• 2017-03-06 01:39:41
  • ការអប់រំ

ប្រព័ន្ធ​អប់​រំ​សំខាន់​៣​​ ដែល​យុវជន​​ត្រូវ​​​មាន ដើម្បី​ជីវិត​ជោគ​ជ័យ​​

  • 2017-03-06 01:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​បុគ្គល​ដែល​បាន​​​តស៊ូ​​ក្នុង​ជីវិត​​ពី​មាន​​​ជីវភាព​ក្រ​​ខ្សត់​ ​រហូត​ក្លាយ​ជា​អ្នក​ជំនួញ​​ដ៏​ជោគ​ជ័យ​មួយ​រូប​​ ​លោក​សោម​ ​សម្បត្តិ​បាន​និយាយ​​ថា​​ដើម្បី​អោយ​យុវជន​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត​​គឺ​​លុះ​ត្រាតែ​​ពួក​គេ​ទទួល​បាន​ប្រព័ន្ធ​អប់​រំ​​សំខាន់​បី​ជា​មុន​សិន​។​ ​ការ​លើក​ឡើង​​បែប​នេះ​គឺ​​ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បាន​អញ្ជើញ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ "អាថ៌កំបាំង​នៃ​ការ​ធ្វើ​ខ្លួន​ឯង​​អោយ​​មាន​តម្លៃ​" ដែល​រៀប​ចំ​ឡើង​ដោយ​ សមាគម​អ្នក​មាន​អាជីព​ផ្នែក​លក់​នៅ​កម្ពុជា នៅ​​ឯមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​​​ កាល​ពី​ថ្ងៃ​ទី​ ៤​ មីនា​ ២០១៧​។​​​​​

១​ ចំណេះ​ដឹង​ទូទៅ

អគ្គ​នាយក​នៃ​​សហគ្រាស​ថ្នាំ​ពណ៌​ជាតិ Cam-Paint​​​ រូប​នេះ​បាន​​អោយ​ដឹង​ថា​​ ចំណេះ​ដឹង​ទូទៅ រឺ ​​Academic Education​ គឺ​សំដៅ​ទៅ​លើ​ចំណេះ​ដឹង​​​ទាំង​ឡាយ​ណា​ដែល​ទទួល​បាន​ពី​សាលារៀន​ រឺ​ គ្រឹះ​ស្ថាន​អប់​រំ​នានា​​។​ ​ជា​ការ​ចាំ​បាច់​ណាស់​ដែល​​មនុស្ស​​ម្នាក់​ៗ​ត្រូវ​​មាន​ចំណេះ​ដឹង​​ជា​មូលដ្ឋាន​​ តាម​រយៈ​ការ​​អាច​អាន​ និង ​សរសេរ​​បាន​។​ ព្រោះ​ថា​ប្រការ​នេះ​នឹង​​​អាច​ធ្វើ​អោយ​​យុវជន​​រួច​ផុត​ពី​អនក្ខរភាព​។​

២​ ជំនាញវិជ្ជា​ជីវៈ​

លោក​សោម​ សម្បត្តិ​ បាន​​ពន្យល់​​ថា​ ការ​​មាន​ត្រឹម​​តែ​ចំណេះ​ដឹង​​ក្នុង​សាលា​រៀន​មួយ​មុខ​​​ ក៏​ពុំ​ទាន់​គ្រប់​គ្រាន់​សម្រាប់​ជីវិត​ជោគជ័យ​នោះ​​ដែរ​។​ គេ​ត្រូវ​មាន​ជំនាញ​មួយ​ច្បាស់​លាស់​​ដែលអាចប្រើ​ការ​បាន​ ទើប​អាច​ចាប់​យក​​អាជីព​មួយ​ពិត​ប្រាកដ​​សម្រាប់​ចិញ្ចឹម​ជីវិត​ ក៏​ដូច​ជា​ជួយ​ដល់​​សង្គម​​។​ លោក​បាន​លើក​​ជា​ឧទាហរណ៍​ផ្ទាល់​ខ្លួន​ថា​ ​ជា​ការ​​ពិត​លោក​​រៀន​បាន​​ត្រឹម​ថ្នាក់​ទី​៦​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​សារ​ការ​ខំ​ប្រឹង​រៀន​ផ្នែក​​ជំនាញវិជ្ជា​ជីវៈ​ ទី​បំផុត​លោក​អាច​រៀនចេះ​​រហូត​​ដល់​៣​ភាសា​។​​​​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​បាន​រៀន​ជំនាញ​ខាង​​ផ្នែកផលិត​ថ្នាំ​លាប រហូត​​ឈាន​ដល់​ការ​បើក​សហគ្រាស​ និង ទទួល​បាន​ជោគ​ជ័យ​លើ​មុខ​ជំនួញ​នេះ​ទៀត​ផង​។​​​​

៣​ ចំណេះ​ដឹង​ហិរញ្ញវត្ថុ

អ្នក​ជំនួញ​ផ្នែក​ថ្នាំ​ពណ៌​រូប​នេះ​​ ​បាន​​បន្ត​​ថា​​ ចំណេះ​ដឹង​ផ្នែក​​ហិរញ្ញវត្ថុ​​គឺ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​​បាន​​មើល​​រំលង។​ លោក​បាន​បញ្ជាក់​ថា​ នៅ​ពេល​ដែល​​យុវជន​មិន​ទាន់​មាន​ចំណេះ​ដឹង​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​ចំណាយ​​របស់​ខ្លួន​​នោះ​ទេ​​ ​គឺ​ពួក​គេ​មិន​ងាយ​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​​នោះ​ឡើយ​​។ ​ពួក​គេ​ត្រូវ​តែ​​ខិត​ខំ​រៀន​សូត្រ​លើ​​ការ​គ្រប់​គ្រង​ផ្នែក​ហិរញ្ញ​វត្ថុ​នេះ​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​មាន​តុល្យភាព​នៃ​​ផ្នែក​ហិរញ្ញវត្ថុ​​ពេល​បើក​​របរ​រក​ស៊ី​​​​ ​ហើយ​​ជា​ពិសេស​​គឺ​អាច​ចៀស​ផុត​ពី​​បំណុល​វ័ណ្ឌក​។​​ ​លោក​​បាន​ណែនាំ​​អោយ​យុវជន​​​គួរ​តែ​​អាន​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ "កំពូល​អ្នក​មាន​នៅ​​ទី​ក្រុង​បា​ប៊ី​ឡោន"​ រឺ The Richest man in Babylon ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ល្អៗលើ​ផ្នែក​នេះ​បន្ថែម​។​​​

អត្ថបទ៖ ចន្ថា

មតិយោបល់