• 2021-12-08 06:57:49
  • ព័ត៌មាន

មកដឹងសណ្ឋាគារប្រវត្តិសាស្ត្រដ៏ល្បី១ គឺ​ជា​ស្នាព្រះហស្ថព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

  • 2021-12-08 06:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារឯករាជ្យ ឬគេស្គាល់ថាជាសណ្ឋាគារ ៧ ជាន់ គឺជា សណ្ឋាគារប្រវត្តិសាស្ត្រដ៏ចំណាស់មួយសម្រាប់ខេត្តព្រះសីហនុភាគនិរតិនៃប្រទេសកម្ពុជា ជាពិសេសសណ្ឋាគារនេះត្រូវបានគូរប្លង់ដោយស្ថាបត្យករជនជាតិបារាំងនិងកសាងនៅក្នុងកំឡុងឆ្នាំ ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយមក្រោមស្នាព្រះហស្ថដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលជាផ្នែកមួយនៃការបង្ហាញពីសុទិដ្ឋិនិយមរបស់ព្រះរាជាណាចក្រកម្ពុជាក្រោយទទួលបានឯករាជ្យពីអាណានិគមបារាំង។

បើយោងទៅតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត ភត្រា បានឲ្យដឹងថា សណ្ឋាគារប្រវត្តិសាស្ត្រមួយនេះ គឺស្ថិតនៅជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃ ក្រុងព្រះសីហនុតែម្តង ហើយភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារនេះទៀតសោត មានឥស្សរជនល្បីៗលើពិភពលោករួមមានលោកជំទាវជាស្ត្រីទី១ របស់សហរដ្ឋអាម៉េរិក Jacqueline Kennedy ភរិយារបស់អតីតប្រធានាធិបតីអាមេរិកទី៣៥ John F. Kennedy មកកាន់ប្រទេសកម្ពុជានៅឆ្នាំ១៩៦៧ រួមនឹងតារាបរទេសល្បីៗជាដើម សុទ្ធសឹងតែបានមកស្នាក់នៅសណ្ឋាគារនេះ។

គួរបញ្ជាក់ផងដែរថាកាលពីសម័យខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ សណ្ឋាគារឯករាជ្យ មិនត្រូវបានប្រើប្រាស់ទេ ពោលគឺតំបន់នោះត្រូវបានជឿថាប្រើប្រាស់ជាកន្លែងឃុំខ្លួនមនុស្សរបស់ខ្មែរក្រហមទៀតផង។ ក្រោយពីខ្មែរក្រហមត្រូវបានផ្តួលរលំ សណ្ឋាគារនេះត្រូវបានបើកទ្វារឡើងវិញនៅឆ្នាំ ១៩៩២ ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់មន្ត្រីនៃអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់)។ ហើយនៅឆ្នាំ២០០៧ សណ្ឋាគារឯករាជ្យត្រូវបានរៀបចំឡើងវិញ និងបានបើកដំណើរការសម្រាប់ការទទួលភ្ញៀវទេសចរ មកដល់សព្វថ្ងៃ។ អគារមួយចំនួន រួមនឹងអាងទឹកជាប់មាត់សមុទ្រគឺជាសំណង់ថ្មី។

ប្រភព៖ឯកឧត្តម នេត​ ភត្រា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់