- 2019-06-27 04:44:37
- ការអប់រំ
នាយកសាលាភូមិន្ទរដ្ឋបាល៖ "អ្នកល្មើសវិន័យមិនអាចចរចាបាន ហើយប្រឈមបញ្ឈប់ពីការសិក្សា" (វីដេអូ)
- 2019-06-27 04:44:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកសាលាភូមិន្ទរដ្ឋបាល៖ "អ្នកល្មើសវិន័យមិនអាចចរចាបាន ហើយប្រឈមបញ្ឈប់ពីការសិក្សា" (វីដេអូ)
ចន្លោះមិនឃើញ
"ការមិនមកគោរពទង់ជាតិ និងការមករៀនយឺតម៉ោងតាមកាលកំណត់របស់សាលា នឹងប្រឈមមិនបានសញ្ញាបត្រ ឬត្រូវបញ្ឈប់ពីការសិក្សា ឲ្យត្រឡប់ទៅក្រសួងស្ថាប័នវិញ ឯសិស្សនិស្សិតបញ្ចប់ការសិក្សាតែម្ដង"។ នេះជាការលើកឡើងរបស់ ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល ដែលលើកឡើងនៅកិច្ចសម្ភាសន៍ពិសេសជាមួយក្រុមការងារ Sabay កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩។
ឯកឧត្ដមបានលើកឡើងទៀតថា "វិន័យសាលាមិនអាចចរចាបាន ចឹង! បានថាថ្នាក់ដឹកនាំណាក៏ដោយ មន្ត្រីជាន់ខ្ពស់ណាក៏ដោយ បើអវត្តមានលើសពី ១០% នៃមុខវិជ្ជា ត្រូវលុបឈ្មោះចោល គឺអត់ចរចាត្រូវតែលុបឈ្មោះ ហើយបើចង់រៀនទៀតដាក់ពាក្យប្រលង ចូលរៀនលើកក្រោយបាន"។
ជាទូទៅគេសង្កេតឃើញ សិស្សដែលកំពុងរៀននៅសាលាភូមិន្ទរដ្ឋបាល គឺរៀងរាល់ម៉ោង៧ព្រឹក គ្រប់សិស្សទាំងអស់តែងតែជួបជុំគ្នានៅដងទង់ជាតិ ដើម្បីគោរពទង់ជាតិផង និងច្រៀងចម្រៀងភ្លេងជាតិផង។ ក្រោយគោរពទង់ជាតិ សិស្សទាំងអស់នៅពេលចូលរៀនមានការស្កេនក្រយៅដៃ ដើម្បីកត់វត្តមានផងដែរ ដែលបង្ហាញពីវិន័យតឹងរ៉ឹងសម្រាប់អ្នកដែលចង់រៀននៅសាលារដ្ឋមួយនេះ។
សាលាភូមិន្ទរដ្ឋបាលត្រូវបានគេចាត់ទុកដា ជាសាលាដែលមានវិន័យខ្ពស់នៅក្នុងចំណោមសាលានានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការនិយាយពីវិន័យមិនមែនតែផ្ដោតលើការគោរពទង់ជាតិនោះទេ តែ ការគោរពទង់ជាតិ គឺជាចំណែកមួយ ក្នុងក្របខ័ណ្ឌទម្លាប់ឲ្យមន្ត្រីរបស់យើងគោរពម៉ោងពេល និងការបំផុសឲ្យស្រឡាញ់ប្រទេសជាតិ។ ឯកឧត្ដម យក់ ប៊ុនណា មានប្រសាសន៍។
ឯកឧត្ដមបានលើកទៀតថា ចំពោះវិន័យ គឺជាការគោរពពេលវេលា គោរពការសិក្សា និងបទដ្ឋានផ្សេងៗ ដែលបំផុសឲ្យមានទម្លាប់ល្អ និងឆ្ពោះទៅរកភាពជោគជ័យ។ "អ្នកដែលមានវិន័យល្អ គឺជាអ្នកដែលទទួលបានឱកាសជោគជ័យខ្ពស់ ហើយប្រសិនបើគ្មានវិន័យយើងមិនអាចសម្រេចកិច្ចការខ្ពស់បានទេ"៕