
- 2017-07-07 03:04:55
- ការអប់រំ
យុវជន៣រូប បានការងារធ្វើ និងអាជីព ក្រោយចាប់យកជំនាញ
- 2017-07-07 03:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន៣រូប បានការងារធ្វើ និងអាជីព ក្រោយចាប់យកជំនាញ
ចន្លោះមិនឃើញ
យុវជនបីនាក់រួមមាន កញ្ញា ខឹក សៀប យុវតី ឃួន រដ្ឋា និងយុវជន លាំ ប្រិយ៌ សុទ្ធតែបោះបង់ការសិក្សានៅថ្នាក់អនុ និងវិទ្យាល័យ ប៉ុន្តែនាពេលនេះ ពួកគេមានការងារធ្វើ និងជំនាញពិតប្រាកដ ក្រោយចាប់យកជំនាញវិជ្ជាជីវៈផ្សេងគ្នា នៅតាមអង្គការ និងវិទ្យាស្ថាននៅកម្ពុជា។
អ្នកខេត្តសៀមរាប កញ្ញា ខឹក សៀប អាយុ ២២ ឆ្នាំ ដែលសម្រេចបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ ព្រោះគ្រួសារមានជីវភាពខ្វះខាត បានចាប់យកជំនាញវិជ្ជាជីវៈផ្នែកចុងភៅ នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា។
កញ្ញានិយាយថា ក្រោយចូលរៀនជំនាញផ្នែកចុងភៅបាន ៤ ខែ កញ្ញាបានចូលធ្វើជាបុគ្កលិកផ្នែកចុងភៅ នៅសណ្ឋាគារមួយ ក្នុងខេត្តសៀមរាម។ កញ្ញាបន្តថា ខ្លួនមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ព្រោះគិតថាខ្លួនមានឱកាសចូលធ្វើការផ្នែកនេះ ក្នុងសណ្ឋាគារលំដាប់មួយ។ ក្រោយបញ្ចប់ការសិក្សា មានទាំងបទពិសោធន៍ និងដើមទុនគ្រប់គ្រាន់ ថ្ងៃអនាគត សៀប ចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួនមួយ នៅសៀមរាបផ្ទាល់តែម្ដង។
ចំណែកយុវតី ឃួន រដ្ឋា អាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប រស់នៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ដែលទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកអគ្គិសនី តាមរយៈអង្គការ ភ្លែនអន្តរជាតិកម្ពុជា រយៈពេលបួនខែដែរនោះ បានលើកឡើងថា៖ "ខ្ញុំចាប់យកជំនាញអគ្គិសនី ខ្ញុំគិតថាជំនាញនេះ មិនសូវមានអ្នករៀន តែខ្ញុំមើលឃើញថា វាមានទីផ្សារច្រើន ហើយបន្ទាប់ពីខ្ញុំរៀនរយៈពេលបួនខែ ខ្ញុំក៏ទទួលបានការងារធ្វើ"។
គ្រួសារមានជីវភាពមិនសូវជាល្អប៉ុន្មានដូចគ្នា យុវជន លាំ ប្រិយ៌ អាយុ ២៤ ឆ្នាំ បានសម្រេចចិត្តឈប់រៀន ហើយមកចាប់ជំនាញវិជ្ជាជីវៈ ផ្នែកជួសជុលគោយន្ត តាមរយៈអង្គការខាងលើដដែល លើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សាជំនាញរយៈពេល ៤ ខែ លោកបានយកជំនាញនេះ ទៅបើកអាជីវកម្មលក្ខណៈគ្រួសារ នៅភូមិកំណើត ដែលកំពុងតែមានតម្រូវការចាំបាច់។
យុវជនរូបនេះបន្តថា៖ "ក្រោយពេលខ្ញុំបើកអាជីវកម្មលក្ខណៈគ្រួសារជួសជុលគោយន្ត ខ្ញុំទទួលប្រាក់កម្រៃសមល្មម អាចឲ្យខ្ញុំ និងគ្រួសារ មានជីវភាពធូធារជាងមុន ដោយមិនបាច់ធ្វើការចំណាកស្រុក ឫស៊ីឈ្នួលគេដូចពីមុន ហើយទៅថ្ងៃមុខ ខ្ញុំមានគោលបំណងពង្រីកកន្លែងជួលជុលគោយន្តឲ្យធំ និងអាចមានទទួលបង្រៀនកូនជាងផងដែរ"៕