• 2020-07-15 11:32:33
  • សុខភាព

ទម្លាប់រស់នៅ ៨យ៉ាងនាំអ្នកឈានទៅរកភាពធាត់ដោយមិនដឹងខ្លួន

  • 2020-07-15 11:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឲ្យ​តែ​ឡើង​ទម្ងន់​ ពិបាក​ក្នុង​ការ​សម្រក​មែន​អត់? ​​មុន​ចូល​វ័យ ៣០ មនុស្ស​ភាគ​ច្រើន មិនសូវ​ជា​មានបញ្ហារឿងធាត់ទេ​ព្រោះ​វ័យ​នេះ ប្រព័ន្ធរំលាយអាហារ​ និង​ដុតជាតិខ្លាញ់នៅធ្វើការល្អ ដូច្នេះ​ញុំា​ច្រើន​ម៉េច​ក៏​ដោយ​អាច​សូវ​មិនធាត់​ដែរ។

តែ​ពេល​ចូល​វ័យ ៣០​ឆ្នាំ​ហើយ អ្វី​ៗ​មិន​ដូច​មុនទេ ពេល​ខ្លះ​ភ្លេច​ខ្លួន ធាត់​ជ្រុល​បាត់​ទៅ​ហើយ ។ កុំ​ឲ្យ​ពិបាក​សម្រក​ទាន់ តោះ! មក​មើល​ទម្លាប់​រស់​នៅ​ ទាំង​៨ យ៉ាង​ខាង​ក្រោម​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ធាត់​ដោយ​មិន​ដឹង​ខ្លួន ហើយ​ពិបាក​ក្នុង​ការ​សម្រក៖

១. គេងមិនគ្រប់

ការសិក្សាបានបង្ហាញថា ការដេកមិនគ្រប់នឹងធ្វើឲ្យអ្នកឃ្លាន បើទោះបីជាអ្នកញ៉ាំឆ្អែតក៏ដោយ ព្រោះថាគេងមិនគ្រប់នឹងធ្វើអោយប៉ះពាល់ដល់អ័រម៉ូនដែលគ្រប់គ្រងអាហារ។ សម្ពាធ ឬ ស្ត្រេស ក៏ជា​មូល​ហេតុ​ធ្វើ​ឲ្យអ្នក​គេងមិនលក់​ ហើយ​បង្កើត​អ័រម៉ូន​ធ្វើឲ្យអ្នក​ចេះតែឃ្លាន ហើយ​ឡើង​ខ្លាញ់​ផងដែរ។

២. ផឹកភេសជ្ជមានជាតិផ្អែម

ផឹកភេសជ្ជផ្អែមញឹកញាប់ ឬស្រាបៀរ និងភេសជ្ជកំប៉ុងពិតជាងាយស្រួលធ្វើឲ្យអ្នកផ្ទុកនូវកាឡូរីជាច្រើនក្នុងខ្លួន ដែលបណ្ដាលឲ្យអ្នកចេះតែឡើងទម្ងន់។ មួយវិញទៀត ការផឹកភេសជ្ជទាំងនេះ អាចឲ្យអ្នកអត់វាមិនបាន ដោយមិនដឹងខ្លួន បើនៅតែទម្លាប់​ផឹករាល់ថ្ងៃ។

៣.មិនញ៉ាំអាហារពេលព្រឹក

កំហុសមួយដ៏ធំ ដែលមនុស្សជាច្រើនតែងតែធ្វើនោះ គឺមិនញ៉ាំអាហារពេលព្រឹក ព្រោះថាភាគច្រើនអ្នកដែលចង់សម្រកទម្ងន់ គឺប្រាកដជាមិនហ៊ានញ៉ាំអាហារពេលយប់នោះទេ ដូច្នេះហើយ រាងកាយរបស់អ្នកគឺត្រូវការអាហារ ពេលព្រឹកជាចាំបាច់។

៤. ញ៉ាំលឿនពេក

នៅសាកលវិទ្យាល័យ Rhode Island បានរកឃើញថាអ្នកដែលញ៉ាំយឺតៗ ញ៉ាំតិចជាង ១/៣ នៃអ្នកដែលញ៉ាំលឿន។ ម្យ៉ាងញ៉ាំលឿនពេក អ្នកនឹងទំពាមិនម៉ដ្ឋ និងពិបាកក្នុងការរំលាយអាហារ។ ញុំាលឿនពេក អាចធ្វើ​ឲ្យឈឺពោះ ព្រោះក្រពះកិនមិនទាន់ ។​ ទោះឃ្លានយ៉ាងណាក៏ដោយ​ ត្រូវព្យាយាមញុំាតាមសម្រួល។

៥. បង្អត់អាហារ

ប្រសិនបើអ្នកមិនញ៉ាំអាហារទៀងម៉ោង ឬលើសពី ៣ ទៅ ៥ ម៉ោងនៃពេលញ៉ាំអាហារនោះ អ្នកនឹងចាប់ផ្ដើមឃ្លានខ្លាំង ហើយពិបាកក្នុងការទប់អារម្មណ៍ ញ័រដៃញ័រជើងមិនខាន មួយទៀតអ្នកនឹងចាប់ផ្ដើមញ៉ាំច្រើនជាងមុនទៅទៀត។

៦. មិន​សូវ​​បាន​​ធ្វើសកម្មភាពឲ្យចេញ​ញើស

ភាពមមាញឹកក្នុងការសិក្សា និងធ្វើការបានបណ្ដាលឲ្យមនុស្សភាគច្រើន គ្មានពេលក្នុងការហាត់ប្រាណ។ បើទោះបីជាអ្នកខិតខំកាត់បន្ថយអាហារក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនបានហាត់ប្រាណនោះទេ គឺកាឡូរីនៅក្នុងអាហារដែលអ្នកញ៉ាំគឺមិនអាចដុតបាននោះទេ។

៧. មើលទូរស័ព្ទ ឬ​ទូរទស្សន៍អំឡុងពេលញ៉ាំអាហារ

មើលទូរស័ព្ទ ឬ ទូរទស្សន៍កំឡុងពេលញ៉ាំអាហារអាចឲ្យអ្នកញុំា​ច្រើនភ្លេចខ្លួន ឬ ញុំាអត់ដឹងឆ្អែត ដែលជា​មូលហេតុ​ឲ្យ​ឡើងទម្ងន់បាន។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សម្នាក់អាចញ៉ាំច្រើនជាងធម្មតា គឺ​នៅពេលកំពុងមើលទូរទស្សន៍។

៨. ញ៉ាំអាហារច្រើនប្រភេទក្នុងពេលតែមួយ

បើអ្នកជាមនុស្សចូលចិត្តញ៉ាំអាហារច្រើនមុខក្នុងពេលតែមួយ នេះ​ក៏អាច​ជាមូល​ហេតុ​​ឲ្យអ្ន​កញុំាច្រើនដោយ​មិនដឹងខ្លួន ព្រោះពេល​ខ្លះអាហារ​ប្រភេទផ្សេងគ្នា អាច​ធ្វើឲ្យប៉ះពាល់ដល់​ដំណើរ​នៃ​ការ​រំលាយអាហារ។ ជាទូទៅ បើមានអាហារច្រើនមុខនឹងធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើនជាងមុន។

ហេតុនេះហើយ ពេល​ឈានចូលវ័យខ្ទង់ ៣០ បើអ្នក​មិន​គិតគូរ ផ្លាស់ប្តូរ​ទម្លាប់រ​ស់នៅ និង​របបអាហារឲ្យត្រឹមត្រូវ​ជួយដល់សុខភាព​ទេ ដឹងតែខូចរាងហើយ ពិសេស​ត្រូវ​ព្យាយាម រក​ពេល​ហាត់ប្រាណ​ឲ្យបាន​យ៉ាង​ហោចណាស់ ៣០នាទី​ ក្នុង​១ថ្ងៃ ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Psychologytoday | webmd | healthline ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់