• 2023-01-16 09:56:00
  • ព័ត៌មាន

ដំណឹងល្អ! ពីពេលនេះទៅ ពលរដ្ឋកម្ពុជាចង់ទៅលេងម៉ាល់ឌីវ មិនចាំបាច់ប្រើវីសាទៀតទេ

  • 2023-01-16 09:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការ(វីសា)ទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ។ នេះបើតាមលោកប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣នេះ។

លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌី មានប្រសាសន៍ថា «ខ្ញុំមានការរីករាយ ដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដែរថា ទិដ្ឋភាពនៅប្រទេសម៉ាល់ឌីវ ពិតជាមានភាពអស្ចារ្យនៅក្នុងមហាសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមជ្ឈមណ្ឌលទេសចរណ៍ដ៏គួរឲ្យទាក់ទាញ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច និងប្រធានាធិបតីម៉ាល់ឌីវ បានពិភាក្សាគ្នាដោយផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យទេសចរណ៍ ដោយមិនគ្រាន់តែប្រជាជនកម្ពុជា ធ្វើដំណើរមកកាន់ប្រទេសម៉ាល់ឌីវ និងប្រជាជនម៉ាល់ឌីវ មកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ផ្តោតការយកចិត្តទុកដាក់ទៅអ្នកដែលបានទស្សនកិច្ចនៅកម្ពុជា ហើយបន្តមកកាន់ប្រទេសម៉ាល់ឌីវទៀត ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់