• 2021-12-09 06:30:00
  • ព័ត៌មាន

ត្រៀមជួប កញ្ញា ថូង ធីតា សហគ្រិនឆ្នើម លើកស្ទួយទីផ្សារអំបិលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ

  • 2021-12-09 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី Starting Up ​សប្ដាហ៍​ទី២១នេះ​ ប្រិយមិត្តនឹង​ទទួល​បាន​បទពិសោធន៍​ពី​ការ​បើក​អាជីវកម្មរកសុី​ គន្លឹះថ្មី​ពីដំណើរការអាជីវកម្ម​ដំបូង​ពី​ភ្ញៀវកិត្តិយស ដែលជាស្ថាបនិក សហគ្រាសថូង អ៊ិនធ័រប្រាយស៍ ដែលកំពុងជោគជ័យ​លើអាជីវកម្មរបស់ខ្លួន។ កញ្ញា ថូង ធីតា នឹងចូលខ្លួនមកបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើងមកដល់ភាពជោគជ័យដល់ពេលបច្ចុប្បន្ន។

កញ្ញា ថូង ធីតា ជានិស្សិតដែលបានថ្នាក់បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ មកពីសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ កញ្ញា ជាកូនស្រីអ្នកកសិករធ្វើអំបិលជាង៣០ឆ្នាំ និងមានចិត្តចង់លើកស្ទួយវិស័យកសិកម្មផលិតអំបិល កម្ពុជានាំចេញទៅអន្តរជាតិ។

ដោយមានចិត្តចង់លើកស្ទួយវិស័យកសិកម្មផលិតអំបិល កញ្ញា ធីតា បានបំលែងពីអាជីវកម្មលក្ខណៈគ្រួសារ មកជាសហគ្រាសសង្គមធុនមធ្យមឆ្នាំ ២០១៧ ដើម្បីធានាឲ្យបាននូវជំហររឹងមាំ ជួយបង្កើតការងារដល់កសិករច្រើនជាង ២៥ គ្រួសារក្នុង សហគមន៍ផលិតអំបិលនៅកំពត។ អំបិលធម្មជាតិនេះត្រូវបានផលិតឡើងតាមបែបប្រពៃណីធម្មជាតិ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ មិនមែនជាអំបិលគីមីកែច្នៃទេ។

«អំបិលធម្មជាតិកំពត ធីតា» គឺជាសិប្បកម្មផលិតអំបិលធម្មជាតិលើផ្ទៃដីចំនួន ៥០ ហិចតាក្នុងខេត្តកំពត។ អំបិលនេះផ្ទុកនូវ ប្រភេទរ៉ែចំបងៗ និងប្រភេទរ៉ែ កម្រជាច្រើនមុខផ្តល់សារៈសំខាន់ដ៏ធំធេងដល់រាង កាយមនុស្សនិងដំណើរការជីវសាស្ត្រក្នុងរាងកាយដែលអំបិលរោងចក្រពុំអាចប្រៀបធៀបបាន។

កញ្ញា ធីតា ដើរតួជាអ្នកបច្ចេកទេសខ្លួនឯងផង ជានាយកក្រុមហ៊ុនផង និង ជាអ្នករកភ្ញៀវផង។អាជីវកម្មរបស់កញ្ញា ទទួលបានជោគជ័យ ដោយផលិតបានអំបិលខ្មែរឈានមុខគេស្តង់ដារអន្តរជាតិ មានការគាំទ្រយ៉ាងច្រើន ទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារជប៉ុន។ លើសពីនេះ កញ្ញាក៏ធ្លាប់បានឈ្នះពានរង្វាន់ សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០១៨ និងពានរង្វាន់សហគ្រិនថ្នាក់ជាតិ ២០២០  National Entrepreneurship Awards 2020។

​ ចង់​ជ្រាប់​កាន់​តែ​ច្បាស់​កុំភ្លេចរង់ចាំជួបជាមួយនឹងកញ្ញា ថូង ធីតា ស្ថាបនិក សហគ្រាសថូង អ៊ិនធ័រប្រាយស៍ ផលិតផ្កាអំបិលធម្មជាតិកំពត នៅក្នុងកម្មវិធី Starting Up សប្ដាហ៍ទី២១នេះ នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់