• 2019-09-06 04:40:12
  • ការអប់រំ

ឧកញ៉ា គួច ម៉េងលី៖ “កូនខ្មែរមួយចំនួន អនាគតធ្វើការងារត្រឹមជាលេខាប្រចាំក្រុមហ៊ុនប៉ុណ្ណោះ”

  • 2019-09-06 04:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ខ្មែរ​យើង​បច្ចុប្បន្ន​មួយ​ចំនួន​ រៀន​តែ​របស់​ណា ​ដែល​ស្រួល​ អង្គុយ​តែ​ ក្នុង​ប៉ារ៉ូ ​អត់​ចង់​លុត​ដុំ ​ទៅ​ជំនាញ​ ប្រើ​កម្លាំង​​ ប្រើ​បច្ចេកទេស​ ក្ដៅ​ ​ហើយ​ឈរ​នៅ​កន្លែង​វាល​អី​អញ្ចឹង​ទេ។​ អ្នក​រៀន​ រៀន​ត្រឹម​តែ​បរិញ្ញាប័ត្រ​​ ម៉ាស្ទ័រ​ៗ​(​Master) ​ហើយ​អត់​មាន​ជំនាញ​ទៀត មានន័យ​ថា ការ​រៀន​សូត្រ​ហ្នឹង​វា​ស្រួល​​ពេក​”។ ទាំង​នេះ​គឺជា​ការ​លើក​​ឡើង​របស់​លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​នៃ​វិទ្យាស្ថាន និង​សាលា អន្តរទ្វីប ​អាមេរិកាំង​ ទាក់​ទង​ទៅ​នឹង​ការ​សិក្សា​រៀន​សូត្រ និង​ការ​បំពេញ​ការងារ​របស់​យុវជន​មួយ​ចំនួន​​។

បើ​តាម​លោក​ឧកញ៉ា​ថា យុវជន​មួយ​ចំនួន​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ ដោយ​មិនបាន​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ ឬ​ហាត់​ពុត​លុត​ដុំ​ខ្លួន ដុស​ខាត់​ជំនាញ​បាន​ល្អ​ទេ ​​ ពោល​គឺ​មាន​ចំណូលចិត្ត​ធ្វើ​អ្វី​ដែល​ងាយ​ៗ​​ អង្គុយ​តែ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ ពុំសូវ​ប្រើ​ជំនាញ​​ ឬ​បច្ចេកទេស​ខ្ពស់​ឡើយ។ គុណវិបត្តិ​ទាំងនេះ​ និង​មិន​ហុច​ផល​ល្អ​សម្រាប់​អនាគត​​ទេ ពោល​វា​ជា​រនាំង​ខាំង​ខ្ទប់​យុវជន​ខ្លួន​ឯង ទាំង​បច្ចុប្បន្ន​ និង​អនាគត​មិន​អាច​អភិវឌ្ឍន៍​ជំនាញ​ ឬ​ឈោង​ចាប់​មុខតំណែង​​ធំ​ៗ​​​​បាន​​ទេ ពោល​គឺ​អាច​កាន់​ការងារ​តូចតាច​ ឬ​​ត្រឹម​ជា​លេខា និង​ជា​ជំនួយ​ការ​របស់​គេ​តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​មុខតំណែង​គ្រាក់ ​និង​មាន​ប្រាក់ខែ​ខ្ពស់​​ភាគច្រើន​ បាន​ធ្លាក់​លើ​ជនបរទេស​ជា​អ្នក​ក្ដោប​ក្ដាប់​។

ដូច្នេះ​ប្រើ​ការ​បាន​ត្រឹម​តែ​ការងារ​ប៉ា​រ៉ូ ដល់​តែ​គេ​ប្រើ​ឱ្យ​ទៅ​ធ្វើ​នេះ​ធ្វើ​នោះ​ រត់ការ​ក្រដាស​ស្នាម យូរ​ៗ​ទៅ​យើង​ទៅ​តែ​​ប៉ុន្មាន​ភាគរយ​ហ្នឹង ​គេ​ហៅ​ថា ​លេខា​ប្រចាំ​ក្រុមហ៊ុន​ យូរ​ៗ​ទៅ​ជា​លេខា​ប្រចាំ​ប្រទេស​ រក​អ្នក​ជំនាញ​អត់​មាន​។ អញ្ចឹង​ថ្ងៃ​ក្រោយ ​អ្នក​ជំនាញ​​មក​ពី​ហ្វីលីពីន ​មក​ពី​វៀតណាម​ មកពី​ថៃ គេ​ធ្វើ​ការងារ​ធំ​ៗ​អស់​។ អញ្ចឹង​ផល​ប្រយោជន៍​ថ្ងៃ​ក្រោយ​គេ​យក​តែ​គ្នា​គេ​មក​ទៀត ចំពោះ​ជើង​ក្រោម​អត់​មាន​អ្នក​បច្ចេកវិទ្យា ដែល​ធ្វើ​ការងារ​ទូទៅ​ ដែល​ក្នុង​ប្រទេស​ត្រូវ​ការ​ដូច​ជា​ជាង ​ជួស​ជុល​ផ្លូវ ជួស​ជុល​រទេះ​ភ្លើង ជួសជុល​ឡាន​ ដែល​គេ​ត្រូវ​ការ​ច្រើន យើង​អត់​មាន​​”។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា កម្ពុជា​​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត កំពុង​ខ្វះ​ខាត​ក្រុម​ជំនាញ​ចំនួន​ពីរ ​គឺ​ជំនាញ​ផ្នែក​ជួសជុល​ ផ្នែក​វិស្វកម្ម​ ឬ​ការងារ​សាងសង់​ ដែល​ភាសា​អង់គ្លេស​ហៅ​ថា blue-collar ខណៈ​​ក្រុម​ជំនាញ​មួយ​ទៀត​គឺ​ផ្ដោត​លើ​សេវា​កម្ម និង​ទេស​ចរ ភាសា​អង់គ្លេស​ហៅ​ថា ​ Pink-collar​។ កម្ពុជា​កំពុង​ខ្វះ​ខាត​ជំនាញ​នេះ​យ៉ាង​ខ្លាំង​ ពិសេស​ខេត្ត​សៀមរាប​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ខេត្ត​សក្ដានុពល​ទេសចរ​របស់​កម្ពុជា។

អញ្ចឹង​បច្ចុប្បន្ន​បាន​ត្រឹម​បម្រើ​គេ​ទេ បរទេស​​មក​គេ​គ្រប់គ្រង​សណ្ឋាគារ គេ​គ្រប់​គ្រង​ផ្ទះសំណាក់ អញ្ចឹង​ទៅ​ យើង​បាន​ត្រឹម​ជា​លេខា​ អ្នក​បម្រើ​គេ​។​អញ្ចឹង​រាល់​ថ្ងៃ​កូនខ្មែរ​យើង​កំពុង​ធ្វើ​ការងារ​ជា​លេខា​ប្រចាំ​ក្រុមហ៊ុន​ ហើយ​អ្នក​ជំនាញ​ធំ​ៗ​​គឺ​ជា​ជនបរទេស​ អ្នក​ធ្វើ​ការងារ​បច្ចេកទេស​ខាង​ក្រោម​គឺ​បរទេស​។ អញ្ចឹង​នៅ​ខ្មែរ​យើង​នឹង​ខ្វះ​ធនធាន​ដែល​ប្រើ​ជំនាញ​ និង​ចំណេះ​ដឹង​ រាល់ថ្ងៃ​ការងារ​ដែល​យើង​ធ្វើ​ភាគច្រើន​គេ​ហៅ​ថា ការងារ​ប្រើ​ចំណេះ​ដឹង​ទាប​ ថ្ងៃ​ក្រោយ​យើង​មិន​ងាយ​លូត​លាស់​បាន​ទេ”។

លោក​ឧកញ៉ា​បាន​​ចង់​ឲ្យ​និស្សិត​ចាប់​យក និង​ជ្រើសរើស​​ជំនាញ​ពិត​ប្រាកដ​មួយ ដែល​ខ្លួន​ចូលចិត្ត​ដោយ​ខិតខំ​ប្រឹង​ប្រែង​រៀន និង​ធ្វើការ​លើ​ជំនាញ​នោះ ហើយ​​អាច​បើក​ជំនួញ​លើ​ជំនាញ​នោះ​នៅ​ថ្ងៃ​អនាគត​តែ​ម្តង​។ ការ​ជ្រើស​រើស​ជំនាញ​ណាមួយ​គួរ​​មាន​ការ​ប្រឹក្សា​យោបល់​ពី​រៀម​ច្បង ដែល​មាន​បទពិសោធន៍​ និង​​លោក​គ្រូ-អ្នក​គ្រូ​ចាំ​ សម្រេច​​ជា​ក្រោយ​៕​

អត្ថបទ៖ សុផល

មតិយោបល់