- 2016-06-03 17:25:40
- ការអប់រំ
ត្រឹមម្នាក់១០០រៀល សិស្សក្រីក្រច្រើននាក់នឹងទទួលបានការអប់រំល្អ
- 2016-06-03 17:25:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមម្នាក់១០០រៀល សិស្សក្រីក្រច្រើននាក់នឹងទទួលបានការអប់រំល្អ
ចន្លោះមិនឃើញ
អង្គការដើម្បីភាពញញឹមនៃកុមារ បានបើកយុទ្ធនាការ នៃគម្រោងប្រមូលថវិកា Mission Muoy Roy កាលពីម្សិលមិញ។ គម្រោងនេះប្រជាជនខ្មែរគ្រប់រូប គ្រាន់តែបរិច្ចាគប្រាក់ ១០០ រៀលប៉ុណ្ណោះ នឹងអាចជួយឱ្យកុមារ និងយុវជនក្រីក្រកម្ពុជាច្រើននាក់ ទទួលបានការអប់រំទូទៅល្អដូចសិស្សដទៃដែរ។
លោក ពិន សារ៉ាពេជ្រ នាយកផ្នែកកម្មវិធីរបស់អង្គការនេះ បានថ្លែងថា ពលរដ្ឋគ្រប់រូបអាចបរិច្ចាគថវិកា តាមលទ្ធភាពរបស់ខ្លួន មិនថា ១០០ រៀលឬប៉ុន្មាននោះទេ៖ “Mission Muoy Roy យើងសំដៅលើក្រដាស ១០០ ...ប៉ុន្តែគាត់ចង់ដាក់ប៉ុន្មានក៏បានដែរ..."។
លោកសង្កេតឃើញថា ភាគច្រើនក្រដាស ១០០ រៀល មិនត្រូវបានគេជាប្រើប៉ុន្មានឡើយ ដូចជាត្រូវគេទុកចោលនៅក្នុងហោប៉ៅ ថតតុ និងកន្លែងផ្សេងៗទៀត។ លោកសង្កត់ធ្ងន់ថា៖ "យើងយកក្រដាស ១០០ មកប្រើជាប្រយោជន៍សង្គម។ ការជួយតិចតួច ផ្ដល់នូវលទ្ធផលធំ។ នេះជាគោលបំណងធំរបស់យើង"។
កម្មវិធី Mission Muoy Roy នេះជាគំនិតផ្ដួចផ្ដើមរបស់លោក Laurent Notion ជនជាតិបារាំង សហការជាមួយអង្កការ PSE។ ក្នុងសន្និសីទកាសែត កាលពីម្សិលមិញ លោក Laurent នាយកគ្រប់ក្រុមហ៊ុន Brain Communication រូបនេះថ្លែងថា៖ "ប្រាក់បន្តិចបន្តួចរបស់អ្នក នឹងផ្លាស់ប្ដូរជីវិតច្រើននាក់"។
សប្បុរសជនអាចបរិច្ចាគប្រាក់ តាមរយៈប្រអប់ Mission Muoy Roy ចំនួន ៦០ ប្រអប់របស់អង្គការ PSE នៅភ្នំពេញ និងសៀមរាប ដែលមានដាក់នៅក្នុងផ្សារទំនើប និងព្រលានយន្តហោះជាដើម។ ចំពោះអ្នកនៅតាមបណ្ដាខេត្ត អាចបរិច្ចាគតាមប្រអប់ Pay & Go ចំនួន ២០០ ប្រអប់ទូទាំងប្រទេស និងភ្នាក់ងារវេលុយ Wing ដោយគេមិនគិតសេវាឡើយ។ ថវិកាប្រមូលបាន នឹងចូលក្នុងអង្គការ PSE ទាំងអស់ ដើម្បីបន្តជួយផ្នែកអប់រំដល់កុមារ និងយុវជនកម្ពុជា។
PSE បង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ១៩៩៦។ អង្គការមានកម្មវិធីចំនួន ៦ ហើយដូចជា៖ ១. ផ្ដល់អាហារកុមារ និងយុវជន ២. ជួយព្យាបាលកុមារ យុវជនក្នុងសហគមន៍ ៣. ជួយកុមារដោយការជួញដូរ និងបញ្ហាសង្គមផ្សេងៗ ៤. កម្មវិធីធ្វើឱ្យកុមារ យុវជនចូលរៀនឱ្យបានច្រើន ៥. កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៦. ការជួយគ្រួសាររបស់កុមារ និងយុវជន
បច្ចុប្បន្នសិស្ស PSE មានចំនួន៦៦០នាក់កំពុងសិក្សា ហើយជាង ៤ ពាន់នាក់ បានចេញបម្រើការងារក្នុងសង្គម ហើយពួកគេជាធនធានមនុស្ស និងជាអ្នកស្វែងរកកញ្ចប់ជូនសេដ្ឋកិច្ចប្រទេស។
គម្រោងប្រមូលថវិកាជួយកុមារ យុវជនកម្ពុជានេះ មានរយៈពេល ១០០ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៦ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦៕
ចុចអាន៖ ប្រាក់ជិត២ម៉ឺនដុល្លារជូនគន្ធបុប្ផាពីក្លឹបអ្នកជិះកង់ដើម្បីសហគមន៍
អត្ថបទ៖ អ៊ុំ សុភក្តិ