• 2021-08-03 03:40:12
  • ការអប់រំ

មិត្តភក្ដិជំពាក់លុយមិនសង គួរឈប់រាប់អានអត់?

  • 2021-08-03 03:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសង្គមសព្វថ្ងៃនេះ មិត្តភក្តិដែលរាប់អានគ្នាជៀសមិនផុតទេអំពីការពឹងពាក់ខ្ចីលុយខ្ចីកាក់គ្នា នៅពេលណាមួយមិនខាន ដើម្បីយកមកដោះស្រាយបញ្ហាវិបត្តិហិរញ្ញវត្ថុដែលកំពុងជួបប្រទះជាដើម។ អ្នកខ្លះសន្យាថាខ្ចីហើយនឹងឆាប់សងវិញ រីឯអ្នកខ្លះទៀតមិនបានសន្យាថានឹងសងក្នុងរយៈពេលណាមួយឱ្យពិតប្រាកដនោះទេ។ ដូចឃើញស្រាប់ហើយថាទំនាក់ទំនងរវាងមិត្តភក្តិតែងតែបញ្ចប់ជារឿយៗ ដោយសារតែមិត្តភក្តិម្ខាងទៀតខ្ចីលុយហើយមិនព្រមសង។

រូបភាពតំណាង

យុវជនម្នាក់ឈ្មោះ ប៊ុន ធឿន វ័យ២១ឆ្នាំ ជានិស្សិតមកពីខេត្តមកបន្តការសិក្សានៅសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បានលើកឡើងថា រឿងមិត្តភក្តិខ្ចីលុយហើយមិនសងនេះ រូបគេបានជួបប្រទះពេលឡើងមករៀននៅភ្នំពេញដំបូង។ ប៊ុន ធឿន បានឱ្យដឹងថា ពេលនោះមានមិត្តភក្តិម្នាក់រៀនសកលវិទ្យាល័យជាមួយគ្នា បានខ្ចីលុយរូបគេចំនួន ៣០ដុល្លារ ដោយបាននិយាយថាយកទៅឱ្យថ្លៃបន្ទប់ជួល។ អស់រយៈពេលជាង ១ឆ្នាំហើយ មិនឃើញសង ប៊ុន ធឿន ក៏ដាច់ចិត្តទារលុយជំពាក់វិញ ប៉ុន្តែមិត្តភក្តិដែលបានខ្ចីលុយនោះ ធ្វើការព្យាយាមគេចវេសមិនព្រមសង។ ក្នុងវ័យជានិស្សិតនៅឡើយ ហើយជាសិស្សមកពីខេត្តទៀត ជីវភាព ប៊ុន ធឿន មិនសូវជាធូរធារប៉ុន្មានទេ ដោយគិតពីមិត្តភាពជាធំ ទើបបានជាឱ្យលុយទៅមិត្តភក្តិខ្ចី។ ប៉ុន្តែពេលនេះ យុវជន ប៊ុន ធឿន បានផ្លាស់ប្តូរការគិតហើយ បានផ្តាច់ទំនាក់ទំនងជាមិត្តជាមួយមិត្តភក្តិដែលខ្ចីលុយមិនព្រមសងនោះ ដោយបានលើកឡើងថា មិនថាមិត្តភក្តិ ឫ នរណាម្នាក់ទេ នៅពេលណាដែលខ្ចីលុយគេហើយ គេសវេសមិនព្រមលុយ គឺជាអំពីរំលោភលើសេចក្តីទុកចិត្ត ហើយប្រសិនបើលុយនោះមានចំនួនច្រើនអាចឈានទៅដល់ការប្តឹងផ្តល់គ្នាថែមទាំងផង។

រូបភាពបរទេស

ចំណែក យុវតីម្នាក់ទៀតឈ្មោះ លក្ខិណា វ័យ ២២ឆ្នាំ ជាបុគ្គលិកកំពុងបម្រើការងារនៅស្ថាប័នធនាគារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ​ បានលើកឡើងថា កញ្ញាធ្លាប់មានបទពិសោធ មិត្តភក្តិខ្ចីលុយហើយមិនសង កាលពីពេលជាងមួយឆ្នាំមុន។ លក្ខិណា បានឱ្យដឹងថាពេលនោះ មិត្តភក្តិម្នាក់ដែលរាប់អានគ្នាតាំងពីពេលរៀននៅវិទ្យាល័យបាន ខលមកខ្ចីលុយចំនូន ១០០ដុល្លារ ដោយសារខ្វះខាតលុយឱ្យថ្លៃថ្នាំពេទ្យគេ។ កញ្ញាលក្ខិណា ក៏យល់ព្រមឱ្យខ្ចី ហើយមិនបានបញ្ជាក់ថាពេលណាត្រូវសងមកវិញនោះទេ ដោយគ្រាន់តែប្រាប់ទៅកាន់មិត្តភក្តិថា ពេលណាមានចាំសងវិញក៏បាន។ មកទល់ពេលនេះជាងមួយឆ្នាំហើយ លក្ខិណា ថាមិនឃើញមិត្តភក្តិយកលុយមកសងនាងវិញនោះទេ។ កញ្ញាលក្ខិណា បានឱ្យដឹងទៀតថា ក្នុងចិត្តរបស់កញ្ញា​គឺមិនមានការខឹង ឬគិតចង់ផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិដែលរាប់អានគ្នាអស់ជាយូរឆ្នាំមកហើយ ដោយសារលុយ ១០០ដុល្លារនោះទេ។ លក្ខិណា បានបន្ថែមថា ប្រហែលជាមិត្តភក្តិរបស់នាងមិនទាន់អាចមានលទ្ធភាពសង ដោយហេតុថា គ្នានៅបន្ទប់ជួល ហើយប្រាក់ខែក៏តិចតូចទៀត ត្រូវទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ចុងក្រោយ លក្ខិណា បានបញ្ជាក់ថា នាងច្បាស់ក្នុងចិត្តថាមិត្តភក្តិរបស់នាង បើសិនជាមានលុយគ្រប់គ្រាន់ ប្រាកដជាសងមកនាងវិញជាមិនខានឡើយ ហើយពេលបច្ចុប្បន្ននេះ មិត្តភាពរវាងនាង និងមិត្តភក្តិគឺនៅដដែល។

រូបភាពបរទេស

មិនថាការខ្ចីលុយមិត្តភក្តិ ឬ នរណាម្នាក់ទេ ចាំបាច់ត្រូវតែសងគេវិញ ត្បិតថាលុយពិបាករក ហើយបើសិនជាគេហ៊ានឱ្យលុយអ្នកខ្ចីនោះ មានន័យថាគេមានការទុកចិត្តលើអ្នកនិងជឿជាក់យ៉ាងមុតមាំថា អ្នកជាមនុស្សដែលមានទំនួលខុសត្រូវនិងស្មោះត្រង់ថែមទៀតផង។ ប៉ុន្តែបើសិនករណីអ្នកមិនទាន់អាចមានលទ្ធភាពសងគេទាំងអស់វិញបាន អាចព្យាយាមចរចារជាមួយគ្នាដើម្បីសុំសងជាដំណាក់កាល បន្តិចៗម្តង ជាជាងសម្ងំស្ងាត់និងព្យាយាមគេចវេស។ ហើយពេលខ្លះបញ្ហាខ្ចីលុយមិនសងនេះ អាចបំផ្លាញទំនាក់ទំនងនិងមិត្តភាពបានយ៉ាងងាយ៕

អត្ថបទ ៖ សង្ហា

មតិយោបល់