• 2024-04-29 07:24:04
  • ការអប់រំ

កាំង តុងងី៖ មាន​ចំណេះដឹង​ហិរញ្ញវត្ថុ​កាន់​តែ​ល្អ អាច​គ្រប់​គ្រង​ហានិភ័យ ហើយការ​វិនិយោគកាន់តែប្រសើរ

  • 2024-04-29 07:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ការ​គ្រោង​ទុក "The Platform" បាន​រៀបចំ​វេទិកា​ចែក​រំលែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក្រោម​ប្រធាន​បទ “លុយ​សំខាន់! បង្កើត​យុទ្ធសាស្ដ្រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន" សម្រាប់​យុវជន និង​អ្នក​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ជាច្រើន​នាក់។

វេទិកា​នេះ មាន​ការ​អញ្ជើញ​ចូល​រួម​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​វាគ្មិន​ជំនាញៗ ៣​រូប។ ក្នុង​នោះ គឺ​មាន​លោក កាំង តុងងីប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA Bank និងលោកស្រី ស៊ូ ហ្សូលីដា នាយកគ្រប់គ្រង នៃ Prestige Consulting។

តាម​រយៈ​សារ​ចែករំលែក​នៅ​ក្នុង​គម្រោង The Platform កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០២៤ លោក កាំង តុងងី ឲ្យដឹង​ថា ការ​ចាប់​ផ្ដើមឈ្វេងយល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បាន​កាន់​តែ​ឆាប់ គឺ​មិន​ថា​តែ​យុវជន​ទេ ទាំង​អ្នក​រកស៊ី គឺ​អាច​ធ្វើ​ឲ្យ​ពួកគាត់​មាន​សេរីភាព​ហិរញ្ញវត្ថុ ឬ​អាច​ធ្វើ​ឲ្យ​ពួកគេ​ឈាន​ដល់​គោលដៅ​បាន​លឿន។

លោក កាំង តុងងី៖ "ខ្ញុំ​គិត​ថា​ការ​ចូល​រួម​ចំណែក​ចែករំលែក​ជាមួយ​The platform ថ្ងៃ​នេះ​លើ​ប្រធាន​បទ ហិរញ្ញវត្ថុផ្ទាល់​ខ្លួន​នេះ ជា​ចំណុច​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​យុវជន និង​អ្នក​ធ្វើ​ការ​មួយ​ចំនួន។ នៅ​ពេល​ដែល​ពួកគាត់​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ​កាន់​តែ​ល្អ គឺ​គាត់​អាច​គ្រប់​គ្រង​ហានិភ័យ ឬ​អាច​វិនិយោគ ដើម្បី​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ដែរ"។

ចំណែក​សហស្ថាបនិក នៃ​គម្រោង The Platform លោក គង់ សុរិយា មាន​ប្រសាសន៍​ថា ទិសដៅ​សំខាន់​របស់​គម្រោង គឺ​ចង់​ផ្ដល់​ឱកាស និង​ពង្រួម​ឲ្យ​យុវវ័យ​ជុំ​គ្នា ដើម្បី​ពិភាក្សា ទទួល និង​ចែក​រំលែក​ចំណេះដឹង​ថ្មីៗ។ លោក​ថា ក្រុម​ការងារ​នឹង​រៀបចំ​វេទិកា ក្រោម​ប្រធាន​បទ​សំខាន់​ជា​ច្រើន​ទៀត នៅ​បន្ទាប់​ពី​នេះ។

គម្រោង The platform ត្រូវ​បាន​បំផុស​គំនិត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ​២០២៤ ហើយ​ធ្លាប់​បង្កើត​វេទិការ​ស្រដៀង​គ្នា​នេះ​ជា​លើក​ដំបូង​កាល​ពី​ខែ​កុម្ភៈ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មហាជន ជាពិសេស​យុវវ័យ​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ ប៉ុន្ដែ​ពួកគេ​មិន​ទាន់​មាន​ការ​គ្រប់គ្រង់​លុយ​បាន​ច្បាស់​លាស់។

សូម​រំលឹក​ថា យុវវ័យ អ្នក​រកស៊ី និង​បុគ្គលិក​ក្រុមហ៊ុន​នានា​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ប្រមាណ ១០០​នាក់ បាន​ជួបជុំ​គ្នា​ពិភាក្សា និង​ទទួល​ចំណេះដឹង និង​យុទ្ធសាស្ដ្រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​វាគ្គិន​ទាំង​បី​រូប កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី២៧ ខែ​មេសា ឆ្នាំ​២០២៤ នៅ The Atom អគារ Vattanac៕

ជិន សុភ័ក្ដ្រ

មតិយោបល់