• 2021-01-05 02:06:37
  • ការអប់រំ

អាហារូបករណ៍ទៅចិន ឬអឺរ៉ុប មួយណាក៏ល្អដែរ តែបើខ្វះ៣យ៉ាងនេះ ទើបពិបាក

  • 2021-01-05 02:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​​ គេ​សង្កេត​ឃើញ​មាន​ជំនួយ​អាហារូបករណ៍​មក​ពី​រដ្ឋាភិបាល​ចិន​ហូរ​ហែ​ផ្ដល់​ដល់​និស្សិត​កម្ពុជា ស្រប​ពេល​កំណើន​ប្រជាជន​ចិន ក្លាយ​ជា​ភ្ញៀវ​ទេសចរ​លំដាប់​ទី១​នៅ​កម្ពុជា​។ ទន្ទឹមគ្នា​នេះ​ អ្នក​ជំនាញ​ក្នុង​វិស័យ​អប់រំ​ លោក​បណ្ឌិត ឈួន ​ចាន់ថន​ បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ថា វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន​ចាប់​យក​​ជំនាញ​ភាសា​ចិន​បន្ថែម​ និង​អាច​ឈោង​ទៅ​សិក្សា​នៅ​ប្រទេស​យក្ស​មួយ​នេះ​។​ លោក​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​នៅ​កម្ពុជា​ ខ្វះ​​បុគ្គលិក​អាច​និយាយ​ភាសា​ចិន​ ខណៈ​ប្រាក់​ខែ​ជា​មធ្យម​ប្រមាណ​ពី​ ៥០០ ទៅ ៨០០ដុល្លារអាមេរិក​។ ​​​​​​​​​​​​​

លោក​បណ្ឌិត ឈួន ​ចាន់ថន​ ​ដោយ​បាន​ណែនាំ​ដល់​និស្សិត​បើ​មាន​បំណង​ដាក់​អាហារូបករណ៍​ទៅ​បរទេស​ មិន​គួរ​រឿង​សាកលវិទ្យាល័យ​នៅ​ប្រទេស​ណា​ខ្លាំង​ពេក​​ពេក​នោះ​ទេ ​សាកលវិទ្យាល័យ​នៅ​ស្រុក​គេ​ធំៗ ​ដូចជា​កូន​ទីក្រុង​មួយ ​មាន​ស្ដង់​ដារ​។ ហេតុនេះ​ ​និស្សិត​ គួរ​កុំ​ខ្វល់​ថា​អាហារូបករណ៍​ ទៅ​ចិន ទៅ​អឺរ៉ុប​ ពោល​គឺ​ទៅ​រៀន​​នៅ​​សាលា​ក៏​សុទ្ធ​តែ​​ល្អ​ទាំង​អស់​​ តែ​សំខាន់​គឺ​ខ្លួន​ឯង។

លោក​បណ្ឌិត ឈួន ​ចាន់ថន​

លោក​បណ្ឌិត ចាន់ថន បង្ហើប​គន្លឹះ​ ៣ ចំណុច​ ត្រូវ​ត្រៀម​ មុន​នឹង​ដាក់​​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​ចិន ដូចខាងក្រោម៖

១. ភាសា

បើ​ដាក់​អាហារូបករណ៍​ទៅ​ប្រទេស​ចិន អ្វី​ដែល​ត្រូវ​សំខាន់​បំផុត​គឺ​ភាសា យ៉ាង​ហោច​ណាស់​ក៏​​​ចេះ​ភាសា​ចិន​បន្តិចបន្តួច​ដែរ។ មួយ​វិញ​ទៀត​ បើ​ភាសា​ចិន​មិន​អាច​ទៅ​រួច ​គួរ​តែ​ចេះ​ភាសា​អង់គ្លេស​អាច​ប្រើ​ប្រាស់​បាន ព្រោះ​ការ​សិក្សា​នៅ​ទីនោះ ​សៀវភៅ​ភាសា​អង់គ្លេស​-​ចិន មាន​ច្រើន​ ដែល​ងាយស្រួល​សម្រាប់​សិស្ស​អន្តរជាតិ​​ខ្សោយ​ភាសា​ចិន។​​​​​​​

២. ជំនាញ​ទន់​​

​ជំនាញ​ទន់​ ​​គឺ​ការ​ទំនាក់​ទំនង​​ប្រកប​ដោយ​សីលធម៌។ វា​ជា​មុខ​មាត់​សម្រាប់​ប្រទេស​យើង​មួយ​ ដែល​ជា​ប្រជាជាតិ​មាន​ក្រម​សីលធម៌​ល្អ​ អាច​រស់​នៅ​ និង​ចុះ​សម្រុង​ក្នុង​ការ​ចូលរួម​សង្គម​ជាមួយ​ជា​ជន​ជាតិ​គេ​ផ្សេង​។​​​​​​​

៣. ​ជំនាញ​រឹង​​

​ចំណុច​ទី៣​ គឺ​ការ​ជ្រើស​រើស​ជំនាញ​រឹង​។ ​ជំនាញ​ទំនាក់​ទំនង​ល្អ​ ក៏​ត្រូវ​ការ​ជំនាញ​ពិត​​ប្រាកដ​បន្ថែម​ដែរ​ ។ ​បើ​បាន​​ទៅ​សិក្សា​នៅ​ស្រុក​គេ​ហើយ ​​ គួរ​តែ​សម្លឹង​មើល​ជំនាញ​ណា​មាន​តម្រូវការ​តាម​ទីផ្សារ​ជាក់​ស្ដែង​នៅ​ក្នុង​ស្រុក​ ត្រូវ​ចេះ​ឲ្យ​ពិត​ប្រាកដ​ និង​ត្រឡប់​មក​អភិវឌ្ឍ​ប្រទេស​យើង​វិញ។​

មតិយោបល់