- 2020-08-23 23:01:00
- សុខភាព
កុមារវ័យជំទង់ជាង៩០ភាគរយ មានចំណេះដឹងច្រើនស្តីពីអាហារូបត្ថម្ភ
- 2020-08-23 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារវ័យជំទង់ជាង៩០ភាគរយ មានចំណេះដឹងច្រើនស្តីពីអាហារូបត្ថម្ភ
ចន្លោះមិនឃើញ
ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ អង្គការ Save the Children នឹងរៀបចំកម្មវិធីផ្សព្វផ្សាយសមិទ្ធផលគម្រោង ដើម្បីចែករំលែកនូវលទ្ធផលរបស់គម្រោងសាកល្បងដែលមានភាពច្នៃប្រឌិត រយៈពេលបីឆ្នាំរបស់ខ្លួន។ នេះបើយោងតាម សេចក្ដីប្រកាសរបស់ អង្គការ Save the Children ដែល Sabay ទទួលបានតាមរយៈសារអេឡិចត្រូនិក កាលពីពេលថ្មីៗនេះ។
គម្រោងខាងលើនេះ មានគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងនូវចំណេះដឹងស្តីពីអាហារូបត្ថម្ភក្នុងចំណោមមនុស្សវ័យជំទង់ទាំងពីរភេទ ក្នុងខេត្តកំពង់ចាម។ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នឹងអញ្ជើញជាគណអធិបតីក្នុងកម្មវិធីនេះ រួមជាមួយវត្តមានពីឯកត្តមសុខ ស៊ីឡូ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា(SUN- CSA) និងអង្គការដៃគូក្រៅរដ្ឋាភិបាល អាជ្ញាធរអប់រំថ្នាក់ខេត្ត និងស្រុក មន្រ្តីថ្នាក់ឃុំ មណ្ឌលសុខភាព ឪពុកម្តាយ គ្រូបង្រៀន និងយុវជនផងដែរ។
អង្គការ Save the Children បានអនុវត្តគម្រោងអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ នៅឆ្នាំ២០១៨ ដោយទទួលបានមូនិធិពីក្រុមហ៊ុន GSK ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនឱសថធំជាងគេលើពិភពលោក។ គម្រោងនេះមានគោលដៅធ្វើឱ្យ លទ្ធផលអាហារូបត្ថម្ភមានភាពប្រសើរឡើង ក្នុងចំណោមក្រុមមនុស្សវ័យជំទង់ទាំងបុរស និងស្ដ្រី ដែលមានវ័យ១៥ ដល់១៩ឆ្នាំ ចំនួន៥ពាន់នាក់ នៅក្នុងសាលាចំនួន៧ ដែលស្ថិតក្នុងស្រុកចំនួន២នៃខេត្តកំពង់ចាម។ គម្រោងនេះបង្កើតកញ្ចប់សម្ភារៈអប់រំផ្សព្វផ្សាយអំពីការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាននៅក្នុងសង្គម លើអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ ប្រកបដោយប្រសិទ្ធភាព និងមានភាពច្នៃប្រឌិត សម្រាប់បុគ្គលិកមណ្ឌលសុខភាព និងភ្នាក់ងារអាហារូបត្ថម្ភ។
យោងតាមការស្ទង់មតិប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ ២០១៤ បានឱ្យដឹងថា កុមារវ័យជំទង់ប្រមាណមួយភាគបួននៃប្រជាជនកម្ពុជា មិនត្រូវបានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រផ្នែកតម្រូវការអាហារូបត្ថម្ភ និងសុខភាពឱ្យបានជាក់លាក់នោះទេ។ ជាងមួយភាគបួននៃកុមារីវ័យជំទង់ មានបញ្ហាខ្វះទម្ងន់ ខណៈប្រមាណជាពាក់កណ្តាលនៃកុមារីទាំងនោះ មានសភាពស្លេកស្លាំងទៀតផង។
លោកគ្រូអ្នកគ្រូក្នុងសាលាគោលដៅបានឱ្យដឹងថា កុមារីវ័យជំទង់ភាគច្រើនមិនសូវខ្វាយខ្វល់ពីអាហារូបត្ថម្ភ ហើយជាញឹកញាប់ពួកគេចូលចិត្តបរិភោគអាហារសំបូរខ្លាញ់ច្រើន និងផ្អែមខ្លាំង។ កត្តានេះពិតជាជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់ការសិក្សា និងការផ្ចង់ក្នុងថ្នាក់រៀនរបស់ពួកគេ។
សម្រាប់សមិទ្ធផលនៃគម្រោង កុមារវ័យជំទង់ចំនួន ៧៧នាក់(ក្នុងនោះមានស្រី ៤៨នាក់) ត្រូវបានជ្រើសរើសជាភ្នាក់ងារអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ក្នុងសាលាគោលដៅ និងទទួលបានវគ្គបណ្តុះបណ្តាលឱ្យក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដោយលើកកម្ពស់ការអប់រំផ្សព្វផ្សាយចំណេះដឹង ក្នុងចំណោមមិត្តភ័ក្តិរបស់ពួកគេ អំពីសុខភាព និងអាហារូបត្ថម្ភ។ លើសពីនេះទៅទៀត អ្នកផ្តល់ការថែទាំសុខភាពចំនួន១៩នាក់ មកពីមណ្ឌលសុខភាពចំនួន៤ បានទទួលការបណ្តុះបណ្តាលចំណេះដឹង និងបចេ្ចកទេសប្រឹក្សាស្តីពីសុខភាពក្រុមមនុស្សវ័យជំទង់ និងអាហារូបត្ថម្ភ។
ជាចុងក្រោយ សម្ភារៈអប់រំផ្សព្វផ្សាយអំពីការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាននៅក្នុងសង្គម ស្តីពីអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ ត្រូវបានបង្កើតឡើងតាមរយៈការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ និងបានបោះពុម្ពចែកចាយទៅកាន់មណ្ឌលសុខភាព សាលារៀន និងសាលាឃុំផងដែរ។
លោកស្រីអេលីហ្សាប៊ែត ភៀស Elizabeth Pearce នាយិកានៃអង្គការ Save the Children ប្រចាំកម្ពុជាបានពន្យល់ថាគម្រោងដែលមានរយៈពេលបីឆ្នាំនេះ យើងទទួលបានលទ្ធផលដ៏ធំធេង។ ការវាយតម្លៃចុងក្រោយ បានបង្ហាញថា គម្រោងនេះបានបង្កើនចំណេះដឹងស្តីពីអាហារូបត្ថម្ភដល់កុមារវ័យជំទង់។
កុមារវ័យជំទង់ជាង៩០% អាចស្គាល់ប្រភេទអាហារយ៉ាងតិចចំនួន៥ ក្នុងចំណោម១០ប្រភេទ បើយើងប្រៀបធៀបជាមួយការចាប់ផ្តើមគម្រោងដំបូង ដោយមានប្រមាណត្រឹមតែ២២%ប៉ុណ្ណោះ ដែលបានដឹង។ លោកស្រីអេលីហ្សាប៊ែត ភៀស Elizabeth Pearce បន្តយ៉ាងដូច្នេះថា៖ “យើងឃើញមានការផ្លាស់ប្តូរជាច្រើនចំពោះឥរិយាបថរបស់កុមារវ័យជំទង់ ដូចជា ពួកគេចាប់ផ្តើមបរិភោគអាហារពេលព្រឹក មិនបរិភោគអាហារឬភេជ្ជសៈដែលមានជាតិខ្លាញ់ និងផ្អែមខ្លាំង និងចាប់ផ្តើមបរិភោគអាហារដែលមានតុល្យភាព រួមទាំងបន្លែនិងផ្លែឈើ។” លោកស្រីបន្តទៀតថា៖ “គម្រាងនេះនៅតែមានលក្ខណៈប្លែក ជាពិសេសដោយវាផ្តោតទៅលើអាហារូបត្ថម្ភ និងសុខភាពរបស់ក្រុមមនុស្សវ័យជំទង់។
លោកស្រី Pearce បានគូសបញ្ជាក់ទៀតថា គម្រោងនេះទទួលបានភាពជោគជ័យទៅលើសកម្មភាពដែលមានភាពច្នៃប្រឌិតជាច្រើន ដូចជាការប្រើប្រាស់ទូរស័ព្ទ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងទៅលើអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់។
លោកស្រីមានសុទិដ្ឋិនិយមលើគម្រោងនេះថា សាលារៀន សហគមន៍ មណ្ឌលសុខភាព និងអាជ្ញាធរថ្នាក់ខេត្តនឹងទទួលខុសត្រូវបន្តលើសកម្មភាពអាហារូបត្ថម្ភសម្រាប់មនុស្សវ័យជំទង់ក្នុងតំបន់របស់ពួកគាត់។ ដើម្បីធានាបាននូវនិរន្តភាពនៃគម្រោង វាពិតជាសំខាន់ណាស់ដែលអ្នកពាក់ព័ន្ធ រួមមានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងកម្មវិធីជាតិស្តីពីអាហារូបត្ថម្ភបន្តប្រើប្រាស់កញ្ចប់សម្ភារៈអប់រំ ដើម្បីផ្លាស់ប្តូរឥរិយាបថ ក្នុងការអប់រំអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ និងធានាពង្រីកនូវការអនុវត្តល្អទាំងនេះទូទាំងប្រទេស។
លោកស្រី Pearce បញ្ជាក់ជាចុងក្រោយថា៖ “អាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់គួរតែបញ្ចៀបទៅក្នុងកម្មវិធីសិក្សាសាលា ក៏ដូចជាយុទ្ធសាស្ដ្រ និងគោលនយោបាយអាហារូបត្ថម្ភរបស់រដ្ឋាភិបាល រួមមានផែនការសកម្មភាព និង គោលការណ៍ណែនាំដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ (NSFSN) ឆ្នាំ២០១៩ ដល់២០២៣។ ការងារទាំងអស់នេះនឹងតម្រូវឱ្យមានការបែងចែកធនធានបន្ត និងកិច្ចសហការពីអ្នកពាក់ព័ន្ធ រួមមានតំណាងពីក្រសួងពាក់ព័ន្ធក្នុងជួររដ្ឋាភិបាល អង្គការដៃគូ មណ្ឌលសុខភាព តំណាងសាលារៀន កុមារ ឪពុកម្តាយនិងអ្នកថែទាំកុមារជាដើម។ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិក្នុងគម្រោងនេះ ហើយយើងរីករាយដែលសាលារៀនគោលដៅ មណ្ឌលសុខភាព និងឃុំសង្កាត់ បានដាក់បញ្ចូលសកម្មភាពអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់ទៅក្នុងផែនការអនាគតរបស់ពួកគេ”៕