• 2014-10-15 15:29:59
  • ការអប់រំ

ក្រោយ​បញ្ចប់​ការ​ប្រលង​ សិស្ស​ខ្លះ​សង្ឃឹម​ ខ្លះ​គ្មាន​សូម្បី​បន្តិច

  • 2014-10-15 15:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សំឡេង​ជួង​បន្លឺ​ឡើង​នៅ​វេលា​ម៉ោង​៤:៣០​ ល្ងាច​ម្សិលមិញ​ បញ្ជាក់​ថា​ មុខ​វិជ្ជា​គណិតវិទ្យា​បាន​បញ្ចប់​ហើយ​ ហើយ​ក៏​ជា​មុខ​វិជ្ជា​ចុង​ក្រោយ​នៃ​ការ​ប្រលង​បាក់ឌុប​លើក​ទី​ពីរ​នេះ​ផង​ដែរ។ សិស្សានុសិស្ស​បាន​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​ ខ្លះ​មាន​ទឹក​មុខ​ស្រងូតស្រងាត់​ ស្លេកស្លាំង​ ប៉ុន្តែ​ខ្លះ​ទៀត​រីករាយ។

 

 

ជាក់​ស្ដែង​ កញ្ញា​ស្រី​តី​ ត្រូវ​មក​ប្រលង​នៅ​មណ្ឌល​ព្រះ​យុគន្ធ​ប្រាប់​ថា​ ការ​ប្រលង​ពីរ​ថ្ងៃ​នេះ​ កញ្ញា​ធ្វើ​បាន​ច្រើន​ បើ​ប្រៀប​នឹង​ប្រលង​លើក​ទី​មួយ​ ហើយ​ លើក​ទីពីរ​នេះ​យុវតី​រូប​នេះ​សង្ឃឹម​ច្រើន​ព្រោះ​មាន​បទពិសោធន៍​រួច​ហើយ។

 

ស្រីតី​ប្រាប់​បន្ត​ថា៖ ”ខ្ញុំ​ធ្វើ​បាន​ប្រហែល​៧០%​ទៅ​៨០%​ ហើយ​មិន​សូវ​ភ័យ​ប៉ុន្មាន​ទេ។ លើក​មុន​ខ្ញុំ​ភ័យ​ឡើង​ញ័រ​ជើង​ សរសេរ​អី​ក៏​អត់​កើត​ដែរ។ វិញ្ញាសា​ប្រលង​លើក​ទី​មួយ​ និង​ទី​ពីរ​គឺ​ខុស​គ្នា​ដាច់។ ការ​ប្រឡង​លើក​ទី​ពីរ​នេះ​ ​មុខវិជ្ជា​គណិត​លំបាក​ជាង​គេ​សម្រាប់​ខ្ញុំ។ មិនមែន​មុខ​វិជ្ជា​គណិត​លំបាក​ទេ អាច​ថា​មក​ពី​ខ្ញុំ​ខ្សោយ​គណិត​ខ្លួន​ឯង​ ម្យ៉ាង​ក្នុង​បន្ទប់​អត់​មាន​អ្នកចេះ​ អ្នក​ចេះ​ពីមុន​គេជាប់​អស់​ហើយ។ ប្រលង​លើក​នេះ​វិញ្ញាសា​រៀង​ធូរ​ជាង​លើក​ទីមួយ។ ខ្ញុំ​ប្រលង​ធ្លាក់​លើក​មុន​មក​ពី​តឹង​ពេក​ ហើយ​មិន​បាន​ត្រៀម​លក្ខណៈ​រៀន​ត្រៀម​ជា​មុន​ តែ​លើក​នេះ​ខ្ញុំ​ប្រឹងប្រែង​ព្រោះ​មិន​ចង់​ធ្លាក់​ម្តង​ទៀត​ឡើយ”។

 

-អត្ថបទពាក់ព័ន្ធ៖ ៦​រឿង​ប្លែក​ៗ ​​​ថ្ងៃ​ប្រលង​បាក់​ឌុប​លើក​​ទី​២

 

សម្រាប់​កញ្ញា​ ស្រីវួច​ សិស្ស​រៀន​នៅ​វិទ្យាល័យ​ទួល​អម្ពិល​ ត្រូវ​មក​ប្រលង​មណ្ឌល​ព្រះ​យុគន្ធ​ដែរ​ ប្រាប់​ថា​ រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ប្រលង​នេះ​ ស្រីវួច​សង្ឃឹម​តិច​ណាស់​ថា​ជាប់។

 

ស្រី​វួច​ថា៖ ”មុខ​វិជ្ជាគណិត​លំបាក​ណាស់​ ធ្វើ​មិន​បាន​ទេ​ តែ​ចេះ​តែ​សរសេរ​ឲ្យ​តែ​ពេញ​ៗ​ទៅ​កុំ​ឲ្យ​ទុក​ក្រដាស​ស​ទៅ​គ្រូ​ តែ​បើ​ថា​ត្រូវ​ហើយ​ជាប់​ដូច​គ្មាន​សង្ឃឹម​ឡើយ”។

 

ចំពោះ​យុវ​សិស្ស​រៀន​នៅ​សាលា​ប៊ែលធី​ ឈ្មោះ​សត្យា​ និយាយ​ថា៖ “ក្នុង​អំឡុង​ពីរ​ថ្ងៃ​នេះ​ ខ្ញុំ​ធ្វើ​បាន​ច្រើន​គួរ​សម។ មុខ​វិជ្ជា​គីមី​ និង​គណិត​លំបាក​ជាង​គេ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ធ្វើ​អត់​បាន​សោះ។ ការ​ប្រលង​នៅ​តែ​តឹង​ធ្វើ​ឲ្យ​ខ្ញុំ​សង្ឃឹម​តិច​ណាស់​ថា​ជាប់”។

 

កញ្ញា​ម៉ាឡា​មក​ពី​វិទ្យាល័យ​ទួល​អំពិល​និយាយ​ថា៖ ”មុន​មក​ប្រលង​ខ្ញុំ​គិត​រួច​ហើយ​ថា​គ្មាន​សង្ឃឹម។ វិញ្ញាសា​អត់​សូវ​លំបាក​ទេ​ តែ​ពិបាក​រឿង​តឹង​តែ​ម្ដង។ ខ្ញុំ​ធ្វើ​បាន​ច្រើន​គួរ​សម​លើ​មុខ​វិជ្ជា​ប្រវត្តិ​ និង​ខ្មែរ​ ក្រៅ​ពី​នោះ​ធ្វើ​បាន​តិចណាស់។ ខ្ញុំ​សង្ឃឹម​តែ​២០​%​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រលង​លើក​ទី​ពីរ​នេះ”។

 

ការ​ប្រលង​បាក់ឌុប​មាន​បេក្ខជន​ ៦៧០០០​នាក់​ ដោយ​ចែក​ជា​១១៧​មណ្ឌល។ ចំណែក​លទ្ធផល​ប្រលង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៤៕

 

-​ធ្លាយ​បេក្ខជន​​ជិត​​១​ម៉ឺន​នាក់​ ​បោះ​បង់​​ចោល​ប្រលង​បាក់​ឌុប​​លើក​​ទី​២​ ​​

 

អត្ថបទ៖ លឹម សុនា

មតិយោបល់