• 2019-06-19 08:09:00
  • ការអប់រំ

សន្និសីទគំរូជាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិរបស់និស្សិតខ្មែរ៣០នាក់ ដោះស្រាយលើប្រធានបទ «ស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសវេណេស៊ុយអេឡា»

  • 2019-06-19 08:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែងតែរៀបចំកម្មវិធីកិច្ចប្រជុំគំរូអង្គការសហប្រជាជាតិ ទីក្រុងភ្នំពេញ ឬហៅជាភាសាអង់គ្លេសថា Phnom Penh Model United Nations (PPMUN) ដែលជាសន្និសីទគំរូដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

សន្និសីទគំរូនេះ ប្រារព្ធឡើងនៅក្នុងគោលបំណងផ្តល់ជូនសិស្ស និស្សិត និងសាធារណជននូវឱកាសក្នុងការយល់ដឹងអំពីនីតិវិធី របៀបវារៈ និងការដោះស្រាយបញ្ហារបស់អង្គការសហប្រជាជាតិ តាមរយៈការទស្សនាក្រុមនិស្សិតដើរតួជាគណប្រតិភូតំណាងប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។ មិនតែប៉ុណ្ណោះ សន្និសីទនេះក៏អាចជួយពង្រឹងយុវជននូវជំនាញទន់ផ្សេងទៀតដូចជា៖ ភាពជាអ្នកដឹកនាំ ការត្រិះរិះពិចារណាបែបស៊ីជម្រៅ ជំនាញនិយាយជាសាធារណៈ ជំនាញស្រាវជ្រាវ ព្រមទាំងពង្រីកចំណេះដឹងទូទៅទាក់ទងទៅនឹងបញ្ហាពិភពលោក។

កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៤មក រីឯឆ្នាំ២០១៩នេះវិញ PPMUNក៏បានវិលត្រលប់មកវិញជាមួយនឹងគំនិតផ្តួចផ្តើមថ្មីក្នុងរូបភាពជាកិច្ចប្រជុំគំរូរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក្រោមប្រធានបទ “ស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសវេណេស៊ុយអេឡា” (Current Situation in Venezuela) ដែលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនូវចំណេះដឹងស្តីពីអភិបាលកិច្ចជាសកលដល់សាធារណជនកម្ពុជា។

ជាក់ស្តែង សន្និសីទនេះបានប្រមូលផ្តុំ យុវជនដែលមានសមត្ថភាព និងចំណេះដឹងក៏ដូចជាអ្នកមានចំណង់ចំណូលចិត្តផ្នែកទំនាក់ទំនងអន្តរជាតិ ចំនួន ៣០រូបដែលត្រូវបានជ្រើសរើសមកពីសាកលវិទ្យាល័យនានា មកធ្វើជាគណប្រតិភូតំណាងអោយប្រទេសទាំង១៥ដែលជាសមាជិកក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ អ្នកចូលរួមក្នុងសន្និសីទនេះក៏អាចមានឳកាសក្លាយជាទីប្រឹក្សាផ្ទាល់របស់គណប្រតិភូគំរូ ជ្រោមជ្រែងក្នុងការសម្រេចចិត្តលើគោលនយោបាយ និងកិច្ចពិភាក្សាកំពូលនេះផងដែរ។

សន្និសីទគំរូអង្គការសហប្រជាជាតិ ទីក្រុងភ្នំពេញលើកទី៦ (6th Phnom Penh Model United Nations Conference) ក្រោមប្រធានបទ “ស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសវេណេស៊ុយអេឡា” (Current Situation in Venezuela) នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧: ៣0 ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ នៅមជ្ឃមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានការចូលរួមពីសាស្រ្តាចារ្យ សិស្ស និស្សិត និងសាធារណជនសរុបប្រមាណជាង ៦០០នាក់។

ដើម្បីចូលរួមកម្មវិធីនេះ សាធារណជនអាចរកជាវសំបុត្រដែលមានដាក់លក់នៅស្តង់ក្នុង វិទ្យាស្ថានភាសាបរទេស(IFL) ក្បែរអគារG។ តម្លៃមួយសំបុត្រចំនួន៤០០០រៀល ឬ១ដុល្លាប៉ុណ្ណោះ!!!

កម្មវិធីនេះអាចរៀបចំទៅបានដោយទទួលបានការឧបត្ថម្ភពី Prudential, ICE WATCH, CAM-PAINT និង Coca Cola ព្រមទាំងមានការសហការផ្សព្វផ្សាយជាមួយ Sabay, WEduShare និងស្ថានីយទូរទស្សន៍ PNN ។

អត្ថបទ៖ Khun Pisith

មតិយោបល់