- 2019-07-10 04:15:36
- ការអប់រំ
កៀកប្រឡងបាក់ឌុប បេក្ខជនភ័យ ប្រឈមធ្លាក់លើសដើម
- 2019-07-10 04:15:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៀកប្រឡងបាក់ឌុប បេក្ខជនភ័យ ប្រឈមធ្លាក់លើសដើម
ចន្លោះមិនឃើញ
នៅមិនយូរប៉ុន្មានការប្រឡងបាក់ឌុបនឹងមកដល់ ហើយបេក្ខជន បេក្ខនារីមួយចំនួនកំពុងភ័យអំពីការប្រឡងនេះ? អ្នករៀនពូកែ មិនមានការភ័យឡើយ បើទោះភ័យក៏តិចតួច ប៉ុន្ដែនៅឡើយ អ្នករៀនមិនសូវពូកែ ឬមិនទាន់បានត្រៀមចិត្តរួចរាល់ ប្រាកដណាស់នឹងមានអារម្មណ៍ភ័យមិនខាន។ តើត្រូវធ្វើម៉េចឲ្យបាត់ភ័យ?
ឆ្លើយតបនឹងសំណួរនេះ កញ្ញា ថន រតនា ជាសិស្សពូកែ ដែលដណ្ដើមបាននិទ្ទេស A លំដាប់ពិន្ទុ ១០០ពេញ កាលពីឆ្នាំ ២០១៨ បាននិយាយថា «ការភ័យ គឹ់មិនមានប្រយោជន៍អ្វីដល់យើងទេ វាកាន់តែធ្វើឲ្យយើងកាន់តែធ្លាក់ចុះ ភ្លេចភ្លាំង និងបរាជ័យប៉ុណ្ណោះ។ ដូច្នេះកុំភ័យ យើងត្រូវតែដៅទិសខ្លួនឯង ព្រោះយើងនៅសល់ពេលវេលាទៀត បើយើងយកពេលទាំងនោះទៅរៀបចំកាលវិភាគរៀនវិញ វាមានប្រយោជន៍ជាង។»។
ការលើកឡើងរបស់កញ្ញា ខាងលើនេះ នៅក្នុងកម្មវិធី "បាក់ឌុបអនាគតខ្ញុំ" ដែលជាកម្មវិធីរបស់ Sabay និយាយជុំវិញការប្រឡងបាក់ឌុប ដែលផ្សាយជារៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹក នៅលើផេកផ្លូវការ Sabay News Social។ តាមរយៈកម្មវិធីខាងលើនេះ កញ្ញា ថន រតនា បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួនក្នុងការត្រៀមកុំឲ្យភ័យមុនពេលប្រលង និងអំឡុងពេលប្រឡង ដូចខាងក្រោមនេះ៖
- ត្រូវរៀបចំគោលដៅចំពោះខ្លួនឯង៖
យើងត្រូវសួរខ្លួនឯងថា ចង់បានអ្វី ចង់បានត្រឹមតែបញ្ចប់បាក់ឌុប ឬចង់ទទួលបាននិទ្ទេសល្អ។ ជាមួយគ្នានេះដែរ យើងត្រូវកំណត់គោលដៅអមទៅដោយការតាំងចិត្តយ៉ាងមោះមុត ទោះយើងមិនទាន់ចេះក៏ដោយ តែយើងត្រូវប្រាប់ខ្លួនឯងដើម្បីបន្សាំខ្លួនទៅនឹងបរិយាកាសនៃការប្រលងមួយនេះ។
- ត្រូវរៀបចំកាលវិភាគសិក្សាបន្ថែម៖
យើងត្រូវយកមុខវិជ្ជាចាស់ៗ និងថ្មីដែលត្រូវប្រលងមករំលឹកសាជាថ្មីទាំងអស់ជារៀងរាល់ថ្ងៃ ហើយត្រូវព្យាយាមសង្ខេបរាល់មេរៀនទាំងអស់នោះដោយក្ដោបយកចំណុចសំខាន់ នៃខ្លឹមសារមេរៀននីមួយៗឡើងវិញឲ្យបានគ្រប់ជ្រោយ។
- ត្រូវយកវិញ្ញាសាសម័យប្រលងមុនៗមកអនុវត្តន៍ឲ្យច្រើន ៖
ដើម្បីដឹងពីល្បិច នៃលំហាត់ដែលធ្លាប់ចេញកន្លងមកបានល្អិតល្អន់ ហើយយើងត្រូវកំណត់ពេលក្នុងការធ្វើលំហាត់នីមួយៗដើម្បីស្ទាបស្ទង់ចំណេះដឹងរបស់ខ្លួនឯង ថាតើយើងចំណាយពេលប៉ុន្មានសម្រាន់លំហាត់នីមួយៗ ពេលនោះយើងនឹងស្គាល់ខ្លួនឯងច្បាស់ជាងមុន ហើយក៏បានត្រៀមខ្លួនបានត្រឹមត្រូវមុនការប្រលងមកដល់។
- អំឡុងពេលប្រឡង ធ្វើលំហាត់ងាយមុន និងការតាំងចិត្តខ្ពស់៖
ក្នុងពេលកំពុងប្រឡង ត្រូវធ្វើលំហាត់ណាដែលខ្លួនយល់ និងចំណាយពេលខ្លីមុនគេ មិនត្រូវធ្វើលំហាត់ណា ដែលគិតថាខ្លូនចេះតែត្រូវចំណាយពេលធ្វើយូរមុននោះទេ ព្រមទាំងប្រាប់ខ្លួនឯងថា កុំភ័យ យើងអាចឆ្លងកាត់វាបាន។
បើទោះបីជាគន្លឹះដែលបានត្រៀមរួចរាល់ខាងលើនេះក្ដី ក៏កត្តាមួយទៀតសំខាន់ដែរ ដែលមិនអាចខ្វះបាន គឺការថែរក្សាសុខភាព។ សុខភាពសំខាន់ជាចម្បង ដែលទាមទារឲ្យមានការ ថែទាំសុខភាពឲ្យបានត្រឹមត្រូវគូរដឹងអាហារត្រូវបរិភោគ និងមិនត្រូវបរិភោគ សុខភាពល្អជាផ្នែកមួយជួយជម្រុញការសិក្សាឲ្យទទួលបានលទ្ធផលមួយជាទីគាប់ចិត្តសម្រាប់ខ្លួនឯង៕