• 2020-05-22 04:21:13
  • ការអប់រំ

ក្រសួងអប់រំ នឹងពិចារណា បើកសាលារៀនឡើងវិញ នៅខែវិច្ឆិកា បើសិនជំងឺកូវីដ-១៩ មិនបន្តរីករាលដាល

  • 2020-05-22 04:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា ក្រសួងនឹងពិចារណា បើកសាលារៀនឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ប្រសិនបើ ជំងឺកូវីដ-១៩ មិនរីករាលដាលបន្តទៀត ខណៈក្រសួងអាចនឹង បើកឲ្យចូលរៀនមុនគេ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីត្រៀមប្រឡង ។

ក្នុងឱកាសចុះពិនិត្យមើល សកម្មភាពសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិក របស់សិស្សានុសិស្ស នៅខេត្តកំពង់ឆ្នាំង នាពេលថ្មីៗនេះ លោកហង់ជួន ណារ៉ុន បានប្រាប់ដល់មន្ទីរ អប់រំ ខេត្ត-ក្រុង និងគ្រឹះស្ថានសិក្សាទាំងអស់ ដើម្បីត្រៀមលក្ខណៈ បើសាលារៀនឡើងវិញ ប៉ុន្ដែមិនទាន់សម្រេចបើកឡើងវិញ នៅពេលណាទេ?

លោកមានប្រសាសន៍ថា «ប៉ុន្ដែចំណុចដែលអាចថា ជាពេលមួយដែលយើងថា នឹងអាចបើកឡើងវិញហ្នឹង ថ្ងៃទី១ ខែវិច្ឆិកា ប្រហែលជាយើងនឹងពិចារណា ដើម្បីបើកឡើងវិញ ។ ប្រសិនបើ មិនមានការរីករាលដាល នៃជំងឺនេះទេ (ជំងឺកូវីដ-១៩)» ។

លោករដ្ឋមន្រ្តីផ្ដាំផ្ញើថា ចាប់ពីពេលនេះតទៅ ដល់ខែវិច្ឆិកា ឆ្នាំ២០២០ លោកគ្រូ-អ្នកគ្រូ ត្រូវបន្ដបង្រៀនសិស្សានុសិស្ស លក្ខណៈទ្រង់ទ្រាយតូច មិនលើសពី១០នាក់ ។ ជាពិសេស លោកគ្រូ-អ្នកគ្រូ ត្រូវបន្ដជួយបង្រៀន សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីឲ្យពួកគាត់ត្រៀមប្រឡង ។ ហើយក្រសួងនឹងវាយតម្លៃ តើរៀនប៉ុន្មានខែទៀត ទើបសិស្សប្រឡងបាន?

រដ្ឋមន្ដ្រីក្រសួងអប់រំ បានឲ្យដឹងថា គ្រប់សាលារៀនទាំងអស់ មិនអាចបង្រៀនដូចមុនឡើយ ក្នុង១ថ្នាក់ ចែកចេញជា២ថ្នាក់ ហើយក៏ចែកបែងចែក កាលវិភាគឡើងវិញផងដែរ ។ ជាពិសេស ឲ្យសិស្សនុសិស្សា ត្រូវរក្សាគម្លាតពីគ្នា និងលាងដៃជាប្រចាំ ។

រដ្ឋមន្ដ្រីក្រសួងអប់រំ បន្ថែមថា នៅពេលបើកសាលរៀនឡើងវិញ មាតា-បិតា និងអាជ្ញាធរត្រូវចូលរួម ត្រូវផ្ដល់ព័ត៌មានមកសាលា អំពីពលករត្រឡប់មកស្រុកកំណើតវិញ ដោយឲ្យ គាត់ នៅដាច់ដោយឡែក១៤ថ្ងៃ ។ មាតា-បិតា ត្រូវតាមដានជាប្រចាំនូវសិស្សនុសិស្សាណា ម្នាក់ពាក់ព័ន្ធជាមួយពលករ កុំឲ្យគាត់ទៅចម្លងសិស្សដទៃ ចម្លងមក លោកគ្រូ-អ្នកគ្រូ និងចម្លងទៅសហគមន៍ ។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាមិនទាន់ប្រញាប់ បើកសាលារៀនឡើងវិញទេ ៕

ប្រភព៖ ដើមអម្ពិល ដោយ ៖ អេង ប៊ូឆេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី