• 2019-07-18 02:05:04
  • ការអប់រំ

រឿង​សំខាន់​៣ ដែល​បេក្ខជន​បាក់ឌុបគ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​ បើ​មិន​ចង់​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​

  • 2019-07-18 02:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​នេះ​ មាន​បេក្ខជន​បាក់ឌុប​មួយ​ចំនួន​ ប្រលង​ធ្លាក់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ដោយ​មិន​បាន​បញ្ចេញ​សមត្ថភាព​ ដែល​ខ្លួន​បាន​សន្សំ​ទុក​អស់​រយះ​ពេល​ជា​យូរ​។ ហើយ​ដោយ​សារ​តែ​ការ​ប្រលង​បាក់​ឌុប​នៅ​សល់​តែ​ ១ ខែ​ទៀត​ប៉ុណ្ណោះ​ ដូច្នេះ​ថ្ងៃ​នេះ​ Sabay សូម​ក្រើនរំឭក​ដល់​សិស្ស​ថ្នាក់​ទី​ ១២ ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​រឿងសំខាន់ទាំង ៣ នេះ​៖

១. គ្មាន​ឈ្មោះ​ប្រលង​

ត្រូវ​ទៅ​សូម​បញ្ជាក់​ឈ្មោះ​ពី​នាយក​សាលា​ ឬ​ក៏​នាយក​រង​ ដែល​ទទួល​បន្ទុក​ក្នុង​កា​រៀប​ចំ​ឈ្មោះ​ប្រលង​ឡើង​វិញ​ ថា​តើ​ ឈ្មោះ​របស់​អ្នក​បាន​បញ្ជូន​ទៅ​ដល់​ក្រសួង​ហើយ​ឬ​នៅ​ ពី​ព្រោះ​ត្រឹម​តែ​កាត​ ដែល​នាយក​សាលា​ចែក​ឲ្យ​យក​ទៅ​ប្រលង​នោះ​ មិន​បាន​បញ្ជាក់​ថា​ ឈ្មោះ​របស់​អ្នក​បាន​បញ្ជូន​ទៅ​ដល់​នោះ​ទេ​ ជួន​កាល​អាច​មាន​បញ្ហា​លុប​ឈ្មោះ​ច្រឡំ​ក៏​មាន​។

ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​ ២០១៨​ បេក្ខជន​ សុំ រស្មី មក​ពី​វិទ្យាល័យ​ស្ទឹង​សែន​ មិន​មាន​ឈ្មោះ​ចូល​ប្រលង​ឡើយ​ ពី​ព្រោះ​ថា​បាន​លុប​ឈ្មោះ​ច្រឡំ​ជា​មួយ​បេក្ខជន​ សំ រស្មី​ មួយ​រូប​ផ្សេង​ទៀត​។

២. កុំ​យក​សំណៅ​ឯកសារ​ ឬ​ក៏​ទូរសព្ទ​ទំនើប​ចូល​ឲ្យ​សោះ

ករណី​នេះ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ តែង​តែ​ប្រកាស​ជា​រៀង​រាល់​ឆ្នាំ​ មិន​ឲ្យ​បេក្ខជន​ទាំង​ឡាយ​ យក​សំណៅ​ឯកសារ​ចូល​ ឬ​សម្ភារៈ​ទំនើប​ផ្សេងៗ​ ដែល​អាច​ផ្ទុក​ឯក​សារ​បាន​ ចូល​ក្នុង​បន្ទប់​ប្រលង​នោះ​ទេ​ ហើយ​បើ​បេក្ខជន​ណា​ នៅ​តែ​បំពាន​ បេក្ខជន​នោះ​នឹង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​។

ទោះ​បី​ជា​មាន​ការ​ប្រកាស​បែប​នេះ​ក៏​ដោយ​ សិស្សានុសិស្ស​មួយ​ចំនួន​នៅ​តែ​បំពាន​ ហាន​យក​សំណៅ​ឯកសារ​ផ្សេងៗ​ចូល​ ដោយ​លាក់​នៅ​ក្នុង​ខោ​ ឬ​សំពត់​ ហើយ​អ្នក​ទាំង​អស់​នោះ​ក៏​ត្រូវ​បាន​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ នៅ​ពេល​អនុរក្ស​ចាប់​បាន​ ដូច​ក្រសួង​ប្រកាស​មែន​។

៣. ថែ​ទាំ​សុខភាព​ឲ្យ​ល្អ

បេក្ខជន​ប្រលង​បាក់ឌុប​ភាគ​ច្រើន​ មិន​ហ៊ាន​យក​ពេល​មួយ​យប់​មុន​ប្រលង​ មក​គេង​ សម្រាក​ និង​កម្សាន្ត​អោយ​បាន​គ្រប់​គ្រាន់​នោះ​ទេ​ តែ​ពួក​គេ​បែរ​ជា​ខិត​ខំ​ប្រឹង​រៀន​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក​ និង​បាក់​កម្លាំង​ និង​មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ​ទៅ​លើ​ការ​ប្រលង​ ជា​ពិសេស​នោះ​ ប្រសិន​ជា​សម្លប់​នៅ​ពេល​ប្រលង​ គ្មាន​អ្នក​ផ្សេង​មក​ប្រលង​ជំនួស​បាន​ទេ​ មាន​តែ​ធ្លាក់​ ដោយ​មិន​អាច​តវ៉ា​បាន​។

​ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃប្រលង​សិស្ស​ទាំង​អស់​គួរ​យក​ពេល​មួយ​យប់​មុន​ពេល​ប្រលង​នោះ​ដើម្បី​គេង​ សម្រាក​ និង​កម្សាន្ត​ឲ្យ​បាន​គ្រប់​គ្រាន់​ ព្រោះ​ពេល​ពួក​គេ​សម្រាក​ និង​សប្បាយ​ចិត្ត​ ខួរ​ក្បាល​ក៏​ដំណើរ​ការ​បាន​ល្អ​ ហើយ​ប្រលង​ក៏​បាន​ល្អ​ដែរ​។

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់