• 2020-04-10 10:33:55
  • ព័ត៌មាន

អង្គការមិត្តសំឡាញ់ ដាក់ចេញនូវយុទ្ធសាស្ត្រ ៥សំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំង Covid-19

  • 2020-04-10 10:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគ​ឆ្លង​ថ្មី Covid-19 កំពុង​តែ​រីក​រាល​ដាល​ជុំវិញ​ពិភពលោក ​រួម​ទាំង​ប្រទេស​ប្រទេស​កម្ពុជា​ផងដែរ។ ខណៈ​ពេល​ដែល​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ក៏​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មាន​ប្រពន័្ធ​សុខាភិបាល​​ទន់ខ្សោយក្នុង​ការ​ការ​ទប់​ស្កាត់​ការ​រាលដាល។ ដើម្បី​ជា​ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អង្គការ​មិត្ត​សំឡាញ់​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​សំខាន់​ៗ ដើម្បី​ប្រយុទ្ធ​ជំងឺ​នេះ។

ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រ ៥សំខាន់ៗ ដែល​អង្គការ​មិត្ត​សំឡាញ់​ដាក់ចេញ​ដើម្បីប្រយុទ្ធប្រឆាំង Covid-19 ៖

១. ចែកចាយ​នូវ​សម្ភារៈ និង​ការ​បណ្ដុះបណ្ដាល​ពីអនាម័យចាំបាច់

អង្គការ​មិត្តសំឡាញ់ បាន​ផ្ដល់ជូន​នូវ​ការ​បណ្ដុះ​បណ្ដាល​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ ដូច​ជា​វិធានការ​ការពារ​ផ្សេង​ៗ, ការ​ស្វែង​យល់​ពី​រោគ​សញ្ញា​នៃ​កូវីដ១៩ និង​វិធី​រក្សា​បាន​នូវ​សុវត្ថិភាព និង​សុខភាព​ល្អ​សម្រាប់​ពួកគេ។

២. ការបណ្តុះបណ្តាលជំនាញសំរាប់ភ្នាក់ងារសុវត្ថិភាពកុមារដែលមានមូលដ្ឋាននៅសហគមន៍ស្តីពីវិធីសាស្ត្រការពារកុមារ

ដើម្បី​ប្រាកដ​ថា ភ្នាក់ងារ​របស់​អង្គការ​ដឹង​ពី​របៀប​ឆ្លើយ​តប​ក្នុង​គ្រា​មាន​អាសន្ន​ផ្សេង​ៗ ភ្នាក់​ងារ​របស់​អង្គការ​មិត្ត​សំឡាញ់ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​សម្រួល​ដល់​កុមារ​ដែល​ត្រូវ​បាន​បោះ​បង់​ចោល ដោយសារ​អាណា​ព្យាបាល​របស់​ពួកគេ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ដោយ​សារ​កូវីដ១៩។

៣. សម្របខ្លួនជាមួយស្ថានភាពបច្ចុប្បន្ន

អង្គការ​មិត្ត​សំឡាញ់ បាន​ដំណើរ​ការ​សេវាកម្ម​ជា​ច្រើន​ដែល​មាន​សារៈ​សំខាន់​ចំពោះ​សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នក​ទទួល​ផល​ពី​អង្គការដូចជា ក្មេង​ៗ​ដែល​គ្មាន​កន្លែង​សុវត្ថិភាព​ស្នាក់​នៅ​ជា​ដើម។ ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំងនោះ មាន​ចេញ​នូវ​រោគ​សញ្ញា​នៃ​កូវីដ​១៩ ពួកគេ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ក្នុង​អង្គការ​ដើម្បី​ការ​ពារ​សុវត្ថិភាព​ដល់​អ្នក​ផ្សេង​ទៀត។

៤. ការកំណត់អត្តសញ្ញាណក្រុមគ្រួសារដែលត្រូវការអាហារ និង​ការ​ឧបត្ថម្ភបន្ទាន់

ប្រសិន​បើ​ពួកគេ តម្រូវ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ឬ​ការ​បិទ​ទីក្រុង​ទាំង​ស្រុង នោះ​វិធាន​ការណ៍​នេះ​នឹង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​រស់​រាន​មាន​ជីវិត​របស់​គ្រួសារ​នីមួយៗ។ លើស​ពី​នេះ ការ​ផ្ដល់​ជូន​ឲ្យ​ពួកគេ​នូវ​អាហារ និង​សម្ភារ​ចំបាច់ ក៏​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​ផង​ដែរ ដោយ​សារ​ពួកគេ​មិន​ចាំ​បាច់ចេញ​ទៅ​ក្រៅ តាម​រយៈ​ការ​ផ្ដល់​ជំនួយ​របស់​អង្គការ។

៥. បង្កើត​គណកម្មការ​មិត្ដ​សំឡាញ់ពហុប្រទេស

អង្គការ​មិត្ត​សំឡាញ់ បាន​សហការ​ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត ដើម្បី​​ផ្ដល់​ជូន​នូវ​ព័ត៌មាន​សំខាន់​ៗ​ដល់​ពលរដ្ឋ​ស្រប​ទៅ​តាម​ស្ដង់​ដារ និង​ការ​ដាក់​ចេញ​នូវ​វិធានការណ៍​ចុង​ក្រោយ​ដោយ​រដ្ឋាភិបាល។

លោក​អ្នក ក៏​អាច​ចូលរួម​ជាមួយ​អង្គការ​មិត្ត​សំឡាញ់​របស់​យើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងកូវីដ​១៩ ផងដែរ តាម​រយៈ​ការ​បរិច្ចាគ​មក​កាន់​អង្គការ​របស់​យើង។ សម្រាប់​អ្នក​ដែល​ចង់​បរិច្ចាគ​សម្រាប់​ជួយ​ក្នុង​គ្រា​លំបាក​នេះ អាច​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​អង្គការ​ផ្ទាល់​តាម​ទូរសព្ទ​លេខ ៖ 023 986 601 ឬគេហទំព័រហ្វេសប៊ុកមិត្តសំឡាញ់ Mith Somlanh ឬបរិច្ចាគផ្ទាល់តាមរយៈគណនី ABA ៖ 000849002

អត្ថបទ ៖ Se7en

មតិយោបល់