• 2021-08-19 04:01:50
  • ព័ត៌មាន

ព្រះបាទ​ពញាយ៉ាត ព្រះមហាក្សត្រខ្មែរដែល​វាយរំដោះ​ក្រុង​អង្គរ​ ពី​ការត្រួតត្រារបស់ សៀម

  • 2021-08-19 04:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបាទ​ពញាយ៉ាត ដែល​គ្រងរាជ្យ​នៅ​ពាក់​កណ្ដាល​ទី​មួយ​នៃ​សតវត្ស​ទី​១៥ គឺ​ជា​ព្រះមហាក្សត្រ​ដែល​ជាប់​ព្រះនាម​ក្នុង​ប្រវត្តិសាស្ត្រ ថា​ជា​ក្សត្រា​អង់​អាច​ក្លាហាន វាយ​រំដោះ​យក​ក្រុង​អង្គរ ពី​សៀម មក​វិញ​បាន ហើយ​ព្រម​ទាំង​ស្ដេច​ដែល​លើក​រាជធានី​មក​តាំង​នៅ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ​ផង។

នៅ​ពេល​ដែល​ទ័ព​សៀម បាន​ចូល​មក​លុក​លុយ​វាយ​បែក​ក្រុង​អង្គរ ជា​លើក​ទី​ពីរ នៅ​ឆ្នាំ​១៣៩៣ នោះ ចៅ​ពញាយ៉ាត ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​សុរិយោវង្ស (ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ក្រុង​អង្គរ​ពី​កណ្ដាប់​ដៃ​សៀម លើក​ទី​១​មក​វិញ) បាន​រត់​រួច ហើយ​ភៀស​ព្រះអង្គ​ទៅ​រៀបចំ​កេណ្ឌ​ទ័ព និង​បោះ​ទីតាំង​មូលដ្ឋាន​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ទីឋាន​ដែល​ព្រះបិតា​ព្រះអង្គ​ធ្លាប់​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ទ័ព​ពី​លើក​មុន។

ក្រោម​ការ​ដឹក​នាំ​របស់ ពញាយ៉ាត ទ័ព​ខ្មែរ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត គឺ​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ទ័ព​ខ្មែរ​អាច​មាន​សមត្ថភាព​វាយ​រំដោះ​យក​ក្រុង​អង្គរ​មក​វិញ​បាន។ ប៉ុន្តែ​មុន​នឹង​ទ័ព​ធំ​ចូល​វាយ​លុក​ក្រុង​អង្គរ​លើក​នេះ ព្រះអង្គ​បាន​ប្រើ​ឧបាយកល​អោយ​អាមាត្យ​ជំនិត​ពីរ​នាក់ ឈ្មោះ ពេជ្រ និង​ពៅ ដែល​ជា​បង​ប្អូន​បង្កើត ដឹក​នាំ​ទាហាន​ស្ម័គ្រ​ចិត្ត ១០​នាក់ ទៅ​សារភាព​សុំ​ចុះ​ចូល​ជាមួយ​ស្ដេច​សៀម ព្រះឥន្ទរាជា ដែល​សោយរាជ្យ​ក្នុង​ក្រុង​អង្គរ។ ហើយ​ភ្លាម​នោះ ដោយ​ឃើញ​ថា​ស្ដេច​សៀម ភ្លេច​ខ្លួន​ហើយ បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​ដក​កាំបិត​ស្នៀត​ដែល​លាក់​ក្នុង​ផ្នួង​សក់ ស្ទុះ​ទៅ​ចាក់ ព្រះឥន្ទរាជា សុគត​ទៅ។

ពេល​នោះ សភាព​ជ្រួល​ច្របល់​ក្នុង​មហា​នគរ​ក៏​ផ្ទុះ​ឡើង។ ឯ​សម្ដេច​ចៅ​ពញាយ៉ាត​រាជា ដែល​ទ្រង់​បាន​ត្រៀម​ទ័ព​រួច​ជា​ស្រេច ក៏​ទ្រង់​វាយ​សម្រុក​ចូល​ក្រុង​អង្គរ ដោយ​ជោគជ័យ ហើយ​ទីបំផុត ក៏​បាន​រំដោះ​រាជធានី​អង្គរ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​សៀម មក​វិញ​នៅ​ឆ្នាំ​១៣៩៤។

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ហើយ សម្ដេច​ព្រះ​សុគន្ធា​រាជា គណៈ​រាជគ្រូ បុរោហិត រាជវង្សានុវង្ស អង្គ​អគ្គមហាសេនា សេនាបតី​មន្ត្រី​តូច​ធំ ខ្ញុំ​រាជការ ក៏​យាង​សម្ដេច​ចៅ​ពញាយ៉ាត អោយ​ឡើង​សោយរាជ្យ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​រាជឱង្ការ ព្រះ​បរម​យ៉ាត​រាជាធិរាជ។ ហើយ​ព្រះអង្គ​ទ្រង់​គ្រងរាជ្យ​ដោយ​ទសពិធរាជធម៌ ព្រះអង្គ​ទ្រង់​បាន​ទំនុក​បម្រុង​ព្រះពុទ្ធ​សាសនា​យ៉ាង​ក្រៃលែង ហើយ​រាស្ត្រ​ប្រជា​គ្រប់​គ្នា​ក៏​ទទួល​បាន​សុខ​សន្តិភាព​ជា​រៀង​រហូត​នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ។

ចំពោះ​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះអង្គ​ទ្រង់​បាន​ចង​ស្ពាន​មាន​មេត្រី​ជាមួយ​ប្រទេស​ចិន ដោយ​បាន​បញ្ជូន​រាជទូត​ទៅ​កាន់​ប្រទេស​ចិន នៅ​ឆ្នាំ​១៤២១ នៃ​គ.ស ថែម​ទៀត​ផង។ ពេល​ឡើង​សោយរាជ្យ ព្រះអង្គ​ទ្រង់​បាន​ទទួល​ពិធី​រាជាភិសេក​នៅ​រាជធានី​អង្គរ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​រាជធានី​ភ្នំពេញ ជា​រាជធានី​ដែល​ព្រះអង្គ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៤៣៤ ហើយ​ព្រះ​អដ្ឋិធាតុ​ព្រះអង្គ ត្រូវ​បាន​គេ​តម្កល់​ក្នុង​មហា​ចេតិយ​ដែល​សាង​ឡើង​ដោយ​ព្រះរាជបុត្រ​ព្រះអង្គ នៅ​លើ​ភ្នំ​ដូនពេញ សព្វថ្ងៃ​នេះ។ គឺ​ព្រះបាទ​ពញាយ៉ាត នេះ​ហើយ​ដែល​បាន​ប្ដូរ​រាជធានី​ពី​អង្គរ មក​ទួល​បាសាន រួច​មក​ភ្នំពេញ ឬ​ចតុមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន

មតិយោបល់