- 2023-12-26 10:59:43
- ការអប់រំ
អង្គការ PAfID៖ បន្តបើកសិក្ខាសាលាបង្កើនសមត្ថភាពក្នុងការស្វែងរកការងារ និងលើកកម្ពស់ឱកាសការងារជនមានពិការភាព
- 2023-12-26 10:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការ PAfID៖ បន្តបើកសិក្ខាសាលាបង្កើនសមត្ថភាពក្នុងការស្វែងរកការងារ និងលើកកម្ពស់ឱកាសការងារជនមានពិការភាព
ចន្លោះមិនឃើញ
អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ត (PAfID) បានបន្តធ្វើសិក្ខាសាលាជាថ្មីនេះទៀតហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើនសមត្ថភាពក្នុងការស្វែងរកការងារ និងលើកកម្ពស់ឱកាសការងារជនមានពិការភាពនៅកម្ពុជា។
លោក ខេង វីរៈ នាយកប្រតិបត្តិនៃអង្គការ PAfID បានឲ្យដឹងថា បើនិយាយពីវគ្គបណ្ដុះបណ្ដាលមានជាច្រើនដងមកហើយ ខណៈដែលសិក្ខាសាលាដូចព្រឹកមិញនេះគឺរៀបចំរួចប្រហែល ៤-៥ ដងហើយនៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។
នាយកប្រតិបត្តិរបស់ PAfID ខាងលើបន្តលើកឡើងទៀតថា សិក្ខាសាលា «ការបង្កើនសមត្ថភាពក្នុងការស្វែងរកការងារសម្រាប់ជនមានពិការភាព និងជំនួបជាមួយនិយោជក ដើម្បីលើកកម្ពស់ឱកាសការងារប្រកបដោយបរិយាបន្ត» អ្នកចូលរួមគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចជា ការកសាងសមត្ថភាព សម្រួចអ្វីដែលជាក្ដីស្រមៃការងារដែលពួកគេចង់ធ្វើ ហើយធ្វើការផ្សារភ្ជាប់នូវអ្វីដែលគាត់អាចធ្វើបានជាមួយហ្នឹងជំនាញរបស់ពួកគាត់មាន។ ជាមួយគ្នានេះដែរក៏ជាការស្វែងរកនូវចន្លោះខ្វះខាតដែលសិក្ខាកាមចូលរួមមាន និងបានបំពេញបន្ថែមកសាងសមត្ថភាពរបស់ពួកគាត់ផងដែរ។
លោក វីរៈ អង្កេតឃើញថាអ្វីដែលសិក្ខាកាម ឬបងប្អូនជនមានពិការភាពចូលរួមហើយទទួលលើសពីចំណុចខាងលើនេះទៅទៀតគឺការកសាងមិត្តភាពរវាងអ្នកចូលរួម ព្រោះអ្នកចូលរួមខ្លះក៏ស្គាល់គ្នាហើយអ្នកខ្លះទៀតក៏មិនបានស្គាល់គ្នា ខណៈដែលឱកាសនេះមានជនមានពិការភាពច្រើនប្រភេទបានមក។ ដូច្នេះហើយពួកគាត់មានឱកាសចែករំលែកនូវអ្វីជាឧបសគ្គដែលបានជួប និងមេរៀនជីវិតល្អៗទៅវិញទៅមកបាន។ នេះជារឿងសំខាន់ និងល្អមែនទែនចំពោះការមកចូលរួមវគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលាថ្ងៃនេះហើយក៏ជាឱកាសមួយដែលពួកគាត់អាចទទួលបានព័ត៌មានបន្ថែមពីអង្គការ ស្ថាប័នរដ្ឋ វិស័យឯកជនអំពីដំណឹងនៃការជ្រើសរើសបុគ្គលិកក៏ដូចជាកម្មវិធីសេវាកម្មពិសេសពីទីភ្នាក់ងារជាតិមុខរបរ និងការងារដែលមានការបណ្ដុះបណ្ដាល និងការផ្គូផ្គងការងារច្រើនរវាងយុវជនកំពុងស្វែងរកការងារធ្វើ និងនិយោជក។
បញ្ជាក់ដែរថា អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ត (PAfID) ជាអង្គការក្នុងស្រុកមួយដែលធ្វើការលើវិស័យពិការភាព និងការអភិវឌ្ឍក្នុងគោលបំណងចង់ឃើញសង្គមមួយប្រកបដោយបរិយាបន្នដែលមិនមាននរណាម្នាក់ត្រូវបានគេបោះបង់ចោល។ អង្គការមានបេសកកម្មចូលរួមក្នុងពិភពលោកមួយដែលមនុស្សគ្រប់គ្នាទទួលបានការរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងការគោរព។ ចំពោះសិក្ខាសាលាដែលអង្គការបានធ្វើឡើងកាលពីព្រឹកមិញនេះគឺនៅទីតាំងសណ្ឋាគារភ្នំពេញ៕