្លេសឬអត់? ខ្ញុំអត់ស្គាល់អង់គ្លេសហ្នឹងគឺជាអ្វីទេ មិត្តខ្ញុំថាកុំទៅខ្លាចអង្គការហ្នឹងបោក តែខ្ញុំចង់ចូលរៀនចង់ស្គាល់ថាអង់គ្លេសហ្នឹងស្អីគេ ខ្ញុំប្រាប់វាអ៊ីចឹង...ចូលដល់ខ្ញុំសប្បាយចិត្ត ឃើញអង្គការធំស្អាត ដែលខ្ញុំមិនដែលឃើញ ឃើញក្មេងៗ លេងសប្បាយ ធ្វើឲ្យខ្ញុំចង់នៅ គេស្វាគមន៍ណាស់ ខ្ញុំចង់នៅ បានហូបស្អាត»។
សុភី និយាយថាកត្តាបីយ៉ាងដែលជំរុញឲ្យសុភីបានទទួលជោគជ័យក្នុងការទទួលបានអាហរូបរណ៍នៅប្រទេសអូស្ត្រាលីនេះ។ ទីមួយគឺការចេះតស៊ូ ទីពីរការចាប់យកឱកាស និងទីបីមកពីខ្លួនចង់ជួយឪពុកម្ដាយរួចផុតពីភាពក្រីក្រ។
កញ្ញាបន្តថា៖ «ខ្ញុំអាណិតម៉ែឳ ចង់ជួយឲ្យគាត់ផុតពីភាពក្រីក្រ ខ្ញុំដឹងថាភាពក្រលំបាក គឺពិបាក ជីវិតយើងលំបាកលំបិន អាណិតម៉ែឪ...ការតស៊ូជារឿងសំខាន់ បើអត់មានការតស៊ូគឺអ្វីក៏យើងអត់អាចសម្រេចបានទេ បើយើងខ្លាចហត់ ខ្លាចឈឺយើងនៅតែប៉ុណ្ណឹង យើងក្រនៅតែក្រ គឺវាអត់មានភាពផ្លាស់ប្តូរអ្វីទាំងអស់។ អ៊ីចឹងបើអាចខំប្រឹងទៅធ្វើកុំបោះបង់ចោល»។
កញ្ញាបន្ថែមថា៖ «បើមានឱកាសបានចូលរៀន ឬធ្វើអ្វីមួយកុំបោះបង់វាហើយបើសិនជាអាច យើងចាប់យកអ្វីដែលថ្មី ព្រោះវាអាចជាបទពិសោធន៍សម្រាប់យើងទៅថ្ងៃមុខ ដូចខ្ញុំអ៊ីចឹងបើខ្ញុំអត់យកការជួយរបស់ស្កុតពេលខ្ញុំកំពុងរើសអេតចាយ ឲ្យខ្ញុំទៅរៀនអង់គ្លេសហ្នឹងទេគឺខ្ញុំអត់អាចមានសព្វថ្ងៃហ្នឹងទេ គឺដោយសារខ្ញុំហានដើរចេញពីcomplex zone របស់ខ្ញុំ»។
សុភី អះអាងថាបើសិនជាខ្លួនបោះបង់ឱកាសដែលលោក Scott Neeson ផ្ដល់ឲ្យនៅពេលនោះម្លេះសមពេលនេះនាងប្រហែលជាត្រូវរៀបការ ឬស្លាប់ក៏ថាបាន ដោយថាពេលនោះខ្លួនមានជំងឺ និងហូបអាហារដែលសេសសល់ និងគេបោះចោលតែប៉ុណ្ណោះ។
សម្រាប់ថ្ងៃអនាគតកញ្ញា សុភី ចង់បង្កើតអាជីវកម្មមួយផ្ទាល់ខ្លួន និងចង់រួបចំណែកក្នុងអង្គការដែលខ្លួនបានរស់នៅជួយដល់កុមារផ្សេងៗទៀត។ កញ្ញាបន្ថែម៖ «ចង់ធ្វើអាជីវកម្មខ្លួនឯង និងចង់ជួយក្មេងៗជំនាន់ក្រោយនៅអង្គការ ចែករំលែកបទពិសោធន៍ ជួយដល់អង្គការជាអ្នកមានគុណរបស់ខ្ញុំ»៕