• 2023-09-04 10:59:43
  • ការអប់រំ

ស្នាម​ញញឹម​ ភាព​កក់ក្ដៅ​ ចំណេះ​ដឹង​បច្ចេកទេស​ ទាំង​នេះ​បាន​មកពី​អង្គការ​ PSE​ រួម​គ្នា​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​កុមារ​កម្ពុជា​

  • 2023-09-04 10:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​ (PSE)​ នឹង​ធ្វើ​កម្មវិធី​ រាត្រី​ខួប​កំណើត​សប្បុរសធម៌​ ដែល​ជា​ការ​ប្រារព្ធ​ខួប​គម្រប់​ ៨១​ឆ្នាំ​របស់​ស្ថាបនិក​អង្គការ​ គឺ​លោក​ស្រី​ Marie France Des Palliers ក្នុងគោលបំណង​ប្រមូល​ថវិកា​ទ្រទ្រង់​ក៏​ដូច​ជា​ជួយ​កុមារ​កម្ពុជា។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន

លោក​ស្រី​ លក្ខណា​ គណៈ​គ្រប់គ្រងអង្គការ​ភាព​ញញឹម ​នៃ​កុមារ​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៦​ ក្នុង​គោល​បំណង​ដើម្បី​ជួយ​កុមារ​ យុវជន​ និង​គ្រួសារ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​សៀមរាប​ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផ្ដល់​អាហារ​ ការ​ព្យាបាល​ ការ​ការពារ​ស្នាក់នៅ​ ការ​អប់រំ​ចំណេះ​ទូទៅ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​កិច្ចការ​សប្បុរស​ជា​ច្រើន​ទៀត។​

សព្វ​ថ្ងៃ​នេះ​អង្គការ​កំពុង​ផ្ដល់​ការ​អប់រំ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ព្រម​ទាំង​ឧបត្ថម្ភ​អាហារ​ដល់​សិស្ស​ក្រីក្រ​ចំនួន​ ៦៥០០​នាក់​ទាំង​នៅ​ក្នុង​មណ្ឌល​ភ្នំពេញ​ និង​តាម​សាលា​រដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​សៀមរាប។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន

ដើម្បី​តម្រូវ​ការ​របស់​កុមារៗ គណៈ​គ្រប់គ្រង​អង្គការ​ PSE​ បាន​បង្កើត​នូវ​យុទ្ធនាការ​រៃអង្គាស​ថវិកា​ចំនួន​ពីរ​គឺ​ យុទ្ធនាការ​ស្វែង​រក​ជំនួយ​ក្នុង​ការ​ផ្គត់ផ្គង់​អាហារ​ និង​យុទ្ធនាការ​ស្វែង​រក​សម្ភារ​សិក្សា។​ ជម្រាប​ដែរ​ថា​ក្នុង​មួយ​ថ្ងៃ​អង្គការ​ផ្ដល់​អាហារ​ជាង​ ៧០០០​ចាន​ដល់​កុមារ​ក្រីក្រ​ដែល​កំពុង​សិក្សា​ និង​ស្នាក់នៅ​ក្នុង​អង្គការ។​

លោក​ស្រី​អំពាវនាវ​ដល់​សប្បុរសជន​ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​នានា​ដែល​មាន​បំណង​ចង់​ចូលរួម​ជួយ​ដល់​កុមារ​ យុវជន​ក្រីក្រ​កម្ពុជា​ គឺ​អាច​ធ្វើ​ការ​បរិច្ចាគ​បាន​ជា​ថវិកា​ កាបូប​សិក្សា​ ឯកសណ្ឋាន​ ប៊ិច​ សៀវភៅ​ ឬ​ឧបត្ថម្ភ​ជា​កញ្ចប់​សិក្សា​រយៈពេល​១ឆ្នាំ​ក្នុង​សិស្ស​ម្នាក់ៗ​ក៏​បាន​ដោយ​ទំនាក់ទំនង​មក​អង្គការ​ផ្ទាល់​ក៏​បាន​តាម​គណនេយ្យ​ធនធាន​របស់​អង្គការ​ ឬ​ទំនាក់ទំនង​តាម​ហ្វេសបុក​របស់​អង្គការ​ក៏បាន (វិទ្យាស្ថាន ប៉េ អេស អឺ • PSE Institute)។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ កម្មវិធី​រាត្រី​សប្បុរសធម៌​ខួប​កំណើត​ម៉ាមី​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៦​ ខែ​កញ្ញា​​ ឆ្នាំ​២០២៣​ ក្នុង​មជ្ឈមណ្ឌល​តែ​ម្ដង ​និង​បើក​ជូន​ដល់​មហាជន​មក​ទស្សនកិច្ច​ដោយ​សារី​ចាប់​ពី​ម៉ោង​ ៨​ព្រឹក​ដល់​ ៣រសៀ។​ ចំពោះ​ថវិកា​ដែល​ទទួល​បាន​គឺ​នឹង​ដាក់​ចូល​ក្នុង​មូលនិធិ​ទ្រទ្រង់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ទាំង​អស់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី