• 2021-09-17 04:13:10
  • ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះ​ពាន សហគ្រាសមានទំនួលខុសត្រូវនៅតំបន់អាស៊ី ចំពោះ​សកម្មភាព CSR របស់ខ្លួន

  • 2021-09-17 04:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីនស៍ ហូលឌីង គ្រុប («ព្រីនស៍គ្រុប») ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនដែលប្រកបដោយទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ ហៅកាត់ថា «AREA»។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ទទួលបានការកោតសរសើរចំពោះកិច្ចការងារដែលមានឥទ្ធិពលដ៏ខ្លាំងក្លានៅអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា។ នេះជាពានរង្វាន់ទី ៥ ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ក្រុមប្រឹក្សាវិនិច្ឆ័យថ្នាក់ជាតិ និងអន្តរជាតិបានគូសបញ្ជាក់ថាក្រុមហ៊ុនេះ ជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីទទួលបានជោគជ័យខ្លាំងដែលមានការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងតំបន់អាស៊ានទាំងមូល។

កម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី ហៅកាត់ថា «AREA» បង្កើតឡើងនៅក្នុងឆ្នាំ២០១១ និង​បាននឹងកំពុងស្វែងរកគន្លឹះដើម្បីកំណត់ឧទាហរណ៍នៃភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹង​សិទ្ធិអំណាច​សង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ចដែលប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីនេះបានដំណើរការដើម្បីបង្កើតសហគមន៍មួយដែលមានគោលបំណងតែមួយដូចគ្នា ដើម្បីឱ្យអ្នកជំនួញខ្លាំងពូកែនានាក្នុងតំបន់អាស៊ីបានរៀនពីគ្នាទៅវិញទៅមក ដោយពេលនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានចូលរួមក្នុងបញ្ជីឈ្មោះនៃកម្មវិធីនោះហើយ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សកម្មភាពសាជីវកម្មឱ្យស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

អ្នកដែលទទួលបានពានរង្វាន់ផ្សេងទៀតពីកម្មវិធីនេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation និងក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់នៅក្នុងប្រភេទនៃការពង្រឹងសិទ្ធអំណាចនៅក្នុងសង្គមសម្រាប់ការឆ្លើយតបទៅលើពហុវិស័យ ដែលត្រូវបានមើលឃើញពីការអនុវត្តដ៏រហ័ស និងសកម្មភាពសម្របសម្រួលដែលពាក់ព័ន្ធនឹងភាពជាដៃគូនៃអង្គភាពធុរកិច្ចនានា នាយកដ្ឋានរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានគេទទួលស្គាល់ចំពោះការឆ្លើយតបរបស់សាជីវកម្មចំពោះវិបត្តិកូវីដ-១៩ របស់ខ្លួននៅក្នុងកម្មវិធីពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរការកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាចំនួន ៤០០នាក់ ការចូលរួមជាជំនួយថវិការចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសង្គមស៊ីវិលដើម្បីបង្កើតនូវឥទ្ធិពលក្នុងការជួយដល់អ្នកដែលរស់នៅតាមតំបន់ជនបទនានា ការបរិច្ចាគថវិកាចំនួន ៦លានដុល្លារសហរដ្ឋអាមេរិក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដោយរួមបញ្ចូលទាំងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ចំនួន ១លានដូស និងបានរៀបចំនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជាច្រើនលើកជូនដល់បុគ្គលិករបស់ខ្លួនបានជាង ៣.៥០០នាក់។

ដោយផ្តោតទៅលើការស្តារស្ថានភាពឡើងវិញក្រោយពីជម្ងឺរាតត្បាតត្រូវបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការលើគម្រោងទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំ ដី ៨៣៤ហិកតា ដោយផែនការមេបានមកពីក្រុមហ៊ុនសិង្ហបុរី Surbana Jurong ក្នុងគោលបំណងផ្លាស់ប្តូរខេត្តព្រះសីហនុប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធអេកូទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម និងលំនៅដ្ឋានដែលមានសក្តានុពលក្នុងការផ្តល់ជូននូវផ្ទះស្នាក់នៅដល់ប្រជាជនរហូតដល់ ១៣ម៉ឺននាក់។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើការទៅលើមូលនិធិព្រីនស៍ (Prince Foundation) ដោយបានបំពេញកិច្ចការយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាបានថាប្រតិបត្តិការពាណិជ្ជកម្ម និងសកម្មភាពសប្បុរសធម៌របស់យើងដើរទន្ទឹមគ្នា ដើម្បីបង្កើតនូវភាពខុសប្លែកគ្នាទៅកាន់បុគ្គលិក ប្រជាពលរដ្ឋនៅកម្ពុជា និងបរិស្ថានទាំងមូល។ ពួកយើងនឹងបន្តខិតខំប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងរៀនសូត្រពីដៃគូរបស់យើងនៅទូទាំងតំបន់ ព្រោះពួកយើងកំពុងសម្លឹងមើលពីឱកាសក្នុងការស្តារស្ថានភាពឡើងវិញដើម្បីផ្តល់ជូននូវអនាគតដ៏រុងរឿងនិងប្រកបដោយនិរន្តរភាព»។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានវិនិយោគជាថវិកាអស់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិកជាមួយគម្រោងនៅក្នុងស្រុក ហើយពហុក្រុមហ៊ុននេះនឹងបន្តបង្ហាញនូវការប្តេជ្ញាចិត្តនារយៈពេលវែងរបស់ខ្លួនតាមរយៈវិធីសាស្រ្តផ្សេងៗជាបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា៕ សម្រាប់ព័ត៌មានបន្ថែមពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖

លោកស្រី Ada Leung Hill+Knowlton Strategies Asia ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥ អ៊ីម៉ែល៖ Ada.leung@hkstrategies.com

លោក Andrew Scott Hill+Knowlton Strategies Asia ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦ Andrew.scott@hkstrategies.com

មតិយោបល់