• 2020-03-23 02:41:14
  • សុខភាព

សម្ភារៈ និងក្រុមគ្រូពេទ្យចិន បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

  • 2020-03-23 02:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានធ្វើដំណើរតាមជើងហោះហើរពិសេស បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូរវីដ-១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា។ ទន្ទឹមនឹងការមកដល់នៃក្រុមជំនាញរបស់ចិន គឺចិនបាននាំយកសម្ភារៈមួយចំនួនផងដែរ។

ក្រុមគ្រូពេទ្យជំនាញចិន៧នាក់មកដល់ព្រះរាជាណាចក្រកម្ពុជាព្រឹកមិញ

នៅក្នុងឱកាសមកដល់របស់ក្រុមគ្រូពេទ្យ និងសម្ភារៈចិន ដែលមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា «ឆ្លុះបញ្ចាំងស្មារតី សាមគ្គី មិត្តភាព សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ សូមស្វាគមន៍ក្រុមគ្រូពេទ្យទាំងអស់ដែលអញ្ជើញមកថ្ងៃនេះ ដើម្បីមករួមសហការគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសប្រយុទ្ធនឹងជំងឺ កូវិដ-១៩ នៅពេលនេះ។ យើងខ្ញុំត្រៀមលក្ខណៈជាប់ជានិច្ចនូវកិច្ចសហការដើម្បីធ្វើកិច្ចការងារនេះ នេះជាសញ្ញាមួយនៃមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ។ យើងនឹងមានអ្នកជំនាញពីមិត្តសាធារណប្រជាមានិតចិន ដើម្បីចូលរួមធ្វើកិច្ចការងារនេះ ហើយយើងនឹងរៀនសូត្រពីមិត្តចិន ព្រោះចិនមានបទពិសោធន៍ច្រើនលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩»

ឯកឧត្តម ម៉ម ប៊ុនហេង ថ្លែងក្នុងសន្និសីទកាសែតព្រឹកមិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញច្រកVIP

ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានលើកឡើងទៀតថា «សូមបងប្អូនប្រជាពលរដ្ឋកម្ពុជាកុំមានការភិតភ័យហួស សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩នេះ»។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ដែរ​ថា ក្រុម​គ្រូពេទ្យ និង​សម្ភារៈ​ចិន​​ទាំង​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​យក​មក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ហើយ​ក្រុមគ្រូពេទ្យ​ទាំង​នេះ​ គឺ​ជា​អ្នក​មាន​ជំនាញ​ និង​បទពិសោធន៍​ព្យាបាល​អ្នក​ជំងឺ​បាន​ជោគជ័យ​រួច​ហើយ​ ដូច្នេះ​យើង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​របស់​ចិន​ មក​អនុវត្ត​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ «ក្រុមគ្រូពេទ្យ​ចិន​ដែល​មក​ដល់​ថ្ងៃ​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ការងារ​តែម្ដង ហើយ​យើង​នឹង​មាន​កិច្ចប្រជុំ​ថ្នាក់​បច្ចេកទេស​ ដោយ​ជម្រាបជូន​ខាងចិន​អំពី​អ្វីដែល​យើង​បាន​ធ្វើ ហើយ​ស្ដាប់​អនុសាសន៍​ ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធីភាព»

គិតរហូតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ កុម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយក្នុងនោះមាននារី ២១នាក់ និងបុរស៦៣នាក់។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់