• 2017-03-27 02:31:52
  • ការអប់រំ

វេទិកា​​ប្រកួត​​វោហាស័ព្ទ​សាធារណៈ​ និង​​អ្នក​តស៊ូ​មតិ (JCI) បង្ហាញ​សមត្ថភាព​យុវជន​ ដោះ​ស្រាយ​​បញ្ហា​នានា​

  • 2017-03-27 02:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភា​យុវពាណិជ្ជករ​អន្តរជាតិ​ (JCI) កម្ពុជា​នឹង​រៀប​ចំ​ វេទិកា​ប្រកួត​​ប្រជែង​​ពាន​រង្វាន់​វោហាស័ព្ទ​ ជា​សាធារណៈ​ និង​អ្នក​តស៊ូ​មតិ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧​​ នា​ថ្ងៃ​ទី​១​ មេសា ខាង​មុខ​នេះ​ ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៥​រសៀល​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​កម្ពុជា​ ក្រោម​អធិបតី​​​​របស់​ ឯកឧត្តម​ បណ្ឌិត ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា។

ការ​ប្រកួត​​ប្រជែង​ខាង​លើ​នឹង​ធ្វើ​ឡើង​ គឺ​ដើម្បី​​ជ្រើស​រើស​បេក្ខជន​ទៅ​ចូល​រួម​​ការ​ប្រកួត​ថ្នាក់​​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​ម៉ុងហ្គោលី នា​​ខែ​ មិថុនា ឆ្នាំ​២០១៧​ ខាង​មុខ។

តាម​ការ​ឲ្យ​ដឹង​ពី​​លោក​ ហេង ហួន​ ប្រធាន​សាខា​ចតុមុខ​នៃ​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា បាន​​និយាយ​​ថា៖" ខ្ញុំ​​មាន​សេចក្តី​រីក​រាយ​បំផុត​​ដោយ​យើង មាន​បេក្ខជន​កាន់​តែ​ច្រើន​ជាង​មុន​មក​ចូល​​រួម​​ប្រកួត​នៅ​ឆ្នាំ​នេះ ហើយ​ម្នាក់​ៗ​សុទ្ធ​តែ​​មាន​សមត្ថភាព​ខ្ពស់​ទាំង​ចំណេះ​ដឹង​ទូទៅ ក៏​ដូច​ជា​សមត្ថភាព​ភាសា​អង់គ្លេស"។

អ្នក​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​ គឺ​មក​ពី​​គ្រឹះស្ថាន​សិក្សា​នានា​ក្នុង​ប្រទេស​កម្ពុជា ហើយ​​មាន​បេក្ខជន​​មួយ​ចំនួន​ គឺ​ចូល​រួម​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ដោយ​មិន​មាន​តំណាង​​ឲ្យ​ស្ថាប័ន​​មួយ​ណា​ឡើយ​។ នា​​ថ្ងៃ ១​មេសា ខាង​មុខ​នេះ បេក្ខជន​ឆ្នើម​ ៨​ក្រុម ដែល​ក្នុង​១​ក្រុម​មាន​សមាជិក​​៣​នាក់ តំណាង​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ នឹង​ប្រកួត​ប្រជែង​តស៊ូ​មតិ​​​លើក​ទី​៧​នោះ។ ដោយ​ឡែក​បេក្ខជន​ ១០​រូប​ទៀត ជា​បេក្ខជន​ឯករាជ្យ​ នឹង​ប្រកួត​ផ្នែក​វោហាស័ព្ទ​ជា​សាធារណៈ​​ក្នុង​ឆ្នាំ​ទី​៤ របស់ JCI ។

សម្រាប់​ប្រធាន​បទ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ គឺ​និយាយ​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចរីភាព​សហស្សវត្ស​នៃ​អង្គការ​សហប្រជាជាតិ​ (United Nation Sustainable Development Goals) ដែល​​ផ្តោត​សំខាន់​លើ​បញ្ហា​ស៊ី​ជម្រៅ​ដូច​ជា​ ការ​កាត់​បន្ថយ​ភាព​​ក្រី​ក្រ បរិស្ថាន និង​ការ​អប់រំ​ជា​ដើម​។ បេក្ខជន​​​ដែល​ប្រកួត​ប្រជែង​នឹង​បង្ហាញ​សមត្ថភាព​ពួក​គេ​ ក្នុង​ការ​ត្រិះ​រិះ​ និង​វិធី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​។

ថ្លែង​ក្នុង​​​សន្និសីទ​សារព័ត៌មាន​​​ស្តី​ការ​ប្រកួត​ពាន​រង្វាន់ ខាង​លើ អ្នក​ស្រី​ ជា​ សុផល្លា ជា​ប្រធាន​សភា​យុវពាណិជ្ជករ​អន្តរជាតិ​ (JCI) កម្ពុជា​ បាន​លើក​ឡើង​ថា យុវជន​ដែល​ចូល​រួម​វេទិកា​ខាង​លើ​នេះ គឺ​មាន​ភាព​ក្លាហាន ហ៊ាន​​​បញ្ចេញ​មតិ​យោបល់ ដេញ​ដោល​​​​លើ​ប្រធាន​បទ​ពាក់​ព័ន្ធ សម្រាប់​ការ​ដោះ​ស្រាយ​​​លើ​បញ្ហា​​កើត​មាន​ក្នុង​សហគមន៍​របស់​ពួក​គេ ឬ​ការ​អភិវឌ្ឍ​សង្គម​ជាតិ អន្តរជាតិ។ អ្នក​ស្រី​បន្ត​ថា យុវជន​កម្ពុជា​​ បើ​ប្រៀប​ធៀប​នឹង​យុវជន​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ គឺ​ពួក​គេ​មាន​សមត្ថភាព​​មិន​ចាញ់​គ្នា​នោះ​ទេ ទាំង​ចំណេះ​ដឹង និង​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​ តែ​យ៉ាង​ណា​មិញ​អ្នក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​បេក្ខជន​​កម្ពុជា​ចូល​រួម​ប្រកួត​ទាំង​អស់​ ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង និង​មិន​គួរ​មើល​ងាយ​សមត្ថភាព​គូ​ប្រកួត​នោះ​ឡើយ។​​​

អ្នក​ស្រី​ ជា​ សុផល្លា ប្រធាន​សភា​យុវពាណិជ្ជករ​អន្តរជាតិ​ (JCI) កម្ពុជា​ (អាវព័ណ៌ស្វាយ)

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​​២០១៥ កន្លង​ទៅ​​យុវតី តារា​ រ័ត្ន​ ជា​បេក្ខជន​​ប្រកួត​​វោហា​ស័ព្ទ​ ជា​សាធារណៈ​ តំណាង​ប្រទេស​កម្ពុជា បាន​ទទួល​ជ័យលាភី​នៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​​នៅ​ ក្នុង​កាណាហ្សាវ៉ាក​ប្រទេស​ជប៉ុន ដោយ​មាន​បេក្ខជន​​ពី​៤​តំបន់​អឺរ៉ុប អាហ្វ្រិក អាមេរិក និង​អាស៊ីបាស៊ីហ្វិក​ចូល​រួម​។

នេះ​ជា​ឆ្នាំ​ទី​៧​ហើយ​ ដែល​សភាយុវពាណិជ្ជករ​អន្តរ​ជាតិ​កម្ពុជា​រៀប​ចំ​ ឲ្យ​មាន​វេទិកា​​ប្រកួត​ប្រជែង​ផ្នែក​ តស៊ូ​មតិ​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ឆ្នាំ​ទី​៤ ដែល​វេទិកា​ប្រកួត​ប្រជែង​វោហាស័ព្ទ​ ជា​សាធារណៈ​​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​និស្សិត​ និង​មហាជន​ផ្សេង​ៗ​៕

អត្ថបទ៖ មាន រតនា

មតិយោបល់