
- 2019-12-30 02:30:25
- សេដ្ឋកិច្ច
រោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់ទៅចិន ត្រូវបានសម្ពោធនៅរតនគិរី
- 2019-12-30 02:30:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់ទៅចិន ត្រូវបានសម្ពោធនៅរតនគិរី
ចន្លោះមិនឃើញ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្ដូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្គ្រីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី នៅខេត្តរតនគិរី ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងពិធីនេះ ក៏មានលោកអភិបាលខេត្តស្ទឹងត្រែង អភិបាលរងខេត្តរតនគីរី ខេត្តក្រចេះ តំណាងក្រុមហ៊ុនចិន ក្រុមហ៊ុនវៀតណាម អាជ្ញាធរ មូលដ្ឋាន បុគ្គលិក កម្មករចូលរួមផងដែរ។
ក្នុងព្រឹត្តិការណ៍នេះលោកង្វៀង ក្វានអាន អគ្គនាយក និងជាតំណាងក្រុមហ៊ុនទាំងបួន បានបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលក្រុមហ៊ុននីមួយៗ សម្រេចបានតាំងពីចាប់ផ្តើមវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរហូតមកទល់បច្ចុប្បន្ន។ ជាពិសេសនោះគឺទាក់ទងនឹងវឌ្ឍនភាព នៃផលិតកម្មពហុដំណាំ និងដំណើរការនៃការនាំចេញចេកអំបូងលឿងស្រស់ចេញទៅកាន់ទីផ្សារ ចិននាពេលនេះ។ លោកអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិចតា ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧០០០ហិចតា។ ក្នុងនោះជាង ៣០០០ហិចតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួនពីរ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ប្រាំបីដែលបានចែកចេញជាពីរស្តង់ដារ។ គឺចិន និងជប៉ុន។ល។ ខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់ ដែលមកពីតំបន់នេះ និងមកពីខេត្តជាប់រតនគីរី។
លោកបន្តថាបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រវេចខ្ចប់ ១០ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ លោកអគ្គនាយកសង្ឃឹមថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យដល់ ៥០០ពាន់តោនក្នុងមួយឆ្នាំ។ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្នុរ ដែលត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ១៥០០០នាក់។ លោកអគ្គនាយកបានបន្ថែមថាក្រៅពីការងារអាជីវកម្មដែលជាកម្មវត្ថុចម្បងនៃការវិនិយោគ ក្រុមហ៊ុនក៏គិតគូរយកចិត្តទុកដាក់ផងដែរលើការងារសង្គម សុខភាព ការអប់រំ លំនៅឋានជូនបុគ្គលិកកម្មករផងដែរ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានកសិកម្មបានបញ្ជាក់អំពីដំណើរការនៃការចរចារនីតិវិធី បែបបទឯកសារចាំបាច់សំខាន់ៗទាំងច្បាប់និងបច្ចេកទេសជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យជាមួយភាគីចិនមុនឈានទៅចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្តីពីការនាំចេកស្រស់ចេញជាមួយអគ្គនាយកដ្ឋានគយនៃសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួនប្រាំបួន ដែលទទួលបានការអនុញ្ញាតឲ្យនាំ ចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារចិន។
លោករដ្ឋមន្ត្រីវេង សាខុន បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជម្នះបាននូវរាល់បញ្ហាប្រឈមនានារហូតសម្រេចបានជោគជ័យ។ លោកក៏បានសម្តែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលចិន តាមរយ:អគ្គនាយកដ្ឋានគយនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានវាយតម្លៃលើគុណភាពចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំងបួនអាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ អ្វីដែលសំខាន់នោះគឺនាយកដ្ឋានគយចិនក៏បានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេករបស់ក្រុមហ៊ុនថាមានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន។
លោករដ្ឋមន្ត្រីបន្តថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានានិងវិស័យឯកជនដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុចអេ (A) ដល់ហ្សិត (Z) តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកប ដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។
លោករដ្ឋមន្ត្រីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។ ក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាពនិងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅប្រទេស។ ចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPS ជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។
លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើមដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ៕