• 2019-09-06 03:33:38
  • ការអប់រំ

ភ្ញាក់​ផ្អើល​! សមត្ថភាព​ចង​ចាំ​ខ្ពស់ ​តើ​​យុវជន​ ហុង ភារិន​ ពេល​​ប្រលង​បាក់ឌុប​បាន​និទ្ទេស​អី​ដែរ​?

  • 2019-09-06 03:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​អតីត​សិស្ស​វិទ្យាល័យ​បាក់​ទូក ​និង​បាន​ប្រលង​​សញ្ញាប័ត្រ​មធ្យម​​សិក្សា​ទុតិយ​​ភូមិ (​បាក់ឌុប) ​​កាល​ពី​ឆ្នាំ​២០១៣​ ​កន្លង​មក​​ យុវជន​ ហុង ភារិន​ ​បាន​ប្រាប់​ sabay ឱ្យ​ដឹង​ថា ​លទ្ធផល​​ប្រលង​​បាក់ឌុប​​ ខ្លួន​ទទួល​បាន​​​និទ្ទេស​ C ​ ហើយ​​និទ្ទេស​មុខ​វិជ្ជា​​គណិតវិទ្យា​​បាន​និទ្ទេស​ C ​រូបវិទ្យា​បាន​និទ្ទេស​ D គីមី​វិទ្យា​ភ្លេច​​មិន​ដឹង​បាន​និទ្ទេស​អ្វី​។

អំឡុង​រៀន​​នៅ​វិទ្យាល័យ​ ​ភារិន​ ឱ្យ​​ដឹង​ថា​ ​ខ្លួន​មិន​មែន​ជា​សិស្ស​ឆ្នើម​ផ្នែក​គណិតវិទ្យា​ទេ​ ​​ហើយ​​ក្នុង​ចំណោម​មុខ​វិទ្យា​ពិត​ ខ្លួន​គិត​ថា​ ​​​ពូកែ​រូបវិទ្យា​​ ប៉ុន្តែ​លទ្ធផល​​ជាក់​ស្ដែង​បាន​​ត្រឹម​​និទ្ទេស​ D ​ទៅ​វិញ​។ ​​ចំណែក​​ភាសា​ខ្មែរ​បាន​​និទ្ទេស​ B ។ ​ ក្រោយ​ប្រលង​ជាប់​​បាក់ឌុប​ជាប់​ ភារិន​ មិន​បាន​ប្រលង​ ឬ​ជាប់​​អាហារូបករណ៍​ ក្នុង​ស្រុក​​ទេ ​និង​​បាន​បង់​លុយ​សិក្សា​​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​​នៅ​រាជ​ធានី​​​ភ្នំពេញ​។ លុះ​ឆ្នាំ​បន្ទាប់​ក៏​បាន​ជាប់​អាហារូបករណ៍​សិក្សា​​នៅ​សាកលវិទ្យាល័យ Rajabhat Chaiyaphum ប្រទេស​ថៃ​​ជំនាញ​អភិវឌ្ឍន៍​ជនបទ​។

​ដោយ​សារ​តែ​មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ​ ដែល​អាច​ចង​ចាំ​លេខ​រាប់​រយ ​រាប់​ពាន់​ខ្ទង់​ និង​អាច​ចង​ចាំ​ប្រតិទិន​ជា​ច្រើន​ឆ្នាំ​ទៀត​ នៅ​ក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ ​«Super 100» ​យុវជន ភារិន ទទួល​បាន​ការ​កោត​សរសើរ ​និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​គណៈកម្មការ​ ក៏​ដូច​ជា​មហាជន​ជា​ច្រើន​ ទាំង​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស​។​​

បន្ថែម​លើ​នេះ​ ភារិន​ ត្រូវ​បាន​មហាជន​ទូទៅ​ប្រសិទ្ធ​នាម​​ជា ​«អច្ឆរិយ​កម្ពុជា​» ​ថែម​ទៀត​ផង​​ ពី​គណៈកម្មការ​ប្រលង​កម្មវិធី​ខាង​លើ​។​ ភារិន​ ចាត់​ទុក​នេះ ​គឺ​ជា​មោទកភាព​​មួយ​ សម្រាប់​ខ្លួន​ ក្រុម​គ្រួសារ​ និង​ប្រទេស​ជាតិ​ ហើយ​សន្យា​ថា​ នឹង​បន្ត​នាំមក​នូវ​កេរ្តិ៍​ឈ្មោះ​ល្អ​ និង​ចូល​រួម​អភិវឌ្ឍន៍​សង្គម​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​។

"​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ណាស់​ ដែល​ទទួល​បាន​​ការ​គាំទ្រ​ និង​លើក​ចិត្ត​បែប​នេះ​ ហើយ​ម៉ាក់​ខ្ញុំ​វិញ​ក៏​កាន់​តែ​រំភើប​​ និង​ផ្ដល់​កម្លាំង​ចិត្ត​បន្ថែម​​ដល់​ខ្ញុំ​”។​

នៅ​ខែ​មីនា​ ឆ្នាំ​​២០២០​ ខាង​មុខ​​ ភារិន​ នឹង​ត្រូវ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ និង​មាន​បំណង​​​រៀន​បន្ត​យក​ថ្នាក់​អនុបណ្ឌិត​​បន្ថែម​​ទៀត​​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ​នៅ​ប្រទេស​ណា​នៅ​​ឡើយ​ទេ។ ​​ភារិន​ បាន​ផ្តាំ​ផ្ញើ​​ដល់​យុវជន​​ឱ្យ​​ខិត​ខំ​ស្វែង​រក​ឱ្យ​ឃើញ​នូវ​​ទេពកោសល្យ​ខ្លួន​ ​និង​ការ​ថែទាំ​សុខភាព​ ​ពិសេស​ត្រូវ​ទទួល​ទាន​​​អាហារ​ ដែល​នាំ​ផល​ល្អ ​ដល់​សុខភាព​។ ​

អត្ថបទ៖ សុផល

មតិយោបល់