- 2017-04-05 04:14:24
- ការអប់រំ
ស្រឡាញ់ភេទដូចគ្នា តើមានកំហុសអត់?
- 2017-04-05 04:14:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់ភេទដូចគ្នា តើមានកំហុសអត់?
ចន្លោះមិនឃើញ
ការស្រលាញ់ភេទដូចគ្នាគឺជាបញ្ហាមួយដែលបានកើតឡើងនៅក្នុងសង្គមសម័យថ្មីនេះ ហើយបានរាលដាលជាបញ្ហាពិភពលោកទៀតផង។ បញ្ហានេះក៏មានភាពចម្រូងចម្រាសខ្លាំងណាស់ដែរ រវាងអ្នកការពារសិទ្ធមនុស្ស និង ក្រុមអ្នកអភិរក្សនិយមផងដែរ។ តើការស្រឡាញ់ភេទដូចគ្នាមានកំហុសដែររឺទេ?
បើតាមទស្សនៈរបស់យុវជនធារ៉ាដែលជាអ្នកជំនាញខាងថតរូបម្នាក់បានយល់ឃើញថា ការស្រឡាញ់ភេទដូចគ្នារវាង ប្រុស និង ប្រុស រឺ ស្រី និង ស្រី គឺជាសិទ្ធសេរីភាពរបស់ពួកគាត់។ យុវជនរូបនេះបានបន្ថែមទៀតថា លោកក៏ធ្លាប់បានឃើញមនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នាផងដែរ។ ចំពោះបុរសប្រភេទទីមួយគឺពួកគាត់មានរូបរាងដូចបុរសធម្មតាដែរ ដោយមានសាច់ដុំធំៗ ខ្ពស់ស្រឡះ ប៉ុន្តែជាមនុស្សបែបចរិតសាំញ៉ាំ ឆាប់ខឹង ឆាប់ប្រកាន់ច្រើនដូចជាមនុស្សស្រីដែរ។ ជាពិសេសគឺចូលចិត្តតែនិយាយរកប្រុសៗ ជាជាងនិយាយលេងជាមួយស្រីៗ។ ចំពោះក្រុមមនុស្សប្រុសប្រភេទទី២វិញគឺ មានឫកពាម្ញ៉ិកម្ញ៉ក់ លេងសើចច្រើន សំដីប្រាវៗ ចូលចិត្តលេងម៉ូដសក់ ចោះក្រវិល និង ស្លៀកពាក់បែបយុវវ័យទាន់សម័យជាដើម។
ស្រដៀងគ្នានេះដែរ លោក វ៉ាន់ ស៊ីដារ៉ូ ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់មួយរូបនៅសកលវិទ្យាល័យនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ចបានថ្លែងថា ការស្រឡាញ់ភេទដូចគ្នាគឺជារឿងមួយដែលមិនអាក្រក់ ហើយក៏មិនល្អខ្លាំងពេកនោះដែរ។ លោកបន្តថា តាមពិតទៅគឺពុំមានអ្នកណាម្នាក់ចង់កើតមកក្លាយជាមនុស្សបែបនេះនោះឡើយ ប៉ុន្តែដោយសារតែធម្មជាតិបានផ្ដល់អោយពួកគាត់នូវលក្ខខ័ណ្ឌបែបនេះ ទើបតម្រូវអោយពួកគាត់ស្ថិតក្នុងស្ថានភាពបែបនេះ។ លោកបានបន្តថា នៅឯប្រទេសជឿនលឿនគឺគេបានយល់ពីរឿងនេះ ហើយក៏បានផ្ដល់សិទ្ធិសេរីភាពពេញលេញអោយពួកគាត់ ដើម្បីកសាងផ្លូវជីវិតរបស់ខ្លួនផងដែរ តាមរយៈការអនុញ្ញាតអោយពួកគាត់អាចរៀបការស្របតាមផ្លូវច្បាប់បានទៀតផង។
ងាកមកកញ្ញា សំ សូដា ជានិស្សិតផ្នែកគណនេយ្យនៃសកលវិទ្យាល័យធនធានមនុស្សបានអោយដឹងថា ការស្រលាញ់ភេទដូចគ្នាគឺមិនមែនជាកំហុសនោះឡើយ។ កញ្ញាបន្តថា តាមពិតវាគ្រាន់តែជាអារម្មណ៍នៃលក្ខណៈធម្មជាតិរបស់ពួកគាត់តែប៉ុណ្ណោះ ដែលពួកគាត់បានកើតមកមិនមានភាពប្រក្រតី ជាមនុស្សប្រុស រឺ មនុស្សស្រីពេញលក្ខណៈដូចអ្នកដទៃ។ កញ្ញាសូដាបាននិយាយទៀតថា ការស្រលាញ់ភេទដូចគ្នាគឺជាសិទ្ធសេរីភាពផ្ទាល់របស់ពួកគាត់ក្នុងការជ្រើសរើសជោគវាសនារបស់ខ្លួន។ អ្វីដែលសំខាន់នោះគឺកុំអោយតែពួកគាត់ទៅប្រព្រឹត្តបទល្មើស រឺ អំពើមិនស្របច្បាប់ក្នុងសង្គមទៅគឺបានហើយ។ តាមការសង្កេតរបស់កញ្ញាវិញ បានអោយដឹងថាចំពោះមនុស្សស្រីដែលស្រលាញ់ភេទដូចគ្នា ភាគច្រើនពួកគាត់គឺជាមនុស្សដែលចូលចិត្តស្លៀកពាក់ដូចមនុស្សប្រុស និយាយម៉ាត់ៗ មិនចូលចិត្តតុបតែងខ្លួនតាមរបៀបមនុស្សស្រី ហើយជាមនុស្សដែលលាក់ចិត្តរបស់ខ្លួនមិនអោយអ្នកដទៃដឹងងាយៗនោះទេ។
ចំណែកឯ លោក សាត សំអឿនដែលជាគ្រូបង្រៀនភាសាអង់គ្លេសមួយរូបវិញបានអោយដឹងថា ការស្រលាញ់ភេទដូចគ្នាគឺជារឿងដែលមិនខុសឆ្គង តែក៏មិនត្រូវនាំគ្នាលើកទឹកចិត្តខ្លាំងពេកនោះដែរ។ សម្រាប់លោកផ្ទាល់ វាគឺជាសិទ្ធិសេរីភាពរបស់ពួកគាត់មែន ប៉ុន្តែលោកគិតថាក៏មិនចាំបាច់បង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាក្នុងប្រទេសកម្ពុជានោះឡើយ។ លោកយល់ថា វាអាចជាការលើកទឹកចិត្តអោយមនុស្សដែលមានស្ថានភាពទាប ឈានទៅរកស្ថានភាពជោគជាំក្នុងបញ្ហានេះ។ លោកបានលើកឡើងថា អ្នកខ្លះដោយសារតែមានការអូសទាញ បានធ្វើអោយគាត់ធ្លាក់ក្នុងស្ថានភាពបែបនេះដោយងាយស្រួល ដូចជាប្រទេសជិតខាងកម្ពុជាជាដើម។ លោកបានចោទជាសំណួរថា ប្រសិនបើពិភពលោកនេះពោរពេញទៅដោយរឿងបែបនេះ តើវាសនាមនុស្សលោកនឹងទៅជាយ៉ាងណា?