• 2022-06-15 07:04:33
  • ព័ត៌មាន

អ្វី​ក៏​ដោយ​មាន​សក្ដានុពល​រៀង​ខ្លួន ដូច​បន្ទាយ​ស្រី អភិបាល​ស្រុក​រក​ឃើញ​សក្ដានុពល​នោះ ទើប​បាន​លទ្ធផល​ល្អ​ដូច​ពេល​នេះ!

  • 2022-06-15 07:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​មក​ដល់​របស់​អភិបាល​ស្រុក​វ័យ​ក្មេង ឃឹម ហ្វីណង់ ស្រុក​បន្ទាយ​ស្រីគ្រាន់​ជា​ស្រុក​ធម្មតា​មួយ​នៃ​ខេត្ត​សៀមរាប។ ប៉ុន្តែ​បច្ចុប្បន្ន បន្ទាយ​ស្រី​បាន​ក្លាយ​ជា​គោលដៅទេសចរណ៍​ចម្បង​បន្ទាប់ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ដល់​ខេត្ត​សៀមរាប នោះ​ក៏​ព្រោះ​តែ​ថ្នាក់​ដឹកនាំ​ស្រុក​បាន​រក​ឃើញ​នូវ​សក្ដានុពល​ពិត​ប្រាកដ​មួយ​នៃ​ស្រុក​មួយ​នេះ។

លោក ឃឹម ហ្វីណង់ បាន​មក​ទទួល​ភារកិច្ចដឹកនាំ​ស្រុក​បន្ទាយ​ស្រី​ក្នុង​ឆ្នាំ ២០១៩។ នៅ​ក្នុង​កម្មវិធី "ជជែក​អំពី​ទេសចរណ៍​កម្ពុជា" ក្រោម​ប្រធាន​បទ "សក្ដានុពល​កសិ-ទេសចរណ៍​ស្រុក​បន្ទាយ​ស្រី ភ្ញៀវ​ទេសចរ​អាច​មក​មើល និង​ធ្វើ" របស់​សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍ លោក​អភិបាល​បាន​រៀបរាប់​ថា លោក​បាន​រិះរក​វិធី​ដើម្បី​លើក​កម្ពស់​ស្រុក​ក្នុង​សមត្ថកិច្ច​របស់​លោក​នេះ ដោយ​ដំបូង​ឡើយ​មើល​ពី​ទីតាំង​ភូមិសាស្ត្រ។

និយាយ​ពី​ចំណុច​អន់​ថយ​មុន លោក​ថា ស្រុក​បន្ទាយ​ស្រី​របស់​លោក​ជា​តំបន់​ខ្ពស់​រាប មិន​មាន​ដី​ច្រើន​សម្រាប់​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​ទេ។ ក្រៅ​ពី​នេះ បន្ទាយ​ស្រី​គ្រាន់​តែ​កន្លែង​ដែល​ទឹកហូរកាត់ មិន​មាន​ប្រភព​ទឹក​នោះ​ទេ។ ដូច្នេះ​ហើយ វា​មិន​សម​ស្រប​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ដោត​ទៅ​លើ​តែ​ការ​ដាំដុះ​នោះ​ឡើយ។

ងាក​មក​មើលការ​ធ្វើ​ស្រែ​របស់​ប្រជាពលរដ្ឋ​វិញ ១ហិកតា​បាន​ផល​ប្រមាណ ២-៣តោន​ប៉ុណ្ណោះ។ តួលេខ​នេះ នៅ​ទាប​ខ្លាំង​ធៀប​នឹង​តំបន់​ផ្សេង​ៗ​ដូច​ជា ព្រៃវែង បាត់​ដំបង ដែល​ជា​តំបន់​វាល​ទំនាប។ ដូច្នេះ​លោក​ថា បើ​ប្រកាន់​យក​ជីវភាព​ដូច​តំបន់​ទាំង​នោះ គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ។

ក្រោយ​ពី​វិភាគ​លើ​ចំណុច​អន់ថយ លោក​ក៏​ងាក​គិត​ពី​សក្ដានុពល​របស់​បន្ទាយ​ស្រី​វិញ។ លោក ឃឹម ហ្វីណង់ លើក​ឡើង​ថា បន្ទាយ​ស្រី​ជាប់​នឹង​កាំ​ជណ្ដើរ​ក្រុង​សៀមរាប​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ស្រាប់។ ដូច្នេះ​ផែន​ការ​របស់​លោក គឺ​ធ្វើ​យ៉ាង​ណា​រក​វិធី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ពី​ក្រុង​សៀមរាប​ឲ្យ​បាន។ ទីបំផុត​ទន្ទឹម​នឹង​បន្ទាយ​ស្រី​មិន​អាច​ផ្ដោត​លើ​កសិកម្ម​ពេញ​ទំហឹង​បាន លោក​ក៏​បាន​ជ្រើស​ផែនការ​អភិវឌ្ឍ​ស្រុក​បន្ទាយ​ស្រី​តាម​បែប កសិ-ទេសចរណ៍​តែ​ម្ដង។

តាម​រយៈ​ផែន​ការ​នេះ បន្ទាយ​ស្រី​បាន​ប្រែ​មុខ​មាត់ តាម​រយៈ​លើក​កម្ពស់​បែប​បទ​នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាមួយ​ការ​រស់​នៅ​ស្អាត មាន​អនាម័យ ភូមិដ្ឋាន​មាន​របៀប​ជា​ដើម។ បច្ចុប្បន្ន ស្រុក​បន្ទាយ​ស្រី បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​បន្ទាប់​ចម្បង​មួយ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ខេត្ត​សៀមរាប ក្នុង​នោះ ភូមិ​ប្រដាក គឺ​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ទាំង ៣៦​របស់​ស្រុក ដែល​លេច​ធ្លោ​បំផុត។

លោក ឃឹម ហ្វីណង់ បញ្ជាក់​ថា លោក​នៅ​មាន​ផែន​ការ​អភិវឌ្ឍន៍​ច្រើន​ទៀត​ក្នុង​ស្រុក​ជា​សមត្ថកិច្ច​របស់​លោក ដែល​នេះ ស្រប​តាម​ផែន​ការមេ​របស់​រាជរដ្ឋភិបាល​អភិវឌ្ឍន៍​ខេត្ត​សៀមរាប​ឆ្នាំ ២០២១-២០៣៥ ដែល​បាន​អនុម័តកាល​៣០ មីនា ២០២១ ជ្រើសរើស​ស្រុក​បន្ទាយ​ស្រី​ជា​តំបន់​អាទិភាព​ស្រាប់៕

រូបភាព៖ ហ្វេសប៊ុក ឃឹម ហ្វីណង់

អត្ថបទ៖ ទារិកា

មតិយោបល់