- 2020-03-18 02:18:58
- ព័ត៌មាន
ធនាគារ ABA ជម្រះមន្ទិលផ្សេងៗ អំពីការផ្ទេរប្រាក់តាមបែបឌីជីថលក្នុងប្រទេសកម្ពុជា
- 2020-03-18 02:18:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ABA ជម្រះមន្ទិលផ្សេងៗ អំពីការផ្ទេរប្រាក់តាមបែបឌីជីថលក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ទំនើបកម្មវិស័យធនាគារឌីជីថលបាននឹងកំពុងផ្លាស់ប្តូរជីវិតរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព ដូចជាការ ផ្ញើប្រាក់តាមបែបឌីជីថល ដោយសារតែវាមានសុវត្ថិភាពជាងការផ្ញើជាក្រដាសប្រាក់ផ្ទាល់។
កាលពីមុនការផ្ញើប្រាក់មានការលំបាកដោយសារតែអ្នកទទួលត្រូវចំណាយពេលស្ទើរពេញមួយថ្ងៃ ទើបបានទទួលប្រាក់ពីអ្នកផ្ញើតាមរយៈអ្នកបើកឡានតាក់ស៊ី ឬពីភ្នាក់ងារមិនមានអាជ្ញាប័ណ្ណនានាដែលមិនមានសុវត្ថិភាពពេញលេញ។ តែឥឡូវ វាខុសពីមុនដោយសារតែបច្ចេកវិទ្យាឌីជីថល ប្រជាពលរដ្ឋអាចផ្ញើប្រាក់ទៅនរណាម្នាក់ ពីកន្លែងណាមួយ និង គ្រប់ពេលវេលា បានយ៉ាងលឿនរហ័ស មានសុវត្ថិភាព និងមិនអស់ថ្លៃសេវា តាមរយៈកម្មវិធីទូរស័ព្ទបាន។
ឆ្ងល់មែនទេ តើអ្វីទៅជាសេវាផ្ញើប្រាក់តាម E-Cash? សេវាផ្ញើប្រាក់តាម E-Cash គឺជា វិធីងាយស្រួល ហើយមាន សុវត្ថិភាពក្នុងការ ផ្ញើប្រាក់ទៅកាន់មិត្តភក្តិគ្រួសារ ឬ ក៏ខ្លួនឯងផ្ទាល់តាមរយៈ កម្មវិធី ABA Mobile ពីក្នុងទូរស័ព្ទដៃរបស់អ្នក។ ចំណុចពិសេសនោះ គឺថាអ្នក មិនចាំបាច់មានកាតធនាគារដើម្បីធ្វើការដកប្រាក់នោះឡើយ ។
យ៉ាងណាមិញ នៅតាមបណ្ដាញសង្គម Facebook យើងឃើញមានការផុសពីបញ្ហាមួយចំនួន ដែលទាក់ទងនឹងការផ្ញើប្រាក់តាមកម្មវិធីទូរស័ព្ទ។ ជាក់ស្តែងដូចជាកម្មវិធី ABA Mobile ដែលជាកម្មវិធីទូរស័ព្ទដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជាយើង។ ក្នុងកម្មវិធីទូរស័ព្ទនេះ មានសេវាធំៗពីរដែលអ្នកប្រើប្រាស់មានក្តីបារម្ភខ្លះៗទៅលើ សេវាផ្ញើប្រាក់រវាងគណនី ABA ទៅគណនី ABA និងមួយទៀត គឺពីគណនី ABA ទៅ ATM (សេវាមួយនេះត្រូវបានគេស្គាល់ថាជាសេវា E-Cash)។ មតិដែលផុសភាគច្រើនគឺសរសេរពីការផ្ញើប្រាក់ខុសលេខគណនី, អ្នកទទួលដកប្រាក់មិនបាន, បាត់លេខកូដដកប្រាក់តាម E-Cash, ខ្លាចផ្ញើហើយ បើមិនដកតើប្រាក់ដែលបានផ្ញើហើយនោះនឹងទៅណា ។ល។
ឆ្លើយតបនឹងបញ្ហាទាំងនេះអ្នកជំនាញពីខាងធនាគារ ABA លោក ឈុន វិចិត្រ ប្រធាននាយកដ្ឋានសេវាធនាគាររូបវន្តបុគ្គល បានបកស្រាយថា៖ «តាំងពី ABA ដាក់ឲ្យប្រើប្រាស់កម្មវិធី ABA Mobile យើងមានការគាំទ្រយ៉ាងច្រើន ដោយមានការប្រើប្រាស់ច្រើនរហូតដល់ខ្ទង់ពាន់លានដុល្លារប្រតិបត្តការក្នុងមួយខែៗ។ ហើយកន្លងមកការផ្ញើប្រាក់នេះ មិនថាពីគណនី ABA ទៅគណនី ABA ឬផ្ញើតាមសេវា E-Cash នោះទេ យើងមិនធ្លាប់មានបញ្ហាបាត់ប្រាក់ ឬអ្នកទទួលមិនអាចដកប្រាក់បាននៅពេលប្រើប្រាស់សេវា E-Cash ឡើយ។ តើមូលហេតុអ្វីទៅ? ព្រោះថាធនាគារ ABA មានបច្ចេកវិទ្យាទំនើប ដែលផ្តល់ទំនុកចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការការពារ ប្រាក់របស់អតិថិជន និងមាននីតិវិធីច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាដែលកើតឡើងទាំងនេះ។
លោកបន្តថា ភាគច្រើនករណីដែលយើងទទួលបានទាក់ទងនឹងបញ្ហាបាត់ប្រាក់តាមរយៈការផ្ញើពីគណនី ABA ទៅ គណនី ABA នេះ គឺការផ្ញើ ទៅខុសលេខគណនី ដោយសារគាត់មិនបានពិនិត្យការបញ្ជាក់ឈ្មោះ និងលេខគណនី ឲ្យបានត្រឹមត្រូវជាមុន មុនពេលផ្ញើចេញ។ នៅពេលផ្ញើរប្រាក់តាមរយៈ ABA Mobile គឺយើងមានដំណាក់កាលចុងក្រោយឲ្យអតិថិជនផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលឲ្យត្រឹមត្រូវ។ ហើយប្រសិនបើយើងឧស្សាហ៍ផ្ញើទៅកាន់អ្នកទទួលដដែលនោះ ជាការល្អ គួរតែបង្កើតគំរូផ្ញើប្រាក់នៅក្នុងកម្មវិធី (Quick Payment)ដើម្បីធានាពីការផ្ញើប្រាក់បានត្រឹមត្រូវដល់អ្នកទទួល។
ទាក់ទងនឹងសំណួរពីការភ្លេចលេខកូដដកប្រាក់តាម E-Cash ក៏ដូចជាខ្លាចផ្ញើហើយ អត់បានដកតើប្រាក់ដែលបានផ្ញើហើយនោះទៅណា លោកជម្រាបថា៖ «ដើម្បីបង្ការការភ្លេចលេខកូដ យើងអាចថតស្រ្គីនទូរស័ព្ធខ្លួនឯងទុកពេលផ្ញើហើយ ឬអាចទៅរកលេខកូដដកប្រាក់នេះបាន នៅក្នុងម៉ីនុយសារជូនដំណឹង ប្រសិនបើមានការ ភ្លេចលេខកូដនោះ»។
លោកបន្ថែមថាទឹកប្រាក់ដែលបានផ្ញើចេញតាម E-Cash មិនបាត់បង់ឡើយបើគ្មានអ្នកដក, វានឹងត្រូវបង្វិលចូលក្នុងគណនី របស់អ្នកផ្ញើវិញ ក្នុងរយៈពេល 24ម៉ោង ប្រសិនបើមិនមានអ្នកដកចេញ។ ជាចុងក្រោយលោកក៏លើកទឹកចិត្តឲ្យអតិថិជន ធ្វើការទាក់ទងមកធនាគារតាមរយៈទំព័រ Facebook ផ្លូវការរបស់ធនាគារ ABA ប្រសិនបើលោកអ្នកជួបបញ្ហានៅពេល ប្រើប្រាស់សេវាកម្មណាមួយរបស់ធនាគារ ABA។
គួរបញ្ជាក់ផងដែរថា សេវា E-Cash បានបង្កើនចំនួនទឹកប្រាក់ដែលអាចដកបានតាមទូ ATM ច្រើនជាងមុន រហូតទៅដល់ 980ដុល្លារ ឬ 3,900,000រៀលក្នុងមួយថ្ងៃ។ ពីមុនអាចដកបានច្រើនបំផុតតែ 200ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ នេះបើតាមការផ្សាយព័ត៌មានក្នុង វិបសាយរបស់ធនាគារ ABA។
សរុបមក ដើម្បីប្រើប្រាស់សេវាផ្ទេរប្រាក់តាមឌីជីថល(កម្មវិធីទូរស័ព្ទដៃ ABA)មួយនេះប្រកបដោយសុវត្ថិភាព ទាមទារឲ្យអ្នកបន្ថែមការយកចិត្តទុកដាក់ មើលគ្រប់ចំនុច ឬជំហានដែលបាន បង្ហាញលើអេក្រង់របស់កម្មវិធីផ្ញើប្រាក់ដែលអ្នកកំពុងប្រើប្រាស់មុនពេលចុចផ្ញើ។
កុំភ្លេចចែករំលែកចំណេះដឹងមួយនេះ ជាមួយមិត្តភ័ក្ត ឬក្រុមគ្រួសារអ្នក!