- 2016-09-17 17:05:44
- ការអប់រំ
យុវសិស្ស ភោគ ច័ន្ទរិទ្ធីសក្ដិ ប្រាប់វិធីសាស្ត្រត្រៀមខ្លួនមុនប្រឡងបាននិទ្ទេស A
- 2016-09-17 17:05:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវសិស្ស ភោគ ច័ន្ទរិទ្ធីសក្ដិ ប្រាប់វិធីសាស្ត្រត្រៀមខ្លួនមុនប្រឡងបាននិទ្ទេស A
ចន្លោះមិនឃើញ
យុវជន ភោគ ច័ន្ទរិទ្ធីសក្ដិ សិស្សនិទ្ទេស A លំដាប់ពិន្ទុ 99.881ឆ្នាំ២០១៦ ប្រលងនៅមណ្ឌលវិទ្យាល័យ ស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ដើម្បីជាការចែករំលែក យុវជនរូបនេះបានប្រាប់ពីបទពិសោធន៍នៃការសិក្សាផ្ទាល់ខ្លួន ។
យុវជន ភោគ ច័ន្ទរិទ្ធីសក្ដិ
យុវសិស្សភោគ ច័ន្ទរិទ្ធីសក្ដិមកពីវិទ្យាល័យបាក់ទូក បានរៀបរាប់ប្រាប់ថា មុនទទួលបានជោគជ័យដូចខាងលើនោះ រូបគេបានត្រៀមខ្លួនរួចរាល់ ដោយបែងចែកជាបីដំណាក់កាលសំខាន់ៗមុនពេលប្រលងគឺ៖
*** មុនពេលប្រលង១ឆ្នាំ៖ រៀនគួរនៅសាលា។ ចំណាយពេលបីម៉ោងរៀនជាប្រចាំថ្ងៃ។ *** ១ខែមុនពេលប្រលង៖ មិនសម្រុករៀនខ្លាំងទេ ដោយទៅចំណាយពេលប្រឹងរៀនមុខវិជ្ជាណាដែលខ្លួនគិតថាខ្សោយ។ *** ១ថ្ងៃមុនប្រលង៖ សម្រាក ថែទាំសុខភាព ដូចជា សម្រួលអារម្មណ៍ ស្ដាប់ចម្រៀង និងសមាធិដើម្បីបំបាត់អារម្មណ៍ភ័យឲ្យអារម្មណ៍ស្រស់ស្រាយមុនពេលប្រលង។
សម្រាប់មុខវិជ្ជាសំខាន់ៗ មួយចំនួនដូចជា គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា យុវសិស្សនិទ្ទេស A លំដាប់ពិន្ទុ 99.881រូបនេះ បានប្រាប់ពីបទពិសោធន៍រៀនរបស់ខ្លួនថា៖
គណិតវិទ្យា៖ រៀនស៊ីជម្រៅលើមេរៀននីមួយៗ ដោយយកចិត្តទុកដាក់រៀនពីលោកគ្រូអ្នកគ្រូឲ្យចប់មេរៀននីមួយបានលម្អិតច្បាស់។ ក្រៅពីនោះ ទិញឯកសារផ្សេងៗពីសាលា ឬបណ្ណាគារដើម្បីស្វ័យសិក្សាបន្ថែម។ គីមីវិទ្យា៖ ឧស្សាហ៍ធ្វើលំហាត់ ឧស្សាហ៍គណនាលេខដើម្បីកុំឲ្យភ្លាត់នៅពេលប្រលង។ ជីវវិទ្យា៖ ទន្ទេញមេរៀន ដោយចងចាំជារូបភាពតាមរយៈការយល់ពីដំណើរការរបស់វា។ ភាសាខ្មែរ៖ អានសៀវភៅឲ្យបានច្រើន ជាពិសេសសៀវភៅសំណេរ ឲ្យមានគំនិតទូលំទូលាយ ដោយស្វែងយល់ពីការប្រើប្រាស់ពាក្យពេចន៍ របៀបសរសេរពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យបានក្បោះក្បាយ។ សម្រាប់ការប្រលងសំណេរតែងសេចក្ដី យុវជន រិទ្ធីសក្ដិបានណែនាំឲ្យ អានប្រធានបទឲ្យយល់ច្បាស់ និងចំណាយពេល ព្រាងគំនិតត្រួសៗនូវចំណុចដែលត្រូវសរសេរដើម្បីឲ្យអត្ថបទសំណេរមានភាពទាក់ទាញ។
នាថ្ងៃអនាគត អតីតសិស្សមកពីវិទ្យាល័យបាក់ទូករូបនេះ ប្រាប់ថាខ្លួនចង់ចាប់ជំនាញវិស្វកម្មបច្ចេកវិទ្យា ជាផ្នែកមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រ។ ចំពោះហេតុផលដែលធ្វើឲ្យយុវសិស្សនិទ្ទេសAរូបនេះ ចាប់អារម្មណ៍លើបច្ចេកវិទ្យា គឺដោយសារការយល់ឃើញរបស់ខ្លួនថា មនុស្សជាច្រើនពឹងផ្អែកច្រើនលើឧបករណ៍អេឡិចត្រូនិក ហើយរំពឹងថាប្រទេសកម្ពុជានឹងមានអ្នកជំនាញខាងវិស័យនោះ៕
ចុចអាន៖ មិនមែនចៃដន្យដែល ង៉ូវ ជីហ័រ បាននិទ្ទេស A តែជាការគ្រោងទុក
អត្ថបទ៖ មាន រតនា