
- 2020-12-30 07:11:25
- ការអប់រំ
ទម្លាប់ ១០ប្រការរបស់ឪពុកម្ដាយ ដែលអាចបំផ្លាញអនាគតកូនទាំងស្រុង
- 2020-12-30 07:11:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ ១០ប្រការរបស់ឪពុកម្ដាយ ដែលអាចបំផ្លាញអនាគតកូនទាំងស្រុង
ចន្លោះមិនឃើញ
ឪពុកម្ដាយគ្រប់គ្នាសុទ្ធតែស្រឡាញ់កូនរបស់ខ្លួន គ្រាន់តែវិធីក្នុងការចិញ្ចឹមអប់រំកូនក៏មានបែបផែនខុសៗគ្នា។ អ្វីដែលឪពុកម្ដាយធ្វើគឺរំពឹងឲ្យកូនបានល្អ ដើម្បីអនាគតកូនទៅថ្ងៃខាងមុខ ប៉ុន្តែឪពុកម្ដាយមួយចំនួនអាចនឹងស្រឡាញ់កូនខុសរបៀប រហូតប្រែជាធ្វើបាបកូនទៅវិញ។ ថ្ងៃនេះ Sabay សូមបង្ហាញពីទង្វើ ១០ប្រការដែលឪពុកម្ដាយអាចបំផ្លាញកូនរបស់ខ្លួនដោយអចេតនា៖
ប្រការទី១៖ ធ្វើបាបកូនដោយស្រឡាញ់កូនខ្លាំងពេក។ លទ្ធផលនោះគឺនឹងបង្កឲ្យមានក្ដីស្រឡាញ់ដែលងប់ងល់ មើលឃើញកូនខ្លួនឯងត្រូវជានិច្ច ល្អជាងអ្នកដទៃជានិច្ច ដែលធ្វើឲ្យកូនក្លាយជាមនុស្សមានអំនួតខ្ពស់ ជឿជាក់ខ្លួនឯងក្នុងផ្លូវដែលខុស ចូលចិត្តមើលងាយអ្នកដទៃ ចូលចិត្តបង្ករឿង ប៉ុន្តែមិនទទួលស្គាល់ថាខ្លួនឯងជាអ្នកបង្ក។
ប្រការទី២៖ ធ្វើបាបកូនដោយធ្វើតាមចិត្តកូនច្រើនខ្លាំងពេក។ លទ្ធផលនោះគឺ ឪពុកម្ដាយក្លាយជាខ្ញុំបម្រើរបស់កូន ចំណែកកូននឹងក្លាយជាកូនទំនើង ដែលឪពុកម្ដាយត្រូវតែព្រមផ្ដល់គ្រប់យ៉ាងតាមចិត្តរបស់គេ។ ដែលធ្ងន់ធ្ងរជាងនេះគឺ បើសិនឪពុកម្ដាយមិនព្រមធ្វើតាមចិត្តគេ កូនខ្លះអាចដល់ថ្នាក់ធ្វើបាបឪពុកម្ដាយទៅទៀត។
ប្រការទី៣៖ ធ្វើបាបកូនដោយមិនហ៊ានហាមកូន និងប្រដៅកូនពេលកូនធ្វើខុស ធ្វើអាក្រក់ ធ្វើអំពើបាប។ លទ្ធផលនោះគឺ កូនលែងមានការភ្ញាក់ខ្លួន មិនអាចបែងចែកអ្វីល្អ អ្វីអាក្រក់ រហូតក្លាយជាជនអន្ធពាល ធ្វើបាបគេឯងគ្រប់គ្នា។
ប្រការទី៤៖ ធ្វើបាបកូនដោយឲ្យលុយកូនចាយមួយស្រឡាញ់។ លទ្ធផលនោះគឺ កូននឹងលែងដឹងពីតម្លៃលុយ មិនមើលឃើញគុណតម្លៃអ្នករកលុយ និងឲ្យលុយគេចាយ ទោះបីរកលុយបានប៉ុណ្ណាក៏ចាយមិនគ្រប់ ហើយជីវិតវិញកាន់តែយ៉ាប់ទៅៗ។
ប្រការទី៥៖ ធ្វើបាបកូនដោយមិនឲ្យកូនចេះពឹងពាក់ខ្លួនឯង ដោយខ្លាចថាកូនលំបាកបើសិន ធ្វើអ្វីដោយខ្លួនឯង។ លទ្ធផលនោះគឺ កូននឹងធំឡើងក្លាយជាមនុស្សដែលរស់នៅដោយខ្លួនឯងមិនបាន មិនចេះធ្វើអ្វីៗដោយខ្លួនឯង អាយុកាន់តែច្រើន កាន់តែជាបន្ទុករបស់អ្នកនៅជុំវិញខ្លួន។
ប្រការទី៦៖ ធ្វើបាបកូនដោយមិនជ្រោមជ្រែងឲ្យកូនបានរៀនសូត្រសមរម្យ ដោយរវល់តែយកលុយបណ្ដាក់ទុនលើជំនួញវាល់លានរបស់ខ្លួន ប៉ុន្តែមិនហ៊ានដាក់ទុនដើម្បីកសាងកូនឲ្យក្លាយជាបញ្ញាជន។ លទ្ធផលនោះគឺ កូនធំតែខ្លួន ប៉ុន្តែមានគំនិតបញ្ញាតូចចង្អៀត ខ្វះខាតទាំងការគិត ការប្រើហេតុផល មិនអាចធ្វើការ និងពិបាកចូលសង្គម។
ប្រការទី៧៖ ធ្វើបាបកូនដោយរវល់តែជួយសង្គ្រោះអ្នកក្រៅ ប៉ុន្តែភ្លេចថាអ្នកដែលខ្លួនត្រូវជួយសង្គ្រោះមុន មើលថែមុន និងផ្ដល់ក្ដីស្រឡាញ់មុនគេ គឺកូន។ លទ្ធផលនោះគឺ បើទោះបីអ្នកក្លាយជាបុគ្គលសប្បុរសធម៌ដ៏ជោគជ័យនៅខាងក្រៅផ្ទះក៏ដោយ ប៉ុន្តែអ្នកនឹងក្លាយជាឪពុកម្ដាយដែលបរាជ័យនៅក្នុងផ្ទះ ហើយកូនៗនឹងក្លាយជាក្មេងដែលខ្វះខាតក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដែលធ្វើឲ្យគេពិបាកនឹងផ្ដល់ក្ដីស្រឡាញ់ និងភាពកក់ក្ដៅឲ្យអ្នកណាបានទៅអនាគត។
ប្រការទី៨៖ ធ្វើបាបកូនដោយមិនព្រមជ្រោមជ្រែង សរសើរកូន ពេលកូនទទួលបានជោគជ័យក្នុងការរៀនសូត្រ ក្នុងការងារ ឬក្នុងជំនួញផ្សេងៗ។ លទ្ធផលនោះគឺនឹងធ្វើឲ្យកូនក្លាយជាមនុស្សចិត្តចង្អៀត មិនចេះសរសើរលើកស្ទួយអ្នកណា នៅពេលឃើញអ្នកដទៃទទួលបានជោគជ័យ គឺដឹងតែច្រណែនគេ។
ប្រការទី៩៖ ធ្វើបាបកូនដោយមិនបង្រៀនកូនឲ្យស្គាល់បាបបុណ្យគុណទោស។ លទ្ធផលនោះគឺ នៅពេលកូនធំឡើង គេអាចនឹងប្រព្រឹត្តខុសដោយមិនគិតថាខ្លួនខុស មើលមិនឃើញភាពចាំបាច់ដែលត្រូវធ្វើជាមនុស្សល្អ កូនល្អ កត្តញ្ញូជាមួយឪពុកម្ដាយ ឬអ្នកមានគុណណាឡើយ។
ប្រការទី១០៖ ធ្វើបាបកូនដោយមិនបង្រៀនកូនឲ្យចេះចែករំលែកដល់អ្នកដទៃ។ លទ្ធផលនោះគឺ ពេលធំឡើង គេនឹងក្លាយជាមនុស្សដែលអាត្មានិយម កេងប្រវ័ញ្ច មើលឃើញតែផលប្រយោជន៍ខ្លួនរហូតមើលលែងឃើញអ្នកដទៃ។
បើអ្នកជាឪពុកម្ដាយបានអានព្រមទាំងកំពុងប្រព្រឹត្តទង្វើមួយ ឬច្រើនក្នុងចំណោម ១០ខាងលើនេះ សូមប្រញាប់បញ្ឈប់ មុននឹងគ្រប់យ៉ាងហួសពេល ព្រោះការអប់រំកូនក្នុងផ្លូវដែលត្រឹមត្រូវគឺប្រៀបដូចជាពន្លឺភ្លើងទៀន ដែលបំភ្លឺផ្លូវឲ្យកូនបានទៅដល់កន្លែងដែលល្អ ប៉ុន្តែបើអ្នកជាឪពុកម្ដាយដែលមានគ្រប់ចំណុចទាំងនេះ គឺមិនខុសអ្វីពីសាងបាបកម្មឲ្យកូន និងបំផ្លាញអនាគតរបស់គេដូច្នោះដែរ ៕