• 2020-09-07 03:37:44
  • ការអប់រំ

ហេតុអ្វីសង្គមយើង ពោរពេញដោយតួសម្តែង និងរឿងសម្តែង?

  • 2020-09-07 03:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីសង្គមយើងពោរពេញដោយតួសម្តែងនិងរឿងសម្តែង? ពីព្រោះសង្គមយើងសម្បូរដោយទស្សនិកជនដែរ។ អ្នកដឹកនាំរឿងនិងតួសម្តែងកាន់តែពូកែ អាចទាក់ទាញទស្សនិកជនកាន់តែគាំទ្រច្រើន ពីព្រោះអ្នកដឹកនាំនិងតួសម្តែងពូកែចេះគាស់ឱ្យអ្នកមើលមានអារម្មណ៍ខ្លាំងជាជាងបង្កើនបញ្ញា។

ជាទូទៅ ការសម្តែងដែលជួយបង្កើនបញ្ញា ប្រហែលជាមិនសូវមានអ្នកចូលមើលឡើយ ដ្បិតមិនសូវមានសិល្បៈទាក់ទាញនិងមិនសូវជួយបង្កើនអារម្មណ៍ខ្លាំង។ បើតួសម្តែងនិងអ្នកដឹកនាំរឿងគិតតែពីការបង្ហាញឱ្យជួយបង្កើនបញ្ញាដល់អ្នកមើល ប្រហែលជាត្រូវបាត់បង់ភាពទាក់ទាញមិនខាន។ ការសម្តែងដែលបង្កើនចំណេះ មិនឈ្នះការសម្តែងហែកកេរ្តិ៍គ្នាទេ....។

ដោយសារអារម្មណ៍អនាធិបតេយ្យ ខ្វះអ្វីគ្រប់គ្រង បាននាំអ្នកមើលឱ្យជឿការសម្តែងទាំងខ្វះបញ្ញា។ ប៉ុន្តែបើគេមានបញ្ញា គេនឹងអាចរៀនសូត្របានយ៉ាងច្រើនពីការសម្តែងទាំងនោះ។ អ្នកដឹកនាំរឿងនិងអ្នកសម្តែងពូកែ គេនឹងផលិតអ្វីដែលត្រូវតាមចំណង់ចំណូលចិត្តរបស់អ្នកមើល ហើយឆ្លៀតទាញប្រយោជន៍ពីការសម្តែងនោះ ប៉ុន្តែអ្នកដឹកនាំនិងអ្នកសម្តែងដ៏អស្ចារ្យ ត្រូវតែបញ្ចូលអ្វីដែលលើសពីការសម្តែងទាំងនោះ ពិសេសជួយបង្កើនបញ្ញាដល់អ្នកទស្សនាដែរ។

បើអ្នកទស្សនាមានបញ្ញានិងស្រេកឃ្លានចំណេះ (បញ្ញា) នោះគេនឹងលែងមើលការសម្តែងបែបនេះ ពីព្រោះគេមិនបានរៀនសូត្រអ្វីពីការសម្តែងទាំងនោះឡើយ ក្រៅពីជួយបង្កើនអារម្មណ៍ដែលអនាធិបតេយ្យគ្មានបានការ។ ប៉ុន្តែអ្នកមើលដែលខ្វះបញ្ញា មិនត្រឹមតែរំជើបរំជួលតាមការសម្តែងទាំងនោះទេ ថែមទាំងគាំទ្រ ហើយបន្តលង់តាមបំណងដែលអ្នកដឹកនាំសម្តែងចង់បានទៀតផង។ សង្គមដែលពោរពេញដោយរឿងសម្តែង ត្រូវការទស្សនិកជនដែលពោរពេញដោយបញ្ញា ទើបអ្នកដឹកនាំរឿងព្យាយាមបង្កើនគុណភាពនៃការសម្តែងដែលផ្តល់ជាបញ្ញា ប៉ុន្តែបើទស្សនិកជនមើលការសម្តែងត្រឹមតែអារម្មណ៍ នោះអ្នកដឹកនាំមិនខ្វល់ពីអ្វីក្រៅពីរិះរកវិធីដើម្បីបំផុសអារម្មណ៍អ្នកមើលនោះទេ។

ប្រភព៖ អ្នកពិពន្ធ ឈុំ សីហា

មតិយោបល់
អត្ថបទពេញនិយម