• 2017-01-07 07:22:57
  • ការអប់រំ

សិស្ស​និទ្ទេស A​ពីរនាក់ មក​ពី​វិទ្យាល័យ​ជាស៊ីម​តាកែវ​ ទើប​ទទួល​រង្វាន់​ម៉ូតូ​ ម្នាក់​១គ្រឿង

  • 2017-01-07 07:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ពូកែ​និទ្ទេស A ​​​​ប្រចាំឆ្នាំ ២០១៥-២០១៦ ពីរនាក់​មកពីវិទ្យាល័​​​យ​ជាស៊ីម​តាកែវ​បាន​ទទួលរង្វាន់​ម៉ូតូ​ម៉ាក Honda Waveម្នាក់​១​គ្រឿង​ តាម​ការ​សន្យា​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត។ ពិធីនេះ​ប្រារព្ធ​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី ០៥ ខែ​មករា ២០១៧ កន្លងទៅ​នេះ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ​ដោយ​មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស មាតា-បិតា ព្រមទាំង​លោកគ្រូ-អ្នកគ្រូ ជាច្រើន​មក​ពី​វិទ្យាល័យ​ជា​ស៊ីម​តាកែវ។

មុត វុត្ថា​ បេក្ខជន​និទ្ទេស​A​តែ​ម្នាក់គត់​ដែល​មាន​លំដាប់​ពិ​ន្ទុ​៩៩.៩៥៤ ជាពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​និទ្ទេស​Aទាំង​១១ នាក់ ប្រចាំ​ខេត្ត​តាកែវ​បាន​ប្រាប់ Sabayថា៖ “ខ្ញុំ​មាន​អារម្មណ៏​រំភើប​ណាស់​ដោយ​បាន​ឃើញ​លោកគ្រូ-អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​មកចូលរួម​អបអរ​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​បាទ​យ៉ាង​ច្រើន​បែបនេះ។ ហើយខ្ញុំ​នឹង​បន្តខិតខំប្រឹងប្រែង​មិន​អោយ​ពួកគាត់​អស់សង្ឃឹមឡើយ​ ម្យ៉ាងទៀត​វាជា​អនាគត​របស់​ខ្ញុំផង។”

ចំណែក​បក្ខជន​និទ្ទេសAម្នាក់ទៀត លឹម ញ៉ន​លីហាក់ ដែល​មាន​លំដាប់​ពិន្ទុ ៩៩.៦០៧ ប្រាប់ថា លោក​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​នេះ។ “ទីបំផុត​ខ្ញុំ​បាន​សម្រេច​បំណង​ឪពុក-ម្តាយ ដែល​តែង​ស្រម័យ​ឃើញ​ខ្ញុំ​ទទួល​បាន​លទ្ធផល​ល្អ​បែបនេះ។ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​មួយ​រូប​ឥឡូវ​បាន​បន្ត​ប្រលង​ចូល​រៀន​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ឆ្នាំទី ១ រយៈពេល​ ២ខែ​ហើយ”។ លីហាក់​បញ្ជាក់។

សូម​បញ្ជាក់ថា នេះ​ជា​ការ​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ចុង​ក្រោយ​បំផុត​ដល់​បក្ខជន​និទ្ទេស A​ទាំងពីរ​នាក់​ក្នុង​ក្រុង​ដូនកែវ ក្នុង​ចំណោម​បេក្ខជននិទ្ទេសA ទាំង១១​នាក់ប្រចាំ​ខេត្តតាកែវ។

អត្ថបទៈជិន វេន

រូបថតៈទូរសព្ឌដៃ

មតិយោបល់