• 2024-03-27 12:21:05
  • ព័ត៌មាន

ថៃ​ត្រៀម​នឹង​ក្លាយ​ជា​ប្រទេស​ទី១នៅ​អាស៊ាន​ក្នុង​ការ​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា

  • 2024-03-27 12:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​ត្រៀម​នឹង​ក្លាយ​ជា​ប្រទេស​ទី១នៅ​អាស៊ាន​ក្នុង​ការ​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ក្រោយ​ពី​សភា​ជាន់​ទាប​បោះឆ្នោត​​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សមភាព​នៃ​អាពាហ៍ពិពាហ៍ កាល​ពី​ថ្ងៃ​ពុធ។

នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ ច្បាប់​នេះ​ត្រូវ​បាន​បោះឆ្នោត​អនុម័ត​យល់​ព្រម​ដោយ​សមាជិក​សភា ៤០០រូប ចំណោម​សមាជិក​មាន​វត្តមាន ៤១៥ ដោយ​ ១០រូប​បោះ​ជំទាស់ ២រូប​បោះ​អនុប្បវាទ និង​ ៣រូប​មិន​បោះឆ្នោត។

ច្បាប់​នេះ​បាន​ធ្វើ​ការ​កែ​ពាក្យ​ពេចន៍​មួយ​ចំនួន​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី និង​ពាណិជ្ជកម្ម​ថៃ​ដូចជា ការ​ប្ដូរពាក្យ​ពី «បុរស​ និង​ស្ត្រី» និង​«ប្ដី និង​ប្រពន្ធ» ទៅ​ជា «បុគ្គល​គ្រប់​រូប» និង«ដៃគូ​អាពាហ៍ពិពាហ៍»។ នេះ​ជា​ជំហាន​ដំបូង​មួយ​ក្នុង​ការ​បើក​ផ្លូវ​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ទទួល​បាន​នូវ​សិទ្ធិ​ស្រប​ច្បាប់​មួយ​ចំនួន​ដូចជា ការ​ចាត់ចែង​លើ​រឿង​ហិរញ្ញវត្ថុ និង​ការ​ទទួល​សេវាកម្ម​សុខាភិបាល​នានា។

សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា ហើយ​ចុង​ក្រោយ​ឡាយព្រះហស្តលេខា​ដោយ​ស្ដេច​ថៃ ទើប​ច្បាប់​នេះ​អាច​ចូល​ជា​ធរមាន​បាន។ យ៉ាងណាមិញ ក្រោយ​ពី​សភា​ជាន់​ទាប​អនុម័ត​ហើយ ដំណាក់កាល​បន្តបន្ទាប់​ច្រើន​តែ​រលូន​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។

សូមជម្រាប​ផង​ដែរ​ថា នៅ​អាស៊ីអាគ្នេយ៍ ថៃ​ត្រៀម​នឹង​ក្លាយ​ជា​ប្រទេស​ទី១ ដែល​ទទួល​ស្គាល់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​ជា​ផ្លូវច្បាប់។ នៅ​អាស៊ី​វិញ តៃវ៉ាន់ ជា​ប្រទេស​ទី១ នេប៉ាល់​ជា​ប្រទេស​ទី២ ហើយ​ថៃ​អាច​នឹង​ក្លាយ​ជា​ប្រទេស​ទី៣ ដែល​បង្កើត​ច្បាប់​ដូច្នេះ៕

ប្រភព៖ ABC.net អត្ថបទ៖ សេរី មង្គល

មតិយោបល់