• 2021-07-09 03:35:38
  • ព័ត៌មាន

សុំសរសើរទឹកចិត្ត! លោកជំទាវ ទ្រី ដាណា និងស្វាមី ជួយសង់ផ្ទះ ១០ខ្នងជូនអតីតយុទ្ធជន ស្មើនឹងថវិកាជាង ៣ម៉ឺនដុល្លារ

  • 2021-07-09 03:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនទូទាំងប្រទេសប្រាកដជាជ្រាបច្បាស់មកហើយ ពីអ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា មានទឹកចិត្តល្អប្រពៃក្រៃលែង តែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អ្នកដែលជួបការខ្វះខាតក្នុងជីវភាព ជនចាស់ជរា កុមារកំព្រា អ្នកគ្មានទីពឹងជាដើម និងតែងបរិច្ចាគជូនប្រមុខរដ្ឋាភិបាលកម្ពុជាមិនដែលអាក់ខាន នោះ គឺលោកជំទាវ ទ្រី ដាណា និងស្វាមី ។

ថ្មីៗនេះ លោកជំទាវ ទ្រី ដាណា និងស្វាមីលោក ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានបរិច្ចាគថវិកាចំនួន ៣៥,០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីសង់ផ្ទះចំនួន ១០ខ្នងជូនដល់ អតីតយុទ្ធជនកម្ពុជាក្រីក្រ ។ តាមប្រភពពី ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ការចូលរួមចំណែករបស់លោកជំទាវ ទ្រី ដាណា និងស្វាមី គឺក្នុងគម្រោងសង់ផ្ទះ នួន ៦២៨ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកជំទាវ ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។

លោកជំទាវ ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យបានចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិតែងតែធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងពិតប្រាកដ និងបានកសាងនូវភាពជឿជាក់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣,៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ ២៧០ដុល្លារអាមេរិក៕

ប្រភព៖ ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

មតិយោបល់