• 2022-03-10 00:45:00
  • ព័ត៌មាន

តិចច្រឡំនៅជប៉ុនអីទៅ មាត់ទន្លេភ្នំពេញយើងហ្នឹង! ផ្កាសាគូរ៉ារីកស្គុះស្គាយ ស្អាតខ្លាំងណាស់

  • 2022-03-10 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលគិតដល់ទីក្រុងភ្នំពេញ ប្រហែលយើងអាចនឹងគិតដល់អគារខ្ពស់ៗ មនុស្សម្នាកកកុញ ចរាចរណ៍មមាញឹកជាក់ជាមិនខាន។ ប៉ុន្តែ នៅភ្នំពេញក៏មានកន្លែងស្អាតៗបែបធម្មជាតិស្រស់ស្រាយផងដែរ ជាក់ស្ដែងដូចជាផ្កាទាំងនេះដែលកំពុងរីកស្គុះស្គាយនៅតាមដងទន្លេខាងមុខវត្តឧណ្ណាលោម។

ពិតជាពិសេសណាស់ពេលនេះដើមសាគូរ៉ា បានចាប់ផ្តើមចេញផ្ការីកស្គុសស្គាយនៅតាមបណ្តោយសួនច្បារមាត់ទន្លេ ដែលកាន់តែធ្វើឲ្យសោភ័ណភាពស្រស់ស្អាត និងទាក់ទាញ។ ជាពិសេសសម្រាប់ពុកម៉ែបងប្អូន មិត្តៗយុវវ័យដែលនិយមថតរូបជាមួយនឹងទេសភាពផ្កាស្អាតៗបែបនេះពិតជាមិនខកបំណង ព្រោះថាអំឡុងពេលនេះ ផ្កាសាគូរ៉ាជាច្រើនដើម មានពណ៌ស្វាយ ពណ៌សនិងពណ៌ផ្កាឈូក កំពុងតែរីកស្គុះស្គាយបង្អួតសម្រស់យ៉ាងស្រស់ស្អាត មិនចាញ់ផ្កាសាគូរ៉ានៅឯប្រទេសជប៉ុននោះឡើយ ។

បើនិយាយដល់ផ្កាសាគូរ៉ា ប្រជាជនជាប៉ុននិយមចូលចិត្តទទួលទានអាហារថ្ងៃត្រង់ ឬល្ងាចនៅក្រោមដើមផ្កាសាគូរ៉ាដែលកំពុងរីកស្គុសស្គាយ។ «ប្រជាជនជប៉ុន នៅរដូវផ្កាសាគូរ៉ារីក ភាគច្រើនទៅទទួលទាន បាយថ្ងៃត្រង់ ឬបាយល្ងាចក្រោម ដើមផ្កាសាគូរ៉ា ដើម្បីរីករាយនឹងការទទួលទាន ព្រមទាំងអាចគយគន់សម្រស់ ផ្កាសាគូរ៉ាផងដែរ»។ ដើមផ្កាសាគូរ៉ាជាច្រើនដើម នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថា មានការឧបត្ថម្ភពីប្រទេសជប៉ុនកាលពីប៉ុន្មានឆ្នាំមុន ដោយមានការដាំជាច្រើននៅកន្លែងសំខាន់ៗនៅទីក្រុងភ្នំពេញ ជាពិសេសគឺនៅបណ្តោយប្របតាមាត់ទន្លេមុខព្រះបរមរាជវាំងតែម្តង។

កន្លងមកច្រើនឆ្នាំ ដើមសាគូរ៉ាមានការរីកលូតលាស់ ខ្ពស់ត្រដែត និងមានលាស់ផ្កាស្រស់ស្អាតផងដែរ ជារៀងរាល់ឆ្នាំ មានសម្រស់ស្រស់ស្អាតមិនចាញ់សាគូរ៉ានៅក្នុងប្រទេសជប៉ុនឡើយ ដោយផ្កាសាគូរ៉ានៅប្រទេសជប៉ុនដោយសារអាកាសធាតុត្រជាក់ជារៀងរាល់ឆ្នាំវានឹងរីកនៅខ្ទង់ខែ មករា និងរីកពេញលេញនៅក្នុងខែ មេសា។ ដោយឡែកនៅក្នុងឆ្នាំនេះ ផ្កាសាគូរ៉ា នៅក្នុងប្រទេសកម្ពុជាយើងដោយសារតែអាកាសធាតុរាងក្តៅ វាបានចាប់ផ្តើមរីកបណ្តើរៗហើយ លាយឡំនឹងផ្កាស្រស់ស្អាត ស្វាយ ផ្កាឈូក និង ស ចម្រុះគ្នា បង្កើតជាទស្សនីយភាពយ៉ាងស្ស់ស្អាតអស្ចារ្យគួរជាទីមនោរម្យ ៕

ប្រភពរូបភាព៖ អង្គរ ដែនដីនៃអាទិទេព - Land of God King

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម